ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យសមុទ្រ។
នេះបើយោងតាមFacebook Page របស់សម្តេចតេជោ បញ្ជាក់ជាផ្លូវការថា៖ «នៅថ្ងៃនេះ ខ្ញុំនិងភរិយា បានធ្វើដំណើរមកកាន់ខេត្តព្រះសីហនុ ដើម្បីចូលរួមអបអរសាទរក្នុងពិធីបុណ្យសមុទ្ររបស់ប្រទេសកម្ពុជា ដែលនឹងធ្វើឡើងនៅថ្ងៃទី ២៣-២៥ ខែធ្នូ ឆ្នាំ ២០១៦ នៅឆ្នេរសមុទ្រខេត្តព្រះសីហនុ។ បុណ្យសមុទ្រគឺកម្ពុជាយើងបានប្រារព្ឋធ្វើជារៀងរាល់ឆ្នាំចំពោះខេត្តដែលស្ថិតជាប់តំបន់ឆ្នេរសមុទ្រមានដូចជា ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប ដែលត្រូវប្តូរវេនគ្នាមួយឆ្នាំម្តងៗ។ ខ្ញុំ និងភរិយា សូមអញ្ជើញបងប្អូនជនរួមជាតិចូលរួមសប្បាយរីករាយនៅក្នុងពិធីបុណ្យសមុទ្រនេះទាំងអស់គ្នា ដើម្បីគាំទ្រ និងលើកស្ទួយវិស័យទេសចរណ៍ដ៏មានសក្តានុពលនៅតំបន់ភូមិភាគនារតី នៃព្រះរាជាណាចក្រកម្ពុជាយើង។ សូមបងប្អូនជនរួមជាតិបើកបរគោរពច្បាប់ចរាចរណ៍ និងមានសុវត្ថិភាពក្នុងការធ្វើដំណើរគ្រប់ៗគ្នា»៕





















