ខេត្តបាត់ដំបង៖ ពលរដ្ឋខ្មែររាប់រយនាក់ដែលប្រកបមុខរបរលក់ដូរនៅផ្សារថៃ ខៅឌីន នាំគ្នាធ្វើបាតុកម្មនៅខាងមុខច្រកតំបន់ភ្នំដី ស្ថិតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ឈមនិងស្រុកខ្លងហាត ខេត្តស្រះកែវ បង្កឱ្យមានការកកស្ទះចរាចរណ៍ជាច្រើនម៉ោង ។
ពលរដ្ឋខ្មែរទាំងនោះទាមទារតវ៉ា ទៅនិងទាហ៊ានថៃ បានធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ គឺធ្វើយ៉ាងណាឱ្យទាហ៊ានថៃ បើកច្រកទ្វារព្រំដែនឱ្យបានទៀងទាត់ពេលវេលា និងឱ្យបានពីព្រឹកបន្តិច ដើម្បីពួកគាត់មានភាពងាយស្រួលចូលទៅប្រកបមុខរបរ នៅក្នុងផ្សារថៃ គ្រាដែលកន្លមងទាហ៊ានថៃដែលជាអ្នកទទួលខុសត្រូវខាងបើកច្រកទ្វារព្រំដែនដោយបើកទ្វារច្រកទ្វារមិនទៀងទាត់ពេលវេលាបើកតាមទំនើងចិត្តដែលទាហ៊ានថៃនឹកឃើញមិនគោរពតាមគោលការណ៍កិច្ចព្រមព្រៀងនៃភាគីទាំងពីរ កម្ពុជា-ថៃ។
តាមគោលការឯកភាពនៃភាគីទាំងពីរកម្ពុជា-ថៃនៅច្រកតំបន់ភ្នំដី ដោយទ្វារច្រកត្រូវបើកនៅរៀងរាល់ម៉ោង៦ព្រឹក។ បែរគេសង្កេតឃើញទាហានថៃពេលខ្លះ បើកម៉ោង៦និង៣០នាទី និង ជូនកាលទៀតបើកនៅម៉ោង៧ទៅម៉ោង៨ព្រឹកជាដើម បង្កឱ្យពលរដ្ឋខ្មែរធុញថប់ឈរត្រៀបត្រាកកស្ទះខាងមុខច្រក រងចាំទាហានថៃចេញមកបើកទ្វារព្រំដែន ដែលជាហេតុ ធ្វើឱ្យខាតបង់ពេលវេលា និងប៉ះពាល់នៃការប្រកបមុខរបរលក់ដូររបស់ពួកគាត់។
ពលលរដ្ឋខ្មែរដែលជាអ្នកទាមទារតវ៉ាគេសង្កេតឃើញពួកគាត់ជាអ្នកប្រកបមុខរបរ លក់គ្រឿងទេស លក់បបរ បាយ គុយទាវ កាហ្វេ និងលក់ត្រីសាច់ ជាដើម។ ខណៈដែលមានការទាមទារតវ៉ាគេសង្កេតឃើញសមត្ថកិច្ចនិងអាជ្ញាធរកម្ពុជាពាក់ព័ន្ធនិងភាគីថៃបានចេញមកសម្របសម្រួល ថានិងប្រជុំដោះស្រាយជូនដល់ពួកគាត់។ បន្ទាប់មកទើបពលរដ្ឋខ្មែរអ្នកទាមទារតវ៉ាបានដកថយវិញ។ពលរដ្ឋខ្មែរអ្នកតវ៉ា សំណូមពរឱ្យជួយដោះស្រាយធ្វើយ៉ាងណាឱ្យទាហ៊ានថៃបើកទ្វារច្រកព្រំដែនចាប់ពីវេលារៀងរាល់ម៉ោង៥ព្រឹកតទៅ។
ជុំវិញនៃបញ្ហានោះ លោក ហម សំខាន់ ប្រធានគណៈកម្មាធិការច្រកព្រំដែនតំបន់ភ្នំដី ប្រាប់ឱ្យដឹងថា ជាគោលការណ៍កន្លងមកដោយមានកិច្ចប្រជុំរវាងអាជ្ញាធរខេត្តស្រះកែវ និងខេត្តបាត់ដំបង ច្រកទ្វារព្រំដែនតំបន់សំពៅលូនបើករៀងរាល់វេលាម៉ោង៦ព្រឹកបិទទៅវិញ យ៉ាងហោចណាស់ត្រឹមម៉ោង៦ល្ងាច។
លោកប្រាប់ទៀតថា ការតវ៉ារបស់អាជីវករខ្មែរលក់ដូរនៅផ្សារថៃ ឱ្យបើកច្រកទ្វារនៅម៉ោង៥ព្រឹក វាមានការលំបាកណាស់សម្រាប់សមត្ថកិច្ចកម្ពុជាចូលទៅដោះស្រាយជាមួយភាគីថៃ ពីព្រោះច្បាប់ស្រុកគេម៉ោង៧ព្រឹកឡើងទៅទើបគេចាប់ផ្តើមធ្វើការងារក៏ប៉ុន្តែសមត្ថកិច្ច កម្ពុជា ប្រចាំច្រកតំបន់ភ្នំដី និងយកសំណូមពររបស់ពលរដ្ឋខ្មែរទៅចរចារជាមួយភាគីថៃ។
លោកបញ្ជាក់ឱ្យដឹងទៀតថា ក្រោយពីមានការតវ៉ារបស់ពលរដ្ឋខ្មែរនោះហើយ សមត្ថ កិច្ចកម្ពជា ប្រចាំច្រកតំបន់ភ្នំដី បានជួបប្រជុំជាមួយភាគីថៃ ។ ក្នុងកិច្ចប្រជុំដោះស្រាយភាគីថៃ គេក៏បានយល់ព្រមសម្របសម្រួលឱ្យពលរដ្ឋខ្មែរអាចចូលទៅប្រកបមុខរបរនៅក្នុងផ្សារថៃចាប់ពី វេលាម៉ោង៥និង៣០នាទីព្រឹកតទៅ។
សូមបញ្ជាក់ថា ការធ្វើបាតុកម្មនៅខាងមុខច្រកតំបន់ភ្នំពីសំណាក់ពលរដ្ឋខ្មែរប្រកបមុខរបរនៅក្នុងផ្សារថៃខៅឌីន ស្រុកខ្លងហាត ខេត្តស្រះកែវ ក្រោយពីទាហានថៃបានបិទច្រករបៀងនៅក្បែរច្រកតំបន់ភ្នំដី ។ កន្លងមកពលរដ្ឋខ្មែរអ្នកទាមតាមទារតវ៉ាពួកគាត់ជូនកាលចូលប្រកបមុខរបរនៅផ្សារថៃលួចចូលតាមច្រករបៀងនៅម៉ោង៤ព្រឹកទាបភ្លឺ ដើម្បីមានភាពងាយស្រួលពួកគាត់រៀបចំចាត់ចែងលក់អីវ៉ាន់ឱ្យបានពីព្រឹកបន្តិច។ ឆ្លងចូលតាមច្រករបៀងបានបង់ឱ្យទាហានថៃក្នុងម្នាក់៥បាតទៀតផង។
ក្រោយពីមានការបិទច្រករបៀងពីទាហានថៃនោះហើយដោយ តម្រូវឱ្យពួកគាត់ចូលតាមច្រកទ្វារព្រំដែនតំបន់នោះវិញដែលមានការបើកទ្វារច្រកមិនទៀងទាត់ ពីទាហានថៃ ខាត់បង់ពេលវេលាប្រកបមុខរបរពួកគាត់ ធ្វើឱ្យពលរដ្ឋខ្មែរអាជីវករទាំងនោះផ្ទុះការតវ៉ាតែម្តង ៕ សំ វិច្ឆិកា