ភ្នំពេញ៖ តារាស្រីសម្រស់ស្រស់សោភាកញ្ញា ស៊ិន យូប៊ីន និងកំឡោះសង្ហា ខាត់ វ៉ៃហាំង ធ្លាប់ទទួលបានការគាំទ្រនិងសរសើរជាច្រើនពីសំណាក់ទស្សនិកជនក្រោយពីពួកគេសម្តែងរួមគ្នាជាច្រើនលើកច្រើនសារ។ ដំណឹងចុងក្រោយបានទម្លាយថាអ្នកទាំងពីរកំពុងបង្កាត់ភ្លើងស្នេហ៍ក្រៅឆាកយ៉ាងផ្អែមល្ហែមរហូតមានចាស់ទុំដឹងឮផងដែរ។
តារាសម្តែង ទាំងពីររូបខាងលើបានបង្ហាញពីភាពស្និទ្ធិស្នាលប្លែកខុសពីធម្មតា ពិសេសគឺអ្នកទាំងពីរតែធ្វើដំណើរទៅណាមកណាជាញឹកញាប់ជាមួយគ្នាផងដែរ។ ប្រភពពីអ្នកសិល្បៈម្នាក់បានលើកឡើងថា តារាសម្តែងវ័យក្មេង ខាត់ វ៉ៃហាំ និងកញ្ញា ស៊ិន យូប៊ីនបានភ្ជាប់ទំនាក់ទំនងគ្នាយូរមកហើយ ពោលគឺក្រោយពួកគេបានសម្តែងរួមគ្នាជាច្រើនរឿង។ ប្រភពបញ្ជាក់ដែរថា ពន្លកស្នេហានេះបានរីកដុះកាន់តែខ្លាំងក្រោយពួកគេមានឱកាសចេញទៅសម្តែងរួមគ្នាទាំងការថតខ្សែភាពយន្ត ឈុតផ្សព្វផ្សាយពាណិជ្ជកម្មនានាជាដើម ហើយសូម្បីតែអ្នកផលិតកម្មវិធីក៏ចាត់ទុកពួកគេថាជាគូស្នេហ៍សាកសមឥតខ្ចោះនោះដែរ។ ប្រភពបន្តថា ក្នុងចង្កោមអ្នកសិល្បៈភាគច្រើនបានដឹងអំពីដំណឹងនេះ ប៉ុន្តែពួកគេក៏ព្យាយាមគេចចេញពីការចោទសួររបស់អ្នករួមអាជីព។
ទោះជាយ៉ាងណាក្នុងជំនួបផ្ទាល់កាលពីថ្មីៗនេះ អតីតFreshie Girlsចំណាត់ថ្នាក់លេខ១រូបនេះបានច្រានចោលដំណឹងខាងលើ។ ប៉ុន្តែនាងទទួលស្គាល់ថា កន្លងមកពិតជាមានការនិយាយជាច្រើនអំពីនាងនិងលោក ខាត់វ៉ៃហាំងថា បានភ្ជាប់ទំនាក់ទំនងស្នេហាក្រៅឆាកជាមួយគ្នា។ នាងបន្តថា នាងនិង ខាត់ វ៉ៃហាំង គ្រាន់តែជាដៃគូសម្តែងនៅរឿងតែប៉ុណ្ណោះ បើទោះបីជាពេលខ្លះនាងរួមដំណើរជាមួយគ្នាក៏ពិតមែនគឺមានត្រឹមតែជាមិត្តភក្តិប៉ុណ្ណោះ។
ទោះជាយ៉ាងណានាងបានសរសើរអំពីចំណុចល្អជាច្រើនរបស់ខាត់ វ៉ៃហាំង ពិសេសគឺបុរសម្នាក់នេះចិត្តល្អនិងតែងជួយយកអាសានាងពេលជួបការលំបាកមួយចំនួននោះ។ នាងបញ្ជាក់ដែរថា នៅថ្ងៃអនាគតគឺជារឿងដែលមើលមិនឃើញថានឹងមានស្នេហាឬមួយយ៉ាងណាប៉ុន្តែពេលនេះគឺមានត្រឹមជាមិត្តរួមអាជីពប៉ុណ្ណោះ។ នាងលើកឡើងដែរថា កន្លងមកអ្នកគាំទ្រពិតជាបានផ្គូរផ្គងនាងនិងលោកខាត់ វ៉ៃហាំងពិតប្រាកដមែន ប៉ុន្តែវាគឺជារឿងមិនអាចទៅរួច។ នាងបញ្ជាក់ដែរថា មិនទាន់ចង់គិតគូអំពីរឿងស្នេហានៅឡើយទេ ខណៈដែលនាងនៅមានវ័យក្មេងខ្ចីនៅឡើយ។ តារាស្រីរូបនេះសារភាពដែរថា កន្លងមកពិតជាមានបុរសមួយចំនួនបានព្យាយាមតាមស្នេហ៍ និងរំខាននាងជាញឹកញាប់រហូតដល់នាងសម្រេចចិត្តផ្លាស់ប្តូរលេខទូរស័ព្ទផងដែរ។
ការឆ្លើយរបស់នាងត្រូវបានអ្នករួមអាជីពលើកឡើងថា គឺជាការបង្វែការចាប់អារម្មណ៍ និងមិនចង់ឲ្យគេធ្វើការគាស់កកាយច្រើនជុំវិញចំណងស្នេហានេះ បើទោះបីជាក្រុមគ្រួសារទាំងសងខាងបានដឹងឮរួចមកហើយក្តី។ ប្រសិនបើអ្នកទាំងពីរក្លាយជាគូស្នេហ៍ពិតប្រាកដមែន ពួកគេនឹងអាចជាគូស្មេហ៍សិល្បៈមានសម្រស់ស្រស់ស្អាត់ស្រស់សង្ហាញមិនចាញ់គូស្នេហ៍គឹម សីហា និងគង់ ច័ន្ទស្រីមុំ ទេ៕
ដោយ៖ វឌ្ឍនា