ភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្សស្លាប់៦នាក់ និងរងរបួសធ្ងន់ស្រាល២៩នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន១៥លើក កាលពីថ្ងៃម្សិលមិញ ។
យោងតាមនាយកដ្ឋាន នគរបាលចរាចរណ៍ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦កាលពីថ្ងៃម្សិលមិញ មានករណី គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន១៥លើក បណ្តាលឲ្យមនុស្សស្លាប់៦នាក់ (ស្រី១) រងរបួស ធ្ងន់២១នាក់ (ស្រី៧) និងរងរបួសស្រាល៨នាក់ (ប្រុស) ។
របាយការណ៍ដដែលឲ្យដឹងថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១៥លើកនេះ បណ្តាលឲ្យខូចខាត យានយន្តសរុបចំនួន២៧គ្រឿង រួមមានម៉ូតូចំនួន១៥គ្រឿង រថយន្តធុនតូច ចំនួន៦គ្រឿង , រថយន្តធុនធំ ២គ្រឿង , គោយន្ត២គ្រឿង , កង់១គ្រឿង , ថ្មើរជើង១គ្រឿង ។ មូលហេតុដែលបណ្ដាលឲ្យកើតមានករណី គ្រោះថ្នាក់ចរាចរណ៍រួមមាន ៖ បើកលឿន៥លើក ជែង៥លើក មិនគោរពសិទ្ធិ២លើក ស្រវឹង២លើក បត់គ្រោះ ថ្នាក់១លើក ។ ចំណែកយានយន្តបង្កហេតុរួមមាន ៖ ម៉តូ១០លើក រថយន្តធុនតូច២លើក រថយន្តធុនធំ២លើក និងគោយន្ត១លើក ។
របាយការណ៍ដដែលឲ្យដឹងទៀតថា ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់រួមមាន ៖ ភ្នំពេញ ៤លើក ស្លាប់៣នាក់ របួស៤នាក់ (ស្រី១) ក្រចេះ ១លើក ស្លាប់១នាក់ ព្រះវិហារ២លើក ស្លាប់១នាក់ របួស១០នាក់ (ស្រី៥) និងខេត្តត្បូងឃ្មុំ១លើក ស្លាប់១នាក់ ។
យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការនគរបាល ជាតិដែលចេញផ្សាយ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំំ២០១៦ម្សិលមិញឲ្យដឹងទៀតថា គិតត្រឹមថ្ងៃទី១ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍កើតឡើង៣០៤លើក ក្នុងនោះស្លាប់១១៧នាក់ របួសសរុប៥៥១នាក់
របួសធ្ងន់៣១៤នាក់ និងរបួសស្រាល២៣៧នាក់ ៕ ជាយក្រុង