ខេត្តព្រះសីហនុ៖ សម្រាប់កម្មវិធីរត់ ប្រណាំងដើម្បីអបអរសាទរពិធីបុណ្យសមុទ្រលើកទី៥ជុំទី២ដែលខេត្តព្រះសីហនុធ្វើម្ចាស់ផ្ទះក្នុងការរៀបចំរយៈពេល៣ថៃ្ងនោះគឺវិញ្ញា សាកីឡាត្រូវប្រកួតមុនគេដើម្បីអបអរសាទរពិធីបុណ្យនេះគឺវិញ្ញាសារត់ប្រណាំង ចម្ងាយ៥គីឡូម៉ែត្រនិង១០គីឡូម៉ែត្របានដំណើរការប្រកួតរួចហើយក្នុងចំណោម កីឡាទាំង១២ប្រភេទ ដោយមានប្រជាពល រដ្ឋនិងសិស្សានុសិស្សចូលរួមរត់ប្រមាណជាង៧០០នាក់។
នេះបើតាមការបញ្ជាក់ពីលោកវ៉ាត់ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានប្រាប់ឲ្យដឹងកាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ នៅឆ្នេរអូរឈើ ទាល ។
លោកបន្តទៀតថា ចំពោះវិញ្ញាសារត់ ចម្ងាយ៥គីឡូម៉ែត្របណ្តាក់គ្នាផ្នែកនារីធ្វើឡើងចំនួន១០ជុំនិងវិញ្ញាសា១០គីឡូម៉ែត្រ ផ្នែកបុរសត្រូវរត់បណ្តាក់គ្នាចំនួន២០ជុំ។ព្រឹត្តិការណ៍មានប្រជាពលរដ្ឋនិងសិស្សានុសិស្សចុះឈ្មោះចូលរួមរត់ប្រណាំងជាង ៧០០នាក់មកពីអង្គការគ្រឹះស្ថានឧត្តម សិក្សានិងសាលារៀនរដ្ឋសាលារៀនឯក ជនមួយចំនួននៅជុំវិញខេត្តព្រះសីហនុចំនួន៧សាលា ។ លោកអគ្គលេខាធិការបាន បញ្ជាក់ថា ការរៀបចំនូវព្រឹត្តិការណ៍រត់ ប្រណាំងដើម្បីអបអរសាទរពិធីបុណ្យសមុទ្រឆ្នាំនេះមានលក្ខណៈល្អប្រសើរដោយបានត្រៀមលក្ខណៈដូចជា អាជ្ញាធរ គណៈកម្មការរៀបចំនិងគណៈកម្មការនាឡិកាម៉ែត្រ គ្រូពេទ្យប្រចាំការ ។ ម្យ៉ាងវិញទៀតកម្មវិធី រត់ប្រណាំងនេះបានផ្តល់ឱកាសឲ្យប្រជា ពលរដ្ឋ សិស្សានុសិស្ស បានទំនាក់ទំនងគ្នា ចេះធ្វើការងារជាក្រុមនិងដើម្បីសុខភាព។
ទន្ទឹមនឹងការលើកឡើងរបស់លោក អគ្គលេខាធិការខាងលើនេះដែរសិស្សានុសិស្សដែលបានចូលរួមរត់ប្រណាំងដើម្បីអបអរសាទរពិធីបុណ្យសមុទ្របានសម្តែងនូវទឹកចិត្តសប្បាយរីករាយចំពោះការបង្កើនឲ្យមានកម្មវិធីរត់ប្រណាំងនេះឡើង ព្រោះ បានធ្វើឲ្យពួកខ្ញុំជាសិស្សានុសិស្សប្រជា ពលរដ្ឋមានឱកាសបានជួបជុំគ្នាប្រាស្រ័យទាក់ទងរាប់អានគ្នា ពិសេសក្នុងនាមពួក យើងជាម្ចាស់ផ្ទះនៃខេត្តព្រះសីហនុចង់ចូលរួមអបអរសាទរពិធីបុណ្យសមុទ្រដ៏អស្ចារ្យនិងដើម្បីសុខភាពមិត្តភាពសាមគ្គីភាព។
សូមបញ្ជាក់ថា ពិធីបុណ្យសមុទ្រឆ្នាំ ២០១៦ដែលប្រព្រឹត្តិទៅរយៈពេល៣ថៃ្ងនៅខេត្តព្រះសីហនុនេះមានប្រភេទកីឡាប្រកួតអបអរសាទរចំនួន១២ប្រភេទកីឡាក្នុងនោះមានដូចជាកីឡារត់ប្រណាំងបាល់ទះបាល់ទាត់ឆ្នេរខ្សាច់ប្រណាំងកង់វិលជុំប្រណាំងម៉ូតូទឹកកីឡាហោះហើរកីឡាទូកក្តោងប្រដាល់គុនខ្មែរប្រកួតយុទ្ធសិល្ប៍គុនល្បុក្កតោចំបាប់បុរាណតេក្វាន់ដូនិងកីឡា JIU JITSU ៕
ដោយ៖ សារីម