ភ្នំពេញ៖ កីឡាករ វេង សុភ័ក្រ មកពី ក្លិបកងពលតូចឆត្រយោងលេខ៩១១ និងកីឡាករ សំណាង សម្បត្តិ មកពីក្លិបបាត់ដំបងពាយ័ព្យសុទ្ធតែបានឈ្នះកៅជុំទី១ សម្រាប់បន្តការប្រកួតនៅជុំទី២ក្នុងកម្មវិធី ប្រកួតកីឡាប្រដាល់ក្បាច់ខ្មែរបុរាណដណ្តើម ពានរង្វាន់ KNOCK OUT SERIES ប្រភេទ ទម្ងន់៦០គីឡូក្រាមនៅសង្វៀនទូរទស្សប៉ុស្តិ៍លេខ៥កាលពីល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០១៦ ។
ជ័យជម្នះរបស់កីឡាករ វេង សុភ័ក្រ បាន មកពីប្រើស្នៀតជង្គង់បុកទៅលើពោះរបស់កីឡាករ សុខ វាសនា មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់នៅពាក់កណ្តាលទឹកទី១ដែលធ្វើឲ្យអាជ្ញាកណ្តាលរាប់ សុខ វាសនា រហូតដល់១០និងត្រូវបញ្ឈប់ការប្រកួតភ្លាមៗ ព្រោះអាការ សុខ វាសនា ហាក់បីដូចធ្ងន់ធ្ងពេក ។ ភាពចន្លោះ ប្រហោងរបស់កីឡាករ សុខ វាសនា បណ្តាលឲ្យវេង សុភ័ក្រអាចប្រើកណ្តាប់ដៃវាយពោះនិងអុកជង្គង់ជាបន្តបន្ទាប់រហូត ដល់សន្លប់នោះ គឺជាការធ្វេសប្រហែស របស់ សុខ វាសនា ផ្នែកខាងក្រោម ។
ចំពោះ សកម្មភាពប្រកួតរវាងកីឡាករ សំណាង សម្បត្តិ នឹង កីឡាករ គួន ប៊ុនហ៊ីម មកពីក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបងរយៈ ពេល៣ទឹកនោះ គួន ប៊ុនហ៊ីម វាយបាន តិចជាង សម្បត្តិ ដូច្នេះជាលទ្ធផល គណៈ វិនិច្ឆ័យសម្រេចឲ្យ សំណាង សម្បត្តិ បន្តឡើងទៅប្រកួតជុំទី២វគ្គ១៦នាក់ទៀត ។
គួររំលឹកថា ការប្រកួតកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរដែលគេប្រសិទ្ធនាមថា KNOCK OUT SERIES នេះបានបែងចែកជា៥ដំណាក់កាលដើម្បីសម្រាំងយកកីឡាករ៣នាក់ក្នុងចំណោម៣២នាក់សម្រាប់ គ្រងតំណែងជើងឯកដែលមានថវិកាចំនួន៤ពាន់ដុល្លារ ។
យោងតាមរូបមន្តប្រកួតរបស់គណៈ កម្មការសង្វៀនខាងលើ កីឡាករ សំណាង សម្បត្តិ និងកីឡាករ វេង សុភ័ក្រ ត្រូវរង់ចាំ ប្រកួតជុំទី៣វគ្គ៨នាក់ក្រោយពីចប់ការប្រកួតជម្រុះវគ្គ១៦នាក់ក្នុងជុំទី២នោះ៕
ដោយ៖ សារីម