ខេត្តព្រៃវែង ៖ មន្រ្តីមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រៃវែង រួមជាមួយអាជ្ញាធរមូលដ្ឋានបានចុះទៅពិនិត្យមើលទីតាំងដីទួល បុរាណមួយកន្លែង ដែលស្ថិតនៅក្នុងឃុំអ្នក លឿង ស្រុកពាមរក៍ បន្ទាប់ពីមានអ្នកនេសាទ ត្រីម្នាក់ប្រទះឃើញវត្ថុបុរាណជាច្រើន មានដូចជាភាជន៍ ចានឆ្នាំង ក្រឡដី និង បំណែកឆ្អឹងមនុស្សជាច្រើនបានកប់នៅ ក្នុងដីត្រង់ចំណុចទីតាំងខាងលើ ។ ការចុះ ទៅត្រួតពិនិត្យនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃ ទី១៧ធ្នូ ឆ្នាំ២០១៦កន្លងទៅ ក្រោមការ ដឹកនាំរបស់លោក ភោគ ប៉ុន ប្រធានការិយា ល័យ បេតិកភណ្ឌនៃ មន្ទីរវប្បធម៌ និងវិចិត្រ សិល្បៈខេត្ត ព្រមទាំងមានអ្នក ស្រុកទៅចូលរួមមើលជាច្រើននាក់ផងដែរ ។
លោក ភោគ ថានី មេឃុំអ្នកលឿងបាន ប្រាប់ឲ្យដឹងថា ទីទួលដែលអ្នកនេសាទ ប្រទះឃើញមានវត្ថុបុរាណនិងបំណែកឆ្អឹង មនុស្សនេះ មានឈ្មោះទួលសំរោងដែល ទួលនេះមានតាំងពីបុរាណមកម៉្លេះតែមិន ដឹងថា តាំងពីសម័យណានោះទេ ជាពិសេស ក៏ គ្មាននរណាម្នាក់បានដឹងថា នៅក្នុងទួលនេះមានវត្ថុបុរាណនោះដែរ គឺរហូតទាល់តែមានគ្រឿងចក្រចូលមកជីកយកដីក្បែរទួលនេះ កាលពីប៉ុន្មានឆ្នាំមុន ហើយកើតទៅជាស្រះនិងមានអ្នកនេសាទមកបង់សំណាញ់ក្នុងស្រះនេះ ទើបប្រទះឃើញ ភាជន៍ ចាន ឆ្នាំង និងបំណែកឆ្អឹងមនុស្ស ហើយរាយការណ៍ប្រាប់អ្នកព័ត៌មានធ្វើឲ្យមានការភ្ញាក់ ផ្អើលដល់មន្រ្តីជំនាញចុះមកពិនិត្យមើលតែម្តង ។
បើតាមការឲ្យដឹងពីឈ្មោះ សោម ហ៊ាន ជាអ្នកនេសាទដែលប្រទះឃើញវត្ថុបុរាណទាំងនោះមុនគេបានប្រាប់ឲ្យដឹងថា រូបគាត់បានប្រទះឃើញគ្រឿងចានឆ្នាំង និងភាជន៍បុរាណនេះតាំងពីជាង២ឆ្នាំមុនមក ម៉្លេះនៅពេលដែលគាត់ទៅបង់សំណាញ់ នៅស្រះទឹកក្បែរទួលនោះ ហើយពេលឃើញដំបូងគាត់មិនដឹងថាជាវត្ថុបុរាណអ្វីទេ គ្រាន់តែឃើញវាដូចជាឧបករណ៍ប្រើប្រាស់ ក៏រើសប្រមូលបានរបស់ដែលនៅល្អមិនទាន់បែក ជាង១០យកទៅឲ្យកូនលេង ហើយកូន លេងយូរៗទៅក៏បែកអស់នៅសល់តែ៦ ទុកចោលក្នុងផ្ទះ ។
បុរសរូបនេះបានបន្តទៀតថា រហូតដល់ថ្ងៃទី១៥ធ្នូ២០១៦រូបគាត់បានទៅផឹកស្រានៅផ្ទះរបស់ឈ្មោះ រោយ តង ភេទប្រុស អាយុ៥១ឆ្នាំនៅភូមិ៥ ហើយពេលផឹកស៊ីនាំគ្នានិយាយរឿងវត្ថុបុរាណ ទើបរូបគាត់ នឹកឃើញថា របស់ដែលគាត់រើសឲ្យកូន លេងនោះ មានសភាពចាស់ប្លែកក៏ទៅយកមកឲ្យឈ្មោះ រោយ តង មើល ហើយឈ្មោះ រោយ តង មើលហើយសង្ស័យថាជាវត្ថុ បុរាណ ក៏រាយការណ៍ប្រាប់អ្នកព័ត៌មានចុះទៅពិនិត្យមើល ទើបបែកធ្លាយរឿងដឹងថា ជាវត្ថុបុរាណ ហើយក៏ទំនាក់ទំនងហៅមន្រ្តី ជំនាញ ចុះទៅពិនិត្យមើលទីតាំងជាក់ស្តែងតែម្តង ។
លោក ភោគ ប៉ុន ប្រធានការិយាល័យបេតិកភណ្ឌនៃមន្ទីរវប្បធម៌ខេត្តព្រៃវែងបានឲ្យដឹងថា សម្ភារដែលអ្នកនេសាទរើស បាននោះ គឺជាវត្ថុបុរាណប្រភេទភាជន៍ចាន និងក្រឡដី ដែលតាមការសន្និដ្ឋានជំហាន បឋម គឺវាមានអាយុកាលជាង២ពាន់ឆ្នាំ មកហើយ ។ ចំណែកទីតាំងទួលសំរោងនេះ តាមការសន្និដ្ឋានវាគឹជាទួលបញ្ចុះ សពសម័យបុរាណ កាលពីជាង២ ពាន់ឆ្នាំ មុន ដែលកាលនោះពេលបញ្ចុះសពគេតែងតែដាក់ជាមួយនូវសម្ភារប្រើប្រាស់ចំនួន ៦មុខ ជូនដល់សាកសពសម្រាប់ប្រើប្រាស់ដូចជាភាជន៍ ចានឆ្នាំងជាដើម ។
លោក ភោគ ប៉ុន បានបញ្ជាក់ថា ក្រោយពីពិនិត្យឃើញថា ទួលសំរោងនេះ គឺជាទួលបុរាណ ដែលមានវត្ថុបុរាណជាច្រើនទៀតនៅក្នុងទួលនេះ លោកបានស្នើ សុំឲ្យខាងអាជ្ញាធរធ្វើការឡោមពទ្ធ័ការពារ ទីទួលបុរាណនេះ ទុកជាបណ្តោះអាសន្ន និងហាមមិនឲ្យមានការជីកកាប់គាស់ក្នុងបរិវេណទួលនេះទៀតនោះទេ បើទោះជាដីទួលនេះមានម្ចាស់កម្មសិទ្ធិក៏ដោយចុះ។ ចំណែកខាងមន្ទីរវប្បធម៌នឹងធ្វើរបាយការណ៍ ជូនទៅក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីស្នើសុំមន្រ្តីបច្ចេកទេស ចុះមកធ្វើការ កំណត់ព្រំ ដីទួល១នេះ និងធ្វើកំណាយ ស្រាវជ្រាវស្វែងរកវត្ថុបុរាណសម្រាប់យកទៅថែរក្សា និងអភិរក្សផងដែរ ៕ នរិន្ទ្រ