រឿង”សួរស្តីលោកគ្រូកំលោះ”សង្ឃឹមកក្រើកទីផ្សារ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីការផលិតអស់ជាច្រើនខែ ភាពយន្តខ្នាតធំរបស់ផលិតកម្ម មហាហង្ស រឿង”សួរស្តីលោកគ្រូកំលោះ”បានប្រកាសសម្ពោធចាក់បញ្ចាំងជាផ្លូវការហើយកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ នៅរោងភាពយន្តLegend ស្ទឹងមានជ័យក្រោមវត្តមានផលិតករសិល្បករជាច្រើនរូប។ ខ្សែភាពយន្តនេះក៏រំពឹងថា នឹងទទួលបានការគាំទ្រច្រើនពីអ្នកនិយមទស្សនាភាពយន្តក្នុងរោងកុនដែរ ព្រោះចំនួនអ្នកចូលមើលឈុតខ្លី(Trailer) កើនឡើងដល់ជិត២លាននាក់។

ចាងហ្វាងផលិតកម្មមហាហង្ស លោក អ៊ិន សុភិន បានបញ្ជាក់ថា លោកពិតជាមានការភ្ញាក់ផ្អើលដែលចំនួនអ្នកចូលទស្សនាឈុតខ្លីៗកើនឡើងខ្ពស់ដូចនេះ ហើយវានឹងឆ្លុះបញ្ចាំងពីចំនួននៃអ្នកគាំទ្រស្នាដៃថ្មីរបស់ផលិតកម្ម។ លោកបញ្ជាក់ថា កន្លងមកស្នាដៃរបស់ផលិតកម្មដែលទទួលបានការគាំទ្រច្រើនពីអ្នកទស្សនាគឺរឿង ”អ្នកនាងម្ចាស់ឡឺកឺ” ដែលមានអ្នកចូលទស្សនាប្រមាណ៦,៥ម៉ឺននាក់។ លោកបន្តថា អ្វីដែលលោកកាន់តែរំពឹងថានឹងធ្វើឲ្យរឿង”សួរស្តីលោកគ្រូកំលោះ”អាចទាក់ទាញអ្នកទស្សនាបានច្រើនផងដែរនោះព្រោះតែជាការបផលិតសម្រិតសម្រាំងសម្រាប់ទីផ្សារភាពយន្តបច្ចុប្បន្នដែលមានទាំងឈុតកំប្លែង មនោសញ្ចេតនា និងកម្សត់ ខណៈដែលបច្ចេកទេសក៏មានការផលិតប្រកបដោយគុណភាពដែរ។ លោកថា ភាពយន្តនេះលោកផលិតអស់ជាង៤ម៉ឺនដុល្លារ សាច់រឿងប្រទាក់ក្រឡា និងមានខ្លឹមសារអប់រំខ្ពស់ ។ អ្វីដែលពិសេសខ្សែភាពយន្តនេះចូលរួមសម្តែងដោយតារាសម្តែងតារាកំប្លែងប្រុសស្រីល្បីឈ្មោះជាច្រើនដូចជាអ្នកនាង សុខ សោម៉ាវត្តី លោក ជា សុវណ្ណនរាហ៍ នាយពែកមី នាយគ្រឿន អ្នកនាង ខ្ញុង អ្នកនាង ប៉េង ប៉ោង កញ្ញា វ៉ាន់ នីឡា លោក លឹម រដ្ឋា និងតារាជាច្រើនទៀតដែលកំពុងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។

អ្នកនាង សុខ សោម៉ាវត្តី បានលើកឡើងថា រឿង”សួរស្តីលោកគ្រូកំលោះ”នេះគឺជាខ្សែភាពយន្តដែលល្អមានគ្រប់រស់ជាតិ ទាំងកំប្លែង មនោសញ្ចេតនា កម្សត់ស៊ីជម្រៅ។ នាងថាទស្សនៈអប់រំជាច្រើន និងពន្លេចឲ្យឃើញក្នុងខ្សែភាពយន្តនេះដែលមិនត្រឹមតែជាការសើចសប្បាយតែមួយមុខនោះទេ។ តារាស្រីរូបនេះលើកឡើងដែរថានាងពិតជារំពឹងថាខ្សែភាពយន្តថ្មីក្នុងផលិតកម្មមហាហង្សដែលនាងបានសម្តែងនេះពិតជាទទួលបានការគាំទ្រច្រើនពីទស្សនិកជនមិនចាញភាពយន្តមុនៗនោះទេ។

គួរបញ្ជាក់ដែរថា ខ្សែភាពយន្ត”សួរស្តីលោកគ្រូកំលោះ” នឹងត្រូវធ្វើការចាក់បញ្ចាំងគ្រប់រោងភាពយន្តទំនើបនៅរាជធានីភ្នំពេញ និងខេត្តសៀមរាបចាប់ពីថ្ងៃទី២២ខែធ្នូឆ្នាំ២០១៦។ ផលិតករលើកឡើងដែរថាខ្សែភាពយន្តនេះក៏ទទួលបានការចាប់អារម្មណ៍ពីរោងភាពយន្តមួយចំនួននៅប្រទេសថៃ មីយ៉ាន់ម៉ា និងឡាវផងដែរ ប៉ុន្តែផលិតកម្មកំពុងតែរៀបចំសម្រួលយ៉ាងណាដើម្បីនាំខ្សែភាពយន្តនេះទៅចាក់បញ្ចាំងនៅរោងភាពយន្តនៅក្រៅប្រទេសផងដែរ៕

yn9a3461 yn9a3471 yn9a3465 yn9a3468 yn9a3472 img_9802 yn9a3510 yn9a3486 yn9a3489 yn9a3491 yn9a3495 yn9a3529 yn9a3494 yn9a3464 yn9a3516img_9742 yn9a3497 yn9a3498 yn9a3501 yn9a3520 yn9a3530 yn9a3524 yn9a3525 img_9803 img_9825

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print