ខេត្តបន្ទាយមានជ័យ ៖ សូមអោយអតីតយុទ្ធជនយើងរៀបចំសរសេរប្រវត្តិ បទពិសោធន៍ការងារ អំពីសកម្មភាពការងារ និងបទពិសោធន៍តស៊ូប្រយុទ្ធលើសមរភូមិ ស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិយើង ដើម្បីដំកល់ទុកជាឯកសារមេរៀននិងបទពិសោធន៍ដល់កូនចៅជំនាន់ក្រោយ ។
ការសរសេរទុកនូវប្រវត្តិស្នាដៃ និងបទពិសោធន៍របស់ខ្លួនម្នាក់ៗ ពិតជាមានសារៈសំខាន់ណាស់សម្រាប់កូនចៅយើងដឹងថា អ្នកជំនាន់មុនបានធ្វើអ្វីខ្លះ? មានគុណបំណាច់យ៉ាងណាខ្លះ ចំពោះជាតិ ហើយសង្គ្រាម វាបង្កវិនាសកម្មហិនហោចយ៉ាងណា ? ជាមួយនោះ ប្រទេសជាតិយើង ដែលកំពុងមានសន្តិភាពពេញលេញ ដូចសព្វថ្ងៃ តើរដ្ឋាភិបាលបានផ្តល់ការរស់នៅដោយសុខសាន្ត ដល់ប្រជាជន យ៉ាងណា ហើយ កំពុងអភិវឌ្ឍន៍ប្រទេសជាតិដូចម្តេច? ។
ប្រសាសន៍នាយឧត្តមសេនីយ៍ គន់ គីម ក្នុងឱកាសជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនអតីតយុទ្ធជននៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ចំនួន744នាក់ និង ស្រុកអង្គរជុំ ខេត្តសៀមរាប ចំនួន824នាក់ ។
នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ គន់ គីម បានគោរពស្នើសុំ សម្តេចតេជោ អនុញាតសាងសង់ផ្ទះចំនួន5ខ្នងជូន អតីតយុទ្ធជនដែលក្រីក្រចំនួន5គ្រួសារក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និង ផ្ទះចំនួន2ខ្នងជូនអតីតយុទ្ធជន ស្រុកអង្គរជុំ ខេត្តសៀមរាប ៕ សហការី