ខេត្តសៀមរាប៖ ឃាតកដែលអារក សម្លាប់ជនរងគ្រោះ៣នាក់តែស្លាប់២នាក់ របួសធ្ងន់ម្នាក់នៅខេត្តសៀមរាបកាលពី ពេលថ្មីៗកន្លងទៅនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាបកាលពីល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧។ ឃាតកដ៏សាហាវនេះត្រូវបាន សមត្ថកិច្ចជំនាញនាំយកទៅសាកសួរដើម្បី កសាងសំណុំរឿងបញ្ជូនទៅតុលាការបន្ត។
មន្រ្តីនគរបាលបានឲ្យដឹងថា ជនសង្ស័យ ជាឃាតកត្រូវបានចាប់ខ្លួនឈ្មោះ ជា សុខ ជៀន ភេទប្រុស អាយុ២៣ឆ្នាំ មានស្រុក កំណើតនៅឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានមុខរបរជាបុគ្គលិកក្រុមហ៊ុនអាហារបំប៉នសុខភាព(BHIP) ស្នាក់បណ្តោះអាសន្ននៅបន្ទប់ជួលក្នុងក្រុមទី៦ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប ។
ទាក់ទិននឹងករណីនេះលោកភឹង ចន្តារ៉េត ស្នងការរងទទួលបន្ទុកកណ្តាលព្រហ្មទណ្ឌ បានប្រាប់អ្នកយកព័ត៌មាននគរវត្តថា ពេលនេះជនសង្ស័យសមត្ថកិច្ចកំពុងសាកសួរ។ ដូច្នេះមិនទាន់អាចលម្អិតព័ត៌មានបានទេ។ ទោះជាយ៉ាងនេះក្តី បើតាមមន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តម្នាក់បង្ហើបឲ្យដឹងថា តាមចម្លើយ សារភាពជនសង្ស័យគឺមុនសម្លាប់ជនរង គ្រោះគេ(ជនដៃដល់)បានដាក់ថ្នាំសណ្តំនៅក្នុងទឹកឲ្យជនរងគ្រោះផឹក ហើយពេល ដែលសន្លប់ និងដេកលង់លក់គេបានយកពូថៅកាប់ចិញ្រ្ចាំបំពង់កតែម្តង។ ជន ដៃ ដល់បានសារភាពទៀតថា ករណីសម្លាប់ ជនរងគ្រោះនេះគឺដើម្បីប្លន់យកទ្រព្យសម្បតិ្ត រួចហើយទើបគេចខ្លួនជាក្រោយ ។
គួររំលឹកថា កាលពីវេលាទៀបភ្លឺថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ នៅក្នុងក្រុមទី៦ ភូមិ សាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្ត សៀមរាបមានករណីភ្ញាក់ផ្អើលមួយកើតឡើងគ្រាដែលជនរងគ្រោះ២នាក់ក្នុង ចំណោម៣នាក់ត្រូវបានឃាតកសម្លាប់ យ៉ាងព្រៃផ្សៃក្នុងបន្ទប់ផ្ទះជួលនៃចំណុច កើតហេតុខាងលើនេះ ។
ជនរងគ្រោះដែលត្រូវឃាតកសម្លាប់ដោយអារកត្រូវបានគេស្គាល់ ទី១-ឈ្មោះ ឃុន សុខយិន ភេទប្រុស អាយុ២៧ឆ្នាំ មាន ស្រុកកំណើតនៅស្រុកឈូក ខេត្តកំពត និង ទី២-ឈ្មោះ វេត រដ្ឋា ភេទប្រុស អាយុ២៥ ឆ្នាំ មានស្រុកកំណើតនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្នាក់នៅចំណុចកើត ហេតុ។ អ្នកទាំង២ជាបុគ្គលិកក្រុមហ៊ុន អាហារបំប៉នជាមួយគ្នានឹងជនដៃដល់នេះដែរ។ ចំណែកនារីម្នាក់ទៀតដែលជនដៃ ដល់សម្លាប់តែមិនស្លាប់ឈ្មោះឡេង ស្រីពៅ អាយុ១៨ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនអាហារ បំប៉នជាមួយគ្នា មានស្រុកកំណើតនៅភូមិ ការ៉េនជោរ ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្ត តាកែវ ស្នាក់នៅចំណុចកើតហេតុ ។
បើតាមនារីរងគ្រោះដែលជនដៃដល់ សម្លាប់តែមិនស្លាប់បានប្រាប់សមត្ថកិច្ចក្រោយពីនាងដឹងខ្លួននៅក្នុងមន្ទីរពេទ្យថា នៅពេលដែលជនដៃដល់សម្លាប់នាងនោះ នាងបានធ្វើពុតជាស្លាប់ទើបអាចរួចផុតពីសេចក្តីស្លាប់ ។
នាងបន្តថា ជនសង្ស័យជាបុគ្គលិករួមការងារជាមួយគ្នាហើយទើបចូលធ្វើការបានជិត១ឆ្នាំប៉ុណ្ណោះ ៕
ដោយ៖ ប៊ុន រិទ្ធី