ភ្នំពេញ៖ លោក យី វាសនា អគ្គលេខា ធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិក កម្ពុជាបានថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាស្តីពីការបណ្តុះបណ្តាលនិងពង្រឹងសមត្ថភាពកម្រិតមូលដ្ឋានដល់មន្ត្រីដែលទើប ជាប់ក្របខ័ណ្ឌកាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ថា ក្តីប្រាថ្នារបស់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាគឺធ្វើយ៉ាងណាខិតខំបណ្តុះបណ្តាលធនធានមនុស្សផ្នែក វាយតម្លៃប្រភេទកីឡាជនពិការកម្រិតខ្ពស់ឲ្យបានដូចប្រទេសក្នុងតំបន់ ប៉ុន្តែយើងត្រូវប្រើពេលប្រហែល៤ទៅ៨ឆ្នាំខាងមុខទៀត។
លោក យី វាសនា បញ្ជាក់ថា “ខ្ញុំគិតថា យើងមិនអាចកាត់ផ្តាច់បានទេកិច្ចសហ ប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់ ព្រោះកម្ពុជាយើងពុំទាន់មានមន្ត្រីវាយតម្លៃកីឡាជនពិការដែលជាប់ Qualify នៅ ឡើយ។ ដូច្នេះយើងត្រូវចំណាយពេលពី ចន្លោះ៤-៨ឆ្នាំដើម្បីបញ្ជូនមន្ត្រីដែលមានសមត្ថភាពផ្នែកវេជ្ជសាស្ត្រកីឡាជនពិការទៅសិក្សាជាមួយបណ្តាប្រទេសជាដៃគូ សម្រាប់បំពេញបន្ថែមចំណេះជំនាញឲ្យ ពួកគាត់ក្លាយជាអ្នកវាយតម្លៃកម្រិតបណ្ឌិតជួយក្នុងកិច្ចការវាយតម្លៃកីឡាករជនពិការក្នុងឋានៈខ្លួនជាម្ចាស់ផ្ទះរៀបចំការប្រកួត កីឡាអាស៊ានប៉ារ៉ាហ្គេមនៅឆ្នាំ២០២៣”។
លោកអគ្គលេខាធិការបានបន្ថែមថា ការពង្រឹងសមត្ថភាពបច្ចេកទេសរៀបចំព្រឹត្តិការណ៍កីឡាធំៗដល់មន្ត្រីគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាធ្វើឡើងជាអចិន្ត្រៃយ៍ ព្រោះបច្ចុប្បន្នប៉ារ៉ាឡាំពិកកម្ពុជាកំពុងជួបការខ្វះខាតធនធានមន្ត្រីបច្ចេកទេសកម្រិត ស្តង់ដារគួរឲ្យបារម្ភ។
គួរបញ្ជាក់ថា មន្ត្រីទាំង៤៨រូបដែលទើប ជាប់ក្របខ័ណ្ឌជាមន្ត្រីពេញសិទ្ធិបម្រើការនៅគណៈកម្មាធិការជាតិប៉ារ៉ាឡាពិកកម្ពុជា នឹងត្រូវឆ្លងកាត់វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព៣ដំណាក់កាលរយៈពេល៦ ខែ។ ដោយឡែកដំណាក់កាលទី១នេះសិក្ខាកាមទាំងអស់តម្រូវឲ្យសិក្សាពីលក្ខណៈ មូលដ្ឋាន គ្រឹះស្តីពីហេដ្ឋារចនាសម្ព័ន្ធទូទៅនិងរបៀបសិក្សាឈ្វេងយល់ពីកីឡាជនពិការ ៕
ដោយ៖ សារីម











