អ្នកស្លាប់ក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងនៅអន្លង់វែងខេត្តឧត្តមានជ័យកើនឡើង១៧នាក់ហើយ

ចែករំលែក៖

  • រថយន្តយោធាដឹកសពមកដល់វត្តធម្មត្រយ៍នៅវេលាម៉ោង២និង២០នាទីយប់ថ្ងៃទី១៤សីហា
  • ចៅសង្កាត់ព្រៃស៖ក្នុងចំណោមអ្នកស្លាប់មានសាច់ញាតិខ្ញុំ១០នាក់

ភ្នំពេញ៖ សំឡេងស្រែកទ្រហោយំលាយឡំនឹងសំឡេងទូងស្គរគួរឲ្យសោកសង្វេគនៅក្នុងវត្តធម្មត្រយ៍ ខណៈដែលរថយន្តយោធាដឹកសពចូលមកដល់ក្នុងវត្តនៅវេលាម៉ោង២និង២០នាទីរំលងអធាត្រ ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៤ នៅភូមិធម្មត្រយ៍ហៅភូមិវ៉ាំងកាត់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

IMG_1352

ប្រភពពីមន្ត្រីសាលាសង្កាត់បានឲ្យដឹងថា គណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ព្រៃស ដឹកនាំដោយលោក ខាត់ សុខៃ ជាចៅសង្កាត់បានចុះរៀបចំកម្លាំងសណ្តាប់ធ្នាប់សង្កាត់នៅតាម ផ្ទះគ្រួសាររងគ្រោះដោយស្មារតីទទួលខុសត្រូវខ្ពស់។ លោកចៅសង្កាត់បានចុះតាមផ្ទះគ្រួសារ រងគ្រោះ និងពាំនាំដំណឹងពីស្រុកអន្លង់វែង ខេត្តឧត្តមានជ័យដល់គ្រួសាររងគ្រោះឲ្យស្ងប់ស្ងាត់ និងទទួលដំណឹងជាបន្តបន្ទាប់។ ប្រភពដដែលបន្តថា នៅវេលាយប់នោះផងដែរ លោក ចេង មុនីរ៉ា អភិបាលរងខណ្ឌដង្កោក៏បានអញ្ជើញចុះដល់ផ្ទះគ្រួសាររងគ្រោះផងដែរ ។

ដោយឡែកគណៈកម្មាការវត្តក៏បានរៀបចំកន្លែងទទួលដាក់សាកសព និងធ្វើពិធីនិមន្ត ព្រះសង្ឃសូត្រធម៌ប្រោះព្រំមុន និងបែងចែកសាកសពដល់ក្រុមគ្រួសារនៃសព ។

ដោយឡែកចៅសង្កាត់ព្រៃស លោក ខាត់ សុខៃ បានបញ្ជាក់ឲ្យដឹងដែរថា ជនរងគ្រោះ ដែលបានស្លាប់នៅក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងនោះ ពួកគាត់សុទ្ធសឹងជាអ្នកធ្វើបុណ្យ ទាន ចុះហេតុអ្វីបានជាពួកគេទទួលលទ្ធផលបែបនេះ។ លោកថា នៅក្នុងចំណោមអ្នកស្លាប់១៧ នាក់នោះមានសាច់ញាតិលោក១០នាក់ទៅហើយ។ លោកបានបន្តទាំងទឹកភ្នែករលីងរលោងថា លោកបានការសោដសង្វេគយ៉ាងខ្លាំងនៅពេលដែលលោកបានឃើញទិដ្ឋភាពបែបនេះនៅក្នុង វត្ត ហើយគ្រួសារខ្លះស្លាប់ទាំងម្តាយទាំងឪពុក។ គ្រួសារខ្លះទៀតស្លាប់ទាំងបងទាំងចៅក៏មាន ដែរ នៅក្នុងវត្តឭសូរសម្លេងស្រែកទ្រហោរយំ។

លោក ខាត់ សុខៃ បន្តថា ជនរងគ្រោះបានជួលរថយន្តក្រុងទៅធ្វើបុណ្យហែរទានវស្សា ទៅវត្តនៅក្នុងស្រុកអន្លង់វែង ព្រោះថាវត្តនោះពុំមានអ្នកធ្វើបុណ្យទានទៅដល់ទេហើយពួកគាត់ ក៏បានផ្តល់ថវិកា មី សម្ភារ ឧបភោគបរិភោគដល់បងប្អូនកងទ័ពខ្មែរយើងនៅខ្សែបន្ទាប់ព្រំដែន ផងដែរ។ ស្រាប់តែនៅវេលាម៉ោងជាង១១ថ្ងៃត្រង់រូបលោកបានទទួលដំណឹងថា មានរថយន្ត ក្រុងដឹកមនុស្សហែរទានវស្សាទៅវត្តនៅស្រុកអន្លង់វែងក្រឡាប់ស្លាប់និងរបួស ពេលនោះរូប លោករន្ធត់យ៉ាងខ្លាំង ហើយក៏ធ្វើការទំនាក់ទំនងគ្នាពីអាជ្ញាធរខេត្តឧត្តមានជ័យរហូតមកហើយ លោកអភិបាលខេត្តឧត្តមានជ័យក៏បានចាត់ចែងដឹកសពមកដល់ផ្ទះនៅសង្កាត់ព្រៃស។ លោក ថា នៅក្នុងសង្កាត់ព្រៃសមានចំនួន៤ភូមិកងរំពងដោយសម្លេងបុណ្យសព។

ស្រ្តីម្នាក់ត្រូវជាកូនបានទ្រហោរយំយ៉ាងខ្លាំងព្រោះម្តាយនិងឪពុកបានស្លាប់ក្នុងហេតុការ ណ៍នេះ បុរសត្រូវជាប្តីបានប្រាប់ថា ឪពុកគាត់មានឈ្មោះ គឹម សំអាត អាយុ៦៣ឆ្នាំ និងម្តាយ មានឈ្មោះ ឈុំ សុផាត អាយុ៦១ឆ្នាំ មានមុខរបរលក់នំ។

ចំណែកអ៊ុំប្រុសឈ្មោះ សយ គ្រេន អាយុ៧១ឆ្នាំ បានឲ្យដឹងដែរថា ប្រពន្ធគាត់មាន ឈ្មោះ ចិន សំអុល អាយុ៦៦ឆ្នាំ បានស្លាប់ក្នុងហេតុការណ៍នេះដែ និងកូនស្រីឈ្មោះ សយ ស្រី នាង អាយុ២២ឆ្នាំ រងរបួសបាក់ជើងនិងចង្កេះ។ លោកអ៊ុំប្រុសបន្តថា កូនស្រីគាត់ជានិស្សិតសា លាពេទ្យទើបតែរៀនចប់។

ប្រភពពីមន្ត្រីមូលដ្ឋានសង្កាត់ក៏បានឲ្យដឹងដែរថា ស្ត្រីឈ្មោះ សុខ បានស្លាប់នៅមន្ទីរ ពេទ្យខេត្តសៀមរាប ហេតុដូច្នេះអ្នកស្លាប់កើនឡើងដល់ទៅ១៧នាក់ហើយ ៕

IMG_1327

IMG_1328

IMG_1333

IMG_1318

IMG_1358

IMG_1357

IMG_1371

IMG_1365

...

ដោយ៖ តាឡឹម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print