ខេត្តកោះកុង ៖ គយចល័តប្រចាំស្រុកបទុមសាគរ ដោយមានការសហការពីកងកម្លាំងរាជអាវុធហត្ថ កាលពីថ្ងៃត្រង់ទី១៧ ខែធ្នូ ឆ្នាំ២០១៦ម្សិលមិញនេះ កម្លាំងបានធ្វើការឃាត់រថយន្តមួយគ្រឿងម៉ាកហាយឡេនឌ័រ រួមនិងវត្ថុតាងទូរស័ព្ទចំនួន១.២៨៤គ្រឿង នាឡិកាដៃ១គ្រឿងដែលសង្ស័យថាទំនិញទាំងនេះគ្មានពន្ធនាំចូលត្រឹមត្រូវតាមច្បាប់ ។
សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងបានឃាត់ខ្លួនអ្នកបើករថយន្តម្នាក់ឈ្មោះ អឿ ឈិន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌល សីមា ខេត្តកោះកុង និងរថយន្តដឹកបទល្មើសជាក់ស្តែងម៉ាកហាយឡេនឌ័រ ពាក់ស្លាកលេខភ្នំពេញ2Z-3112 ក្នុងទិសដៅពីខេត្តកោះកុងមករាជធានីភ្នំពេញ តែដោយសមត្ថកិច្ច មានការសង្ស័យក៏ឃាត់បានជាក់ស្តែងតែម្តង ។
សមត្ថកិច្ចឲ្យដឹងទៀតថា ការឃាត់រថយន្តដឹកទំនិញគេចពន្ធខាងលើ គឺធ្វើឡើងនៅក្បែរស្នាក់ការគយចល័ត ជាប់និងផ្លូវជាតិលេខ៤៨ ស្ថិតនៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង ។
បច្ចុប្បន្ន ពាក់ព័ន្ធនឹងបទល្មើសរួមនិងវត្ថុតាងខាងលើ សមត្ថកិច្ចគយបញ្ជូនទៅស្នាក់ការគយស្រុកស្រែអំបិល ដើម្បីធើ្វការផាកពិន័យទៅតាមច្បាប់កំណត់ ៕ ជាយក្រុង