ភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងកាប៊ីនរថយន្តកុងតឺន័រដោយសង្ស័យខ្យក់គរបង្ករភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចមុខឃ្លាំងស្តុកអីវ៉ាន់ក្រុមហ៊ុនស្មាត ភូមិព្រៃសិលា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
សពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះជួន សីហា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបើកបររថយន្តកុងតឺន័រ មានស្រុកកំណើតភូមិស្រែសៀម ឃុំជីរោទ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហើយត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងកាប៊ីនរថយន្តកុងតឺន័រម៉ាកហុីណូក្បាលពណ៌លឿងស្លាកលេខភ្នំពេញ3A-9540 និងលេខសំគាល់B27។
តាមសាក្សីដែលជាអ្នកបើករថយន្តដូចគ្នាបានឲ្យដឹងថា នៅមុនពេលកើតហេតុដោយសារតែឆ្ងល់ជនរងគ្រោះដេកមិនឃើញក្រោកទើបបានទៅមើលក្នុងរថយន្តខណៈអង្រួនដាស់ឲ្យក្រោកទើបដឹងថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ បង្កការភ្ញាក់ផ្អើលនិងរាយការណ៍ទៅសមត្ថកិច្ចដើម្បីចុះមកពិត្យជាក់ស្តែង។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានមកពិនិត្យនិងធ្វើកោសល្យវិច័យថា សពពិតជាស្លាប់ដោយសារខ្យល់គរមែនទើបប្រគល់ទៅឲ្យក្រុមគ្រួសារសពធ្វើបុណ្យតាមប្រពៃណី៕
...
ដោយ៖ សុខាសែនជ័យ