ខេត្តតាកែវ ៖ លោក សួន ផុន ស្នងការរងទទួលបន្ទុកផែនយុត្តិធម៌នៃស្នងការដ្ឋាននគបាល ខេត្តតាកែវ បានប្រាប់អ្នកយកព័ត៌មាននគរវត្តឲ្យដឹងថា អធិការរង១រូបនៃ ស្រុកត្រាំកក់ និងលោកនាយប៉ុស្តិ៍រដ្ឋបាល ឃុំលាយបូរ អាចនឹងប្រឈមផ្លូវច្បាប់រឿង បិទសំណុំរឿងព្រហ្មទណ្ឌដោយសារលុយ ៥លានរៀល ។
លោកស្នងការរងបន្តទៀតថា ក្រោយពី មានប្រតិកម្មពីសំណាក់ប្រជាពលរដ្ឋក្នុងឃុំលាយបូរ រឿងនាយប៉ុស្តិ៍រដ្ឋបាលឃុំ លាយបរូ ហ៊ានបញ្ចប់សំណុំរឿងព្រហ្មទណ្ឌ លោកបានចាត់កម្លាំងជំនាញចុះទៅស្រាវ ជ្រាវហើយបានរកឃើញថាលោកនាយ ប៉ុស្តិ៍ និងលោកអធិការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌម្នាក់ជាប់ពាក់ព័ន្ធក្នុងសំណុំរឿងនេះ ។
លោកស្នងការរងបន្តទៀតថា កំហុស លោកនាយប៉ុស្តិ៍ឃុំលាយបូរ និងអធិការរង ស្រុកត្រាំកក់គឺមិនរាយការណ៍ជូនថ្នាក់លើ រឿងបទល្មើសព្រហ្មទណ្ឌ ហើយខ្លួនជា មន្ត្រីនគរបាលយុត្តិធម៌ហ៊ានបញ្ចប់សំណុំ រឿងដោយសារតែលុយ៥លានរៀលទុក ឲ្យជនសង្ស័យមានសេរីភាពរហូតដល់ សព្វថ្ងៃ ។
លោកស្នងការរងបញ្ជាក់បន្ថែមថា កម្លាំង ជំនាញរបស់លោកបានឲ្យនាយប៉ុស្តិ៍ និងអធិការរងស្រុកត្រាំកក់បញ្ជូនសំណុំរឿងមកស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បី បន្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការ ចំណែកនាយប៉ុស្តិ៍ និងអធិការរងស្រុកត្រាំកក់ថ្នាក់លើនឹងមានវិធានការបន្ត ។
គួរបញ្ជាក់ថា លោក ស៊ី វីនដា នាយប៉ុស្តិ៍ រដ្ឋបាលឃុំលាយបូរ ស្រុកត្រាំកក់ ខេត្ត តាកែវ បាននិយាយថា កាលពីថ្ងៃទី១០ ខែ ធ្នូ ឆ្នាំ២០១៦ មានអំពើហិង្សាមួយបានកើតឡើងនៅចំណុចតូបលក់សាច់ឆ្កែមួយ កន្លែងស្ថិតនៅក្នុងភូមិព្រៃធាន ឃុំលាយបូរ ស្រុក ត្រាំកក់ ដោយជនដៃដល់មានគ្នាពីរ នាក់បានព្រួតវាយជនរងគ្រោះម្នាក់រហូតបាក់ថ្គាមស្តាំរបួសធ្ងន់បានបញ្ជូនទៅព្យា បាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។
លោកនាយប៉ុស្តិ៍បានបញ្ជាក់ទៀតថាក្រោយកើតហេតុភាគីជនដៃដល់ព្យាយាមសម្របសម្រួលបញ្ចប់រឿងតាមរយៈលោកនាយប៉ុស្តិ៍៥លានរៀលជាមួយនឹងលោក អធិការរងផ្នែកព្រហ្មទណ្ឌ ស្រុកត្រាំកក់ ដោយព្យាយាមលាក់បាំងមិនឲ្យថ្នាក់លើ ដឹង។
ពលរដ្ឋក្នុងឃុំលាយបូររង់ចាំមើល ចំណាត់ការថ្នាក់លើ ថាតើលោកនាយប៉ុស្តិ៍រដ្ឋបាលឃុំលាយបូរ និងលោកអធិការ រងស្រុកត្រាំកក់១រូប នឹងនៅបន្តតួនាទីដល់ ពេលណាទៀត? ៕ ជីសូរកា