ភ្នំពេញ៖ ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អោយដឹងថា កាលពីទី១៣ ខែធ្នូ ឆ្នាំ២០១៦ ថារយៈពេល ១១ខែឆ្នាំ២០១៦កន្លងទៅនេះ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបរក្នុងស្ថានភាពស្រវឹង បានចំនួន៥៩៤នាក់ នៅទូទាំងប្រទេស។
លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពេលដែលចូលរួមនៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងសាធារណការនិងដឹកជញ្ជូន ជាមួយអង្គការ អាប់ភីវសា (APIWSA) ដើម្បីធ្វើយុទ្ធនាការអប់រំពីសុវត្ថិភាពចរាចរណ៍ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូនថាអ្នកបើកបរក្រោមស្ថានភាពស្រវឹងគិតពីដើមឆ្នាំរហូតមកដល់ខែ វិច្ឆិកា ១១ឆ្នាំ២០១៦នេះសមត្ថកិច្ចនគរបាលបានឃាត់ខ្លួនបានអ្នកពាក់ព័ន្ធនឹងការទទួលទានមានជាតិស្រវឹងចំនួនសរុប៥៩៤នាក់។
លោកបានបន្ថែមថា ប្រជាពលរដ្ឋដែលទទួលទានគ្រឿងស្រវឹង និងបើកបរក្នុងស្ថានភាពស្រវឹង ចាប់ពី០.៤មីលីក្រាមក្នុង ១លីតខ្យល់ឡើងទៅ ត្រូវដាក់ពន្ធនាគារពី១ខែដល់៦ខែ និងបានត្រូវផាកពិន័យជាទឹកជាច្រើនសែនផងដែរ។ លោកបន្តថា នគរបាលចរាចរណ៍ផ្លូវគោកបានចាប់ផ្តើមបើកយុទ្ធនាការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ចាប់តាងពីដើម ឆ្នាំ២០១៦ ហើយយុទ្ធនាការបានជួយសង្គ្រោះជីវិតមនុស្សបានរាប់រយនាក់ផងដែរ។
ជាមួយគ្នានេះ លោកស្វាគមន៍ចំពោះគំនិតផ្ដួចផ្ដើមរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងអង្គការសង្គមស៊ីវិល ដែលបានធ្វើយុទ្ធនាការបង្កើតវីដេអូអប់រំ ស្តីពីសុវត្ថិភាពដងផ្លូវជាតិឆ្នាំ ២០១៧ខាងមុខ ដើម្បីផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹង និងអប់រំដល់សាធារណជនអោយយល់ពីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមកពីសេពគ្រឿងស្រវឹង។
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអោយដឹងថា ក្នុងឆ្នាំ ២០១៥ នេះ មាន គ្រោះថ្នាក់ចរាចរណ៍កើតឡើង ៤.៥១៩ ករណី ព្រមទាំងស្លាប់និងរបួសប្រមាណ ១៣.៦៤៩ករណី ក្នុងនោះ មានអ្នកស្លាប់ប្រមាណជា ២.២៣១ ករណី ដែលប្រមាណជា ៤៧ ភាគរយនៃជនរងគ្រោះអាយុចន្លោះពី ១៥ ដល់ ២៩ ឆ្នាំ ក្នុងនោះ ចំនួន៧១ ភាគរយគឺជាអ្នកបើកបរម៉ូតូ បានបាត់បង់ជីវិត៕