សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា៥ពាន់ដុល្លារ ជូនលោកតាព្រឹទ្ធាចារ្យ យិត សារិន

ចែករំលែក៖

ខេត្តសៀមរាប៖ លោកព្រឹទ្ធាចារ្យ យិត សារិន ហៅលោកគ្រូស សាស្ត្រាចារ្យផ្នែកល្ខោនខោលដែល កំពុងតែមានជំងឺធ្ងន់ធ្ងរ ទទួលបានអំណោយពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា៥ពាន់ដុល្លារអាមេរិក។ ការប្រគល់អំណោយជាថវិកា និងសម្ភារនេះត្រូវបានធ្វើឡើងក្រោយពីលោកព្រឹទ្ធាចារ្យត្រូវចេញដំណើរទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តសុរិនប្រទេសថៃ។

យោងតាមគេហទំព័រផ្លូវការរបស់កាកបាទក្រហមខេត្តសៀមរាបបានបញ្ជាក់ថា ”ដោយសន្តានចិត្តអាណិតអាសូរចំពោះវីរៈសិល្បៈករជើងចាស់ លោកតាព្រឹទ្ធាចារ្យ យិត សារិន (ហៅស ឬស្វាស) ដែលកំពុងមានជំងឺរលាកថ្លើមធ្ងន់ធ្ងរនោះ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកថវិកាចំនួន ៥,០០០ដុល្លារអាមេរិក (ប្រាំពាន់ដុល្លារអាមេរិក) ប្រគល់ជូនផ្ទាល់ដៃ លោកតាព្រឹទ្ធាចារ្យ និងលោក សារិន វឌ្ឍនៈ ជាកូនប្រុសបង្កើត នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ខណៈពេលកំពុងធ្វើដំណើរពីភ្នំពេញទៅព្យាបាលជំងឺនៅមន្ទីរពេទ្យសុរិន្ទ ប្រទេសថៃ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០១៦ កន្លងទៅ កាកបាទក្រហមកម្ពុជា បានឧបត្ថម្ភថវិកា ៥លានរៀល ជូន លោកតាព្រឹទ្ធាចារ្យ  យិត សារិន ម្តងរួចមកហើយ។”

ក្រៅពីអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គេក៏សង្កេតឃើញមានសិល្បករមួយចំនួនបានធ្វើការរៃអង្គាសថវិកាមួយចំនួនជូនដល់លោកព្រឹទ្ធាចារ្យយិត សារិនផងដែរ មានដូចជាតារាសម្តែងអ្នកនាងសារ៉ាយ សក្ខណា កញ្ញាសូរ្យ   អេណា លោក សាវិន ហ្វីលីព អ្នកនាង យ៉ុង ច័ន្ទកណ្ណិកា ក្រុមយុវជនព្រះសុរិយានិងតារាមួយចំនួនទៀត។

គួរបញ្ជាក់ដែរថា បន្ទាប់ពីធ្លាក់ខ្លួនឈឺ ហើយចំណាយពេលព្យាបាល នៅមន្ទីរពេទ្យក្នុងស្រុក អស់រយៈពេលជាច្រើនថ្ងៃ ហើយអាការៈជំងឺហាក់នៅតែមិនធូរស្រាលនោះ ពេលនេះព្រឹទ្ធាចារ្យ ត្រូវបានក្រុមគ្រួសារបញ្ជូនតាមរថយន្ត ទៅសង្គ្រោះបន្ទាន់ នៅប្រទេសថៃ។ កូនប្រុលពៅលោកព្រឹទ្ធាចារ្យ យិត សារិន គឺ យុវជន សារិន វឌ្ឍនៈបានថ្លែងថា ក្រោយពីសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតកាលពីសប្តាហ៍មុនមកក្រុមគ្រូពេទ្យបញ្ជាក់ថា ឪពុកខ្លួនមានជំងឺរលាកថ្លើម និងជំងឺសួត ដែលធ្វើឲ្យលោកព្រឹទ្ធាចារ្យមានការឈឺចុកចាប់ខ្លាំងនៅពេលយប់ត្រង់បរិវេនពោះនិងទ្រូង ហើយឪពុករបស់លោកទទួលទានបានត្រឹមតែទឹកបបរ និងភេសជ្ជៈខ្លះៗប៉ុណ្ណោះ។

លោកតាព្រឹទ្ធាចារ្យ យិត សារិន (ហៅ ស ឬស្វាស) មានអាយុ៩២ឆ្នាំ ជាគ្រូសិល្បៈផ្នែកល្ខោនខោល ដែលបានលះបង់កម្លាំងកាយ-ចិត្ត ផ្តល់ចំណេះដឹងសិល្បៈ ផ្នែកល្ខោនខោល ជូនដល់កុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ។ បន្ថែមពីនេះ លោកតាព្រឹទ្ធាចារ្យ មានឯកទេសសំដែងតួ “ស្វា” ធ្លាប់រាំសម្ដែងនៅក្នុងព្រះបរមរាជវាំង នាសម័យសង្គមរាស្ត្រនិយម ក្នុងរជ្ជកាលព្រះមហាក្សត្រីយានី ស៊ីសុវត្ថិកុសុមៈនារីរ័ត្ន សិរីវឌ្ឍនា ហើយក៏ជាអតីតគ្រូបង្ហាត់សិល្បៈផ្នែកល្ខោនខោលនៅក្នុងព្រះបរមរាជវាំង និងសាលាមធ្យមវិចិត្រសិល្បៈទៀតផង៕

khao-7 khao-3 khao-5 khao-4 khao-2 khao-1 khao-10 khao-12 khao-9 khao-8 khao-11 khao-6

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print