ភ្នំពេញ៖ ប៉ុន្មានថ្ងៃដើមខែមករាឆ្នាំ ២០១៧នេះ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបាននិងកំពុងខិតខំធ្វើតេស្តជ្រើសរើសកីឡាករកីឡាការិនីល្អៗសម្រាប់ប្រមូលផ្តុំហ្វឹកហាត់ត្រៀមចេញទៅប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី៩ នៅប្រទេសម៉ាឡេស៊ី នាខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះ ។
នេះបើតាមការអះអាងរបស់លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាកាលពីព្រឹកថ្ងៃទី៤ខែមករា ឆ្នាំ២០១៦ នៅទីលានពហុកីឡ ដ្ឋានជាតិ ។
លោក យី វាសនា និងក្រុមមន្ត្រីផ្នែក ត្រួតពិនិត្យកាយសម្បទារួមជាមួយគ្រូបង្វឹកបានធ្វើតេស្តកីឡាករកីឡាការិនីដោយ យកចិត្តទុកដាក់គិតទាំងការពិនិត្យ និង វាយតម្លៃប្រភេទពិការភាពរបស់កីឡាករ កីឡាការិនី ប៉ុន្តែការធ្វើតេស្តកាយសម្បទានេះធ្វើបានត្រឹមកម្រិតថ្នាក់ជាតិប៉ុណ្ណោះ ព្រោះមន្ត្រីរបស់លោកនៅមានកម្រិតទាបនៅឡើយ ។
លោកអគ្គលេខាធិការបានឲ្យដឹងថា ការធ្វើតេស្តអត្តពលិកជនពិការដើម្បីជ្រើសរើសយកអ្នកដែលមានសមត្ថភាពសម្រាប់ប្រមូលផ្តុំក្នុងជំរំហ្វឹកហាត់របស់ក្រុមជម្រើសជាតិឆ្នាំនេះគឺដើម្បីត្រៀមលក្ខណៈទៅចូលរួមប្រកួតព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី៩នៅម៉ាឡេស៊ីឆ្នាំ២០១៧។ ប្រភេទ កីឡាអត្តពលកម្មជនពិការមានវិញ្ញាសា ចំនួន៥ ដូចជាវិញ្ញាសារត់ចម្ងាយ១០០ម៉ែត្រ ដល់៤០០ម៉ែត្រ, វិញ្ញាសារត់សម្រាប់អ្នក ពិការដៃ ពិការជើង ពិការភ្នែក និង វិញ្ញាសា ជិះរទេះមានវិញ្ញាសា១០០ម៉ែត្រ ២០០ ម៉ែត្រ និង៤០០ម៉ែត្រ ។ ក្នុងចំណោមអត្ត ពលិក៣២នាក់មកចូលរួមធ្វើតេស្តមាន ៧នាក់ជាកីឡាការិនី ។
លោក ផៃ សុខ គ្រូបង្វឹកកីឡាអត្តពល កម្មជម្រើសជាតិបានឲ្យដឹងថា វិញ្ញាសា ជិះរទេះ កីឡាករ វ៉ាន វ៉ុននៅតែរក្សាបាន ថិរវេលាល្អដាច់គេដដែលក្នុងនោះការ ប្រណាំងរទេះចម្ងាយ១០០ម៉ែត្រ វ៉ាន វ៉ុនធ្វើក្នុងរង្វង់ថិរវេលា១៥វិនាទី១៨ ខណៈ ដែលកីឡាករ២នាក់ផ្សេងទៀតធ្វើបាន សម្រេចក្នុងរង្វង់១៦វិនាទី៤៣និង១៧វិនាទី០២។ ជាមួយនិងថិរវេលាល្អលើវិញ្ញាសាចម្ងាយ១០០ម៉ែត្រ វ៉ាន វ៉ុន បន្តធ្វើតេស្ត វិញ្ញាសាជិះរទេះចម្ងាយ ៤០០ម៉ែត្រដោយគេធ្វើបានសម្រេចក្នុងរង្វងថិរ វេលា ចន្លោះពី៥៦វិនាទី៨៥។ចំពោះវិញ្ញាសាជិះរទេះ ចម្ងាយ៨០០ម៉ែត្រវ៉ានវ៉ុនធ្វើបានក្នុងថិរវេលា២នាទី០០៕
ដោយ៖ សារីម