ខេត្តក្រចេះ ៖ មន្ត្រីយោធាកងទ័ពជើងគោក មានឈ្មោះល្បីមួយរូប ត្រូវបានគេនិយាយថា កំពុងតែមានសកម្មភាពយ៉ាងសកម្ម ក្នុងការដឹកជញ្ជូនឈើប្រណិត និងឈើអារសុក្រំលេខ១ តាមរថយន្តធុនធំ និងតាមរថយន្តសាំយ៉ុងជាច្រើនគ្រឿង នាំចេញពីពីខេត្តស្ទឹងត្រែងនិងខេត្តក្រចេះ តាមផ្លូវជាតិលេខ៧ ឆ្ពោះយកទៅលក់នៅប្រទេសវៀតណាម ។
ការដឹកជញ្ជូនឈើពីសំណាក់លោក ថន ប៊ុនធី ហៅធីបាញ់ ជាមន្ត្រីយោធាកងទ័ពជើងគោក តាមរថយន្តជាច្រើនគ្រឿងជារៀលរាល់ថ្ងៃនេះ ត្រូវបានគេនិយាយថា គឺធ្វើឡើងនៅពេលយប់ ហើយក៏មានការបើកភ្លើងខៀវ ពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា សកម្មភាពដឹកជញ្ជូនឈើល្មើសច្បាប់ របស់ លោក ថន ប៊ុនធី ហៅធីបាញ់ គឺពិតជាកើតមានជារៀងរាល់ថ្ងៃ ទាំងតាមរថយន្តធុនធំនិងធុនតូច តែកម្រនិងមានការចាប់បង្ក្រាបពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ក៏ដូចជាសមត្ថកិច្ចមួយចំនួនទៀត ព្រោះមុននិងចេញឈើម្តងៗ គឺឈ្មួញម្នាក់នេះ បានដើររត់ការជាមួយសមត្ថកិច្ចពាក់ព័ន្ធជាមុនក្នុងខេត្តទាំងអស់ ។
ដោយឡែកឈើដែលលោក ថន ប៊ុនធី ហៅធីបាញ់ កំពុងធ្វើសកម្មភាពដឹកជញ្ជូនរាល់ថ្ងៃនេះ ត្រូវបានអះអាងថា គាត់គ្រាន់តែជាអ្នកស៊ីឈ្មួលរត់ការបើកផ្លូវជាមួយសមត្ថកិច្ចតែប៉ុណ្ណោះ ហើយឈើទាំងនេះគឺជាឈើរបស់ថៅកែល្បីឈ្មោះនៅខេត្តក្រចេះ តែម្ចាស់ឈើមិនចេញមុខរត់ការខ្លួនឯង ដោយខ្លាចប៉ះពាល់ដល់កិត្តិយស ទើបពឹងឲ្យគាត់ជួយរត់ការជំនួសទៅវិញ ។ ហើយឈើទាំងនោះភាគច្រើនជាប្រភេទឈើអារលេខ១សុក្រំ និងឈើមួយចំនួនតូចទៀតជាប្រភេទឈើប្រណិតធ្នង់ ហើយអ្នកដែលអាចនាំឈើចេញទៅលក់នៅប្រទេសវៀតណាមបាននោះគឺមានតែលោក ថន ប៊ុនធី ហៅលោកធីបាញ់ ព្រោះសមត្ថកិច្ចនៅតំបន់នោះ គឺមានការយោគយល់ច្រើនចំពោះឈ្មួញម្នាក់នេះដោយ សារតែរូបគាត់ក៏ជាមន្ត្រីយោធាម្នាក់ដែរ ។
ពាក់ព័ន្ធនិងការនាំឈើល្មើសច្បាប់ទៅលក់នៅវៀតណាម ដោយមិនមានការចាប់បង្ក្រាបនេះ ពលរដ្ឋរស់នៅក្នុងស្រុកស្នួល ក្បែរច្រកផ្លូវនាំឈើចេញទៅប្រទេសវៀតណាម ពួកគាត់បានដាក់ចម្ងល់ថា «ពួកគាត់ឃើញមានវត្តមាន សមត្ថកិច្ចស្អែកស្កះ នៅតំបន់នេះ ជាពិសេសកម្លាំងប្រដាប់អាវុធ និងមេព្រៃ មានទាំងសមត្ថកិច្ចថ្នាក់ក្រសួង ថ្នាក់ជាតិ ចុះមកឈរជើងនៅតំបន់នេះ តែឈើនៅតែបន្តចេញទៅវៀតណាមបានដោយរលូនទៀត» ។ ជាងនេះទៀតពលរដ្ឋនិយាយថា សមត្ថកិច្ចទាំងនេះគឺមិនមានឆន្ទះ ក្នុងការទប់ស្កាត់ការនាំឈើចេញនោះទេ បើមានឆន្ទះទប់ស្កាត់ឬបង្ក្រាបនោះ កុំថាឡើយឈើ់ដឹកទាំងឡានៗបែបនេះ សម្បីតែឈើ១ដុំក៏ចេញមិនរួចដែរ ព្រោះកម្លាំងសមត្ថកិច្ចនៅតំបន់ច្រើនស្ថាប័នណាស់ ៕
ដោយ៖ កោះទ្រុង