ភ្នំពេញ៖ កីឡាករ Keisuke Honda ខ្សែ ប្រយុទ្ធរបស់ក្រុមបាល់ទាត់ AC Milan និង ជាជម្រើសជាតិរបស់ជប៉ុនបានបង្ហាញ សមត្ថភាព និងក្តីសង្ឃឹមខ្លះដល់កុមារកម្ពុជា ព្រមទាំងផ្ញើសារមួយចំនួនដើម្បីក្រើន រំលឹកដល់កុមារ និងយុវជនកម្ពុជាក្នុងឱកាស ដែល Keisuke Honda បង្ហាញសមត្ថភាពដល់កុមារកម្ពុជាប្រមាណ១០០នាក់កាលពីរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នៅ ពហុកីឡដ្ឋានជាតិក្រោមការស្វាគមន៍ពី សំណាក់នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រោយពីចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារួចមក ។
កីឡាករ Honda បាននិយាយថា ការតាំង ចិត្តកំណត់គោលដៅទើបអាចសម្រេចនូវអនាគតបានល្អ បើទោះបីបច្ចុប្បន្នមិនទាន់ទទួលបានជោគជ័យក្តីតែគង់សម្រេចបាននាថ្ងៃណាមួយពុំខានឡើយ។ ក្នុងនោះ កីឡាករ Keisuke Honda បានផ្ញើសារចំនួន៣ឃ្លាសម្រាប់ក្រើនរំលឹក និងដាស់តឿនស្មារតីកុមារកម្ពុជាដូចជាថាកុមារត្រូវជៀស ឲ្យផុតពីគ្រឿងញៀនចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលេងកីឡា ។
គួររំលឹកថា លោក Keisuke Honda មកដល់ព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ ដោយបានចូលជួបសម្តែងការគួរសមជាមួយសម្តេអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជណាចក្រកម្ពុជា និងថ្នាក់ដឹក នាំកីឡាក្នុងប្រទេសកម្ពុជាព្រមទាំងបានធ្វើសន្និសីទសារព័ត៌មានមុនរូបលោកចាក់ចេញពីកម្ពុជា៕
ដោយ៖ សារីម