ភ្នំពេញ : អនុរក្សពន្ធនាគារព្រៃស កាលពីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ បាននាំខ្លួនបុរសចំណាស់ម្នាក់ មកសាលាឧទ្ធរណ៍ ដើម្បីជំនុំជម្រះបទល្មើសក្លែង ស.ជ.ណ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរត់ការឲ្យជនបរទេសបានចូលជាសញ្ជាតិខ្មែរ តែមិនបានសម្រេច ។
មន្ត្រីពន្ធនាគារ បញ្ជាក់ថា បុរសរូបឈ្មោះ ឆេង ភិរម្យ អាយុ៥៤ឆ្នាំ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ តែអនុវត្តទោសត្រឹម២ឆ្នាំ ប៉ុណ្ណោះ ពីបទក្លែងបន្លំឯកសារសាធារណៈ ។
ក្នុងពេលសវនាការ ឈ្មោះ ឆេង ភិរម្យ សារភាពថា បានស្គាល់ដើមបណ្ដឹងតាមរយៈ ឈ្មោះ ឃឹម សុជាតិ ដែលជាសាក្សី ក្នុងសំណុំរឿងនេះ បន្ទាប់មកដើមបណ្ដឹងបានពឹងពាក់គាត់ ឲ្យជួយរត់ការចូលជា សញ្ជាតិខ្មែរ ឲ្យមិត្តភក្ដិរបស់ដើមបណ្ដឹង ដែលមានសញ្ជាតិចិនកាត់ម៉ាឡេស៊ី ដោយបានប្រគល់លុយ សម្រាប់រត់ការ ចំនួន១មឺុន៧ពាន់ដុល្លារ ហើយគាត់បានអោយលុយនោះបន្តទៅ ឲ្យឈ្មោះ ជា រ័ត្ន ដោយ ឈ្មោះជា រ័ត្ន បានសន្យាថា រយៈពេល១ខែ និងប្រគល់ សជណ ពាក់ព័ន្ធនឹងការចូលជាសញ្ជាតិខ្មែរឲ្យ។
លោក គឹម សុគន្ធា ជាដើមបណ្ដឹង ធ្លាប់បានឲ្យដឹងថា ឈ្មោះ ឆេង ភិរម្យនិងឈ្មោះជា រ័ត្ន បានប្រគល់ សជណ ពាក់ព័ន្ធនឹងការប្តូរសញ្ជាតិនោះ គឺគ្រាន់តែជាលិខិតមួយមានអក្សរសខ្មៅប៉ុណ្ណោះ ហើយគាត់បានសុំឲ្យជនជាប់ ចោទឆេង ភិរម្យ និងឈ្មោះជា រ័ត្ន ប្រគល់លិខិត សជណ ជាលិខិត ព្រីនជាកូល័រ ឲ្យបានត្រឹមត្រូវ ដើម្បីយកទៅ ឲ្យមិត្តភក្ដិដែលមានសញ្ជាតិចិនកាត់ ម៉ាឡេស៊ី ។ ប៉ុន្តែ ឈ្មោះជា រ័ត្ន ដែលជាអ្នករត់ការក្នុងសំណុំរឿងនេះ ចេះតែឲ្យដើមបណ្ដឹងរងចាំ ម្តងជាពីរដង ។
លុះមួយខែក្រោយមកឈ្មោះជា រ័ត្ន បានបិទទូរស័ព្ទ ហើយដើម បណ្ដឹងចេះតែទាក់ទងមិនចូល ទើបខ្លួនសង្ស័យថា សជណ ដែលជនជាប់ចោទ និងឈ្មោះជា រ័ត្ន ឲ្យជា សជណ ក្លែងក្លាយ រួចដើមបណ្ដឹងបានយក សជណ នោះ ទៅផ្ទៀងផ្ទាត់ជាមួយនិងមន្ត្រីពាក់ព័ន្ធ ហើយមិនមាន សជណ នោះ នៅក្នុងបញ្ជីឡើយ ទើបដើមបណ្ដឹង ប្តឹងទៅសមត្ថកិច្ច បានឃាត់ខ្លួនជនជាប់ចោទឈ្មោះឆេង ភិរម្យ ហើយឈ្មោះ ជា រ័ត្ន បានរត់គេចខ្លួនមកដល់បច្ចុប្បន្ន។
លោក ប៉ែន សារ៉ាត ជាតំណាងមហាអយ្យការ បានសន្និដ្ឋានតម្កល់បទចោទប្រកាន់លើជនជាប់ចោទទុកជាបានការដដែល ។
ទោះបីយ៉ាងណា ក្រោយការសួរដេញដោល លោក សេង ស៊ីវុត្ថា អនុប្រធានសាលាឧទ្ធរណ៍ បានសម្រេចលើកពេលប្រកាសសាលដីកាទៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះវិញ ៕ ដោយ ៖ ចេស្តា