ភ្នំពេញ៖ ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០១៦ នៅទីស្តីការក្រសួង លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងរៀបចំក្រុមការងារសម្រាប់ការគ្រប់គ្រង និងការប្រើប្រាស់ និងអភិវឌ្ឍន៍ធនធានទឹក នៅតាមបណ្តាប្រព័ន្ធធារាសាស្ត្រធំៗ និងព្រែក ក្នុងក្របខណ្ឌទូទាំងប្រទេស ។
បន្ទាប់ពីបានពិនិត្យលើស្ថានភាពភូមិសាស្ត្រ លក្ខណៈបច្ចេកទេស ទិដ្ឋភាពជាក់ស្តែងរួចមក អង្គប្រជុំបានសម្រេចបង្កើតក្រុមការងារ ចំនួន ១៤ ក្រុម ។ ក្រុមការងារទាំងនេះ មានភារកិច្ចសំខាន់ៗគឺ ៖
– ក្តាប់នូវលក្ខណៈប្រព័ន្ធឱ្យបានច្បាស់លាស់តាមបច្ចេកទេស ។
– ត្រួតពិនិត្យ និងសហការធ្វើយ៉ាងណាឱ្យប្រព័ន្ធមួយៗមានប្រសិទ្ធភាព និងមាននិរន្តរភាព រួមមានទាំងលើកិច្ចដំណើរការ ថែទាំ និងបំពេញបន្ថែម ។
– សហការលើកឡើងនូវផែនការ ដើម្បីធ្វើការជួសជុល ថែទាំ ដំណើរការ និងបំពេញបន្ថែម ។
– ទទួលខុសត្រូវផ្ទាល់ចំពោះមុខក្រសួង ក្នុងការដឹកនាំបញ្ជា ពេលមានសភាពការណ៍ធ្ងន់ធ្ងរ ដែលអាចកើតមានឡើង ។
– បន្តត្រួតពិនិត្យបន្ថែមលើប្រព័ន្ធ CISIS ដែលបាន និងកំពុងធ្វើ ដើម្បីឈានទៅរកភាពប្រាកដនិយម និងមានទស្សនវិស័យថ្មី កើតទៅអនាគត គប្បីធ្វើយ៉ាងណាដើម្បីក្លាយទៅជាប្រព័ន្ធមួយទំនើប ។
– គ្រប់គ្រង និងបែងចែកការប្រើប្រាស់ទឹកនៅតាមប្រព័ន្ធធារាសាស្ត្រ និងទឹកដែលមាននៅក្នុងធនធានទឹកធម្មជាតិនានា ។
– អន្តរាគមន៍ឱ្យបានទាន់ពេលវេលា ដើម្បីកាត់បន្ថយការខូចខាតនានា ដែលបណ្តាលមកពីគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ ។
– រៀបចំផែនការ ដើម្បីឈានទៅគ្រប់គ្រង អភិវឌ្ឍន៍ និងបែងចែកទឹកឱ្យបានសមស្រប ។
– ទទួលអនុវត្តភារកិច្ចផ្សេងៗទៀត ដែលឯកឧត្តមរដ្ឋមន្ត្រីប្រគល់ជូន ។
លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ក្រុមការងារដែលបានបង្កើតនាពេលនេះ នឹងក្លាយជាយន្តការដ៏សំខាន់ និងចាំបាច់មួយ ក្នុងការជួយដល់ក្រសួង ក៏ដូចជាមន្ទីរ សំដៅធ្វើយ៉ាងណាជំរុញឱ្យការគ្រប់គ្រង ប្រើប្រាស់ និងបែងចែកទឹក ប្រកបដោយសមធម៌ ហើយក៏ជាយន្តការសិក្សា ស្រាវជ្រាវ និងចងក្រងនូវរាល់ទិន្នន័យបច្ចេកទេសទាំងអស់ សម្រាប់បម្រើឱ្យការអភិវឌ្ឍវិស័យធនធានទឹក ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ៕