ពេជ្រ អាវីហ្សា ឡើងបំភ្លឺនៅតុលាការសប្តាហ៍នេះ

ចែករំលែក៖

ភ្នំពេញ៖ ករណីប្រើប្រាស់អំពើហិង្សារលើតារាសម្តែង ពេជ្រ អាវីហ្សា ពីសំណាក់អតីតសង្សារជាប្អូនថ្លៃអ្នកឧកញ៉ាទ្រីភាព បានឈានដល់ដំណាក់កាលសាកសួរជនរងគ្រោះហើយនៅសប្តាហ៍នេះ។ តារាសម្តែងពេជ្រ អាវីហ្សា នឹងចេញដំណើរទៅកាន់ទឹកដីខេត្តព្រះសីហនុដែលជាទីតាំងនៃកន្លែងកើតហេតុនៅចុងសប្តាហ៍នេះប្រយោជន៍ឆ្លើយបំភ្លឺនៅខាងមុខមន្ត្រីតុលាការជុំវិញករណីហិង្សាកាលពីខែមុន។

ពេជ្រ អាវីហ្សា បញ្ជាក់ទៀតថា ថ្ងៃទី៣១ខែធ្នូនេះតុលាការ នឹងហៅនាងទៅចូលបំភ្លឺ ជុំវិញករណីប្រើប្រាស់ហិង្សាធ្ងន់ធ្ងរមកលើនាងកាលពីពេលកន្លងមក។ នាងបន្តថា នាងនៅតែរក្សាជំហរមិនប្តឹងអតីតសង្សារ ព្រោះនាងពិតជាចង់អហោសកម្មឲ្យអតីតគូស្នេហ៍ អ្វីគ្រប់យ៉ាងដែលធ្លាប់មានជាមួយគ្នា ឲ្យចប់ទាំងអស់ កុំឲ្យមានកម្មពៀរជាមួយគ្នាតទៅទៀត។ នាងបញ្ជាក់ថា ថ្ងៃក្រោយបើសង្សាររបស់ខ្លួនទទួលទោសរួច មកសុំជានាជាមួយវិញ ក៏នាងមិនព្រមដែរ គឺសុំបញ្ចប់ត្រឹមនេះតែម្ដង ប៉ុន្តែការចូលទៅឆ្លើយបំភ្លឺនៅពេលនេះគឺដើម្បីបញ្ចប់បណ្តឹងព្រហ្មទណ្ឌតែប៉ុណ្ណោះ។ នាងបញ្ជាក់ដែរថា មិនចង់ទទួលបានសំណងអ្វីពីអតីតគូស្នេហ៍ ក្រៅតែពីការចង់បញ្ចប់បញ្ហាខាងលើដោយសន្តិវិធី បើទោះបីជាកន្លងមកនាងធ្លាប់រងអំពើហិង្សាពីគូស្នេហ៍មិនតិចជាង៣ដងនោះទេ គ្រាដែលពួកគេភ្ជាប់ទំនាក់ទំនងស្នេហានឹងគ្នា។

គេចាំបានថាពេជ្រ អាវីហ្សា ត្រូវបានអតីតគូស្នេហ៍របស់ខ្លួន ដែលត្រូវបានគេស្គាល់ថា ជាប្អូនថ្លៃអ្នកឧកញ៉ាទ្រីភាព វាយឲ្យមានរបួសយ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០១៦កន្លងទៅ នៅខេត្តព្រះសីហនុ។ រឿងក្ដីខាងលើ តារាស្រីសាច់សខ្ចីរូបនេះ បញ្ជាក់ថា នាងមិនបានប្ដឹងទេ ទាំងបណ្ដឹងព្រហ្មទណ្ឌ ក៏ដូចជាបណ្ដឹងរដ្ឋប្បវេណី ទៅអតីតសង្សាររបស់នាងឡើយ។ ទោះយ៉ាងណា ដោយករណីខាងលើស្ថិតក្នុងបទល្មើសព្រហ្មទណ្ឌ ដូចនេះ តាមផ្លូវច្បាប់ ទោះបីជាជនរងគ្រោះមិនប្ដឹង ក៏ព្រះរាជអាជ្ញាមានសិទ្ធិចោទប្រកាន់លើជនល្មើសដែរ ហើយនាងនៅតែបន្តរក្សាជំហរមិនប្តឹងផ្តល់អ្វីនោះទេ ប៉ុន្តែនាងស្នើឲ្យមន្ត្រីតុលាការធ្វើចំណាត់ការតាមនីតិវិធី។ ពេជ្រ អាវីហ្សាបញ្ជាក់ថា នាងធ្លាប់ទទួលរងការបង្កហិង្សាដូចគ្នានេះមិនតិចជាង៣លើកទេ ប៉ុន្តែនាងមានតែពាក្យមួយគឺស៊ូទ្រាំ ហើយរហូតមកដល់ពេលនេះអារម្មណ៍ភ័យខ្លាចនៅមិនទាន់បាត់ទាំងស្រុងនៅឡើយ ហើយរបួសរបស់នាងក៏មិនទាន់ជាសះស្បើយនៅឡើយដែរ។

គួរបញ្ជាក់ដែរថា សាលាដំបូងខេត្តព្រះសីហនុ ចេញដីកាសម្រេចឃុំខ្លួនលោក គៀង ហេង ប្អូនថ្លៃអ្នកឧកញ៉ា ទ្រី ភាព និងជាអតីតសង្សារនាង ពេជ្រ អាវីហ្សា ដាក់ពន្ធនាគារជាបណ្តោះអាន្ន ហើយកាលពីថ្ងៃទី១៦ខែវិច្ឆិកានេះ និងបន្ទាប់ពីមានការរិះគន់ខ្លាំងៗពីមហាជន។    សង្សារនាងត្រូវដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទហិង្សាដោយចេតនាដែលជាបទល្មើសព្រហ្មទណ្ឌក្រោយពីបុរសរូបនេះបានប្រព្រឹត្តិហិង្សាលើសង្សារខ្លួនកាលពីរាត្រីថ្ងៃទី១៣ ខែវិច្ឆិកាក្នុងក្លឹបកម្សាន្តមួយនាខេត្តព្រះសីហនុ៕

img_5689 img_0188 img_0182 img_9745 img_0309 img_0308

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print