ក្រុមបិសាចក្រហម Manchester United បានយកឈ្នះលើក្រុម Sunderland ដោយ លទ្ធផល 3-1 នៅក្នុងទឹកដីរបស់ខ្លួននៃកម្ម វិធីអង់គ្លេស Premier League កាលពីថ្ងៃ ទី២៦ ខែធ្នូឆ្នាំ២០១៦។
ក្នុងជ័យជម្នះរបស់ក្លិប Man United មានរឿងគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុតចំនួន៣។ ទីមួយកីឡាករHenrikh Mkhitaryanអាចស៊ុតបាល់បញ្ចូលទីបានយ៉ាងល្អទៅលើ ក្រុម Sunderland ដោយប្រើក្បាច់ស៊ុតបាល់ឈ្មោះខ្យាដំរី។ មួយគ្រាប់នេះត្រូវបានគេចាត់ទុកថាជាគ្រាប់បាល់ល្អបំផុតមិនធ្លាប់មានឡើយក្នុងប្រវត្តិសាស្រ្តបាល់ទាត់ ។
រឿងដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះគឺខ្សែប្រយុទ្ធជើងចាស់សញ្ជាតិស៊ុយអែត Zlatan Ibrahimovic អាចរកគ្រាប់បាល់បានមួយគ្រាប់ឲ្យបិសាចក្រហមផងដែរដោយសរុបគ្រាប់បាល់សម្រាប់ក្លិបរបស់គាត់មានចំនួន៥០គ្រាប់ក្នុងឆ្នាំ២០១៦ ហើយចាញ់ខ្សែប្រយុទ្ធ Lionel Messi តែ មួយគ្រាប់ប៉ុណ្ណោះ។ ចំណែកខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្លិប Real Madrid ស៊ុតបាល់បានតែ៤៤គ្រាប៉ុណ្ណោះបើសរុបគ្រាប់ក្នុងឆ្នាំ២០១៦។ កីឡាករវ័យ៣៥ឆ្នាំ Zlatan Ibrahimovic នៅមានឱកាសរកគ្រាប់បាល់បន្ថែមទៀតក្នុងឆ្នាំនេះនៅពេលក្រុមបិសាចក្រហមប៉ះក្រុម Middlesbrough។
រឿងចុងក្រោយគឺជារឿងអាម៉ាស់ សម្រាប់លោក David Moyes គ្រូបង្វឹកក្រុម Sunderland ដោយគាត់ពុំត្រូវបានទទួលស្វាគមន៍ពីសំណាក់អ្នកគាំទ្ររបស់ក្លិប បិសាចក្រហមឡើយបើទោះបីជាគាត់ធ្លាប់ដឹកនាំក្រុមនេះមួយរយៈ។ ជាទូទៅអតីតគ្រូបង្វឹកដែលចាកចេញហើយវិលត្រលប់មកវិញទោះដឹកនាំក្រុមផ្សេងក្តីក៏ត្រូវបាន ទទួលការស្វាគមន៍តាមរយៈការទះដៃអបអរសាទរដែរ ប៉ុន្តែអ្នកគាំទ្ររបស់ក្លិបបិសាចក្រហមបែរជាស្ងៀមស្ងាត់ទៅវិញពេលការមកដល់របស់លោកDavid Moyes។ អ្វី ដែលអាម៉ាស់ជាងនេះទៅទៀតសម្រាប់ លោក David Moyesនោះ គឺក្រុម Sunderland បានប្រកួតចាញ់ក្រុមដែលគាត់ធ្លាប់ដឹកនាំ៕
ដោយ៖ ដេវីត