ខេត្តកណ្តាល៖ ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់នៅឃុំត្រើយស្លា ត្រូវបានសមត្ថកិច្ចនគរបាល ចាប់ខ្លួនបាន ខណៈកំពុងជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ១១០ត្រើយខាងកើតទន្លេបាសាក់ កាលពីវេលាម៉ោង៦ និង១៥នាទីយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។
ក្នុងប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចធ្វើការដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួណ២កញ្ចប់ និងម៉ូតូ១គ្រឿងម៉ាកស៊ុយហ្ស៊ូគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BD-7340 ។
នាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លា លោកអនុសេនីយ៍ឯក ពុយ ទ្រី បានឲ្យដឹងថា ជនសង្ស័យជួញដូរគ្រឿងញៀនដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ឡេង គឹមហៃ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពោធិ៍ក្រោម ឃុំត្រើយស្លា ស្រុកស្អាង ។
លោកអនុសេនីយ៍ឯក ពុយ ទ្រី បានបន្តថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល និងចង្អុលបង្ហាញណែនាំពីលោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង ក្នុងនាមលោកជានាយប៉ុស្តិ៍បានដឹកនាំកងកម្លាំងចេញល្បាតជាប្រចាំនៅក្នុងភូមិសាស្ត្រឃុំត្រើយស្លា ដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ។ ជាក់ស្តែងនៅវេលាល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ លោកបានដឹកនាំមន្ត្រីនគរបាលប៉ុស្តិ៍ សហការជាមួយនគរបាលប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកស្អាងចេញល្បាតតាមបណ្តោយផ្លូវជាតិលេខ១១០ ។ ពេលកំពុងចេញល្បាតដល់ចំណុចភូមិព្រែកតាឯក ក៏បានប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូម្នាក់ឯងគួរឲ្យសង្ស័យ ទើបសមត្ថកិច្ចហៅឲ្យឈប់សុំធ្វើការត្រួតពិនិត្យ រហូតរកឃើញមានវត្ថុតាងថ្នាំញៀនលាក់ទុកនៅជាប់ខ្លួន ក៏ចាប់ជនសង្ស័យវ៉ៃខ្នោះ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចជនល្មើសឈ្មោះ ឡេង គឹមហៃ បានសារភាពថា នៅមុនពេលចាប់ខ្លួនរូបគេបានទទួលលុយពីឈ្មោះ ម៉ៅ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិពោធិកណ្តាល ឃុំត្រើយស្លា ចំនួន១៥ម៉ឺនរៀល ដើម្បីយកទៅទិញគ្រឿងញៀនពីឈ្មោះ ជាតិ ភេទប្រុស រស់នៅភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ១កញ្ចប់ក្នុងតម្លៃ១៥ម៉ឺនរៀល ហើយនៅផ្ទះរបស់គេក៏នៅមានថ្នាំញៀនមួយចំនួនទៀតផងដែរ ។
លោក ពុយ ទ្រី បានបញ្ជាក់ថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត និងសម្របសម្រួលនីតិវិធីពីលោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល កម្លាំងនគរបាលបានបន្តឆែកឆេរលំនៅដ្ឋានជនសង្ស័យខាងលើនេះ ដកហូតបានថ្នាំញៀន១កញ្ចប់បន្ថែមទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕
ដោយ៖ ស្អាងជ័យ












