ក្រៅពីការបង្កើនសកម្មភាពវាយប្រហារទៅលើក្រុមភេរវកម្មនៅក្នុងប្រទេសស៊ីរី និងអីុរ៉ាក់ ទួរគីក៏បានបង្កើនសកម្មភាពបោស សម្អាតក្រុមភេរវកម្មដែលលាក់ខ្លួននៅក្នុងប្រទេសផងដែរ។
ក្រោយការវាយប្រហារនៅយប់ឆ្លងឆ្នាំក្នុងទីក្រុងអីុស្តង់ប៊ុល ទួរគីបានបង្កើនការ វាយប្រហារទៅលើក្រុម IS នៅក្នុងប្រទេស ស៊ីរីដោយវាយប្រហារទម្លាក់គ្រាប់បែក សម្លាប់ខ្មាន់កាំភ្លើង IS អស់ជាច្រើន។
ក្រៅពីប៉ូលិសនៅក្នុងប្រទេសទួរគីបានធ្វើការឃាត់ខ្លួនជនសង្ស័យដែលមានទំនាក់ ទំនងនឹងរដ្ឋអ៊ិស្លាមចំនួន៥នាក់ដែលពួកគេត្រូវបានសង្ស័យថា មានជាប់ពាក់ព័ន្ធទៅលើការវាយប្រហារមួយនៅក្នុងក្លិប រាត្រីកម្សាន្តមួយកន្លែងនៅភាគខាងលិចក្រុង Izmir បណ្តាលឲ្យមានអ្នកស្លាប់ចំនួន ៣៩នាក់ចំថ្ងៃនៃពិធីឆ្លងឆ្នាំសកលតែម្តង។
Anadolu បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃអង្គារថា មនុស្ស១៤នាក់ត្រូវបានឃាត់ ខ្លួនដោយមានជាប់សង្ស័យទៅលើការ វាយប្រហារ ហើយក្រុមរដ្ឋអ៊ិស្លាមបាន ប្រកាសថា ជាទង្វើរបស់ពួកគេ។ ទូរទស្សន៍ NTV បានផ្សព្វផ្សាយថា ក្នុងនោះមានជន បរទេសចំនួន២រូបដែលត្រូវបានឃាត់ខ្លួនដែរ នៅឯព្រលានយន្តហោះ Ataturk នៅរដ្ឋអុីស្តង់ប៊ុល ។
ខ្មាន់កាំភ្លើងដែលបានបាញ់រះត្រូវបានគេដឹងថា បានភៀសខ្លួនបន្ទាប់ពីវាយ ប្រហាររួច ហើយស្ថិតក្នុងការតាមប្រមាញ់ នៅឡើយ។
ក្រៅពីទួរគីប្រទេសនៅក្នុងតំបន់អឺរ៉ុបដែលធ្លាប់រងការវាយប្រហារភេរវកម្មក៏ បានបង្ហើបបង្ហាញផែនការគោលខាងផ្នែកបណ្តេញជនអន្តោប្រវេសន៍ និងគម្រោងធ្វើ កំណែទម្រង់ពង្រឹងភ្នាក់ងារសន្តិសុខ ជាតិ។ ភ្នាក់ងារសន្តិសុខដែលមានចំណុចខ្សោយ ប្រហែសប្រហោងរហូតបណ្តោយឱ្យមានភេរវកម្មវាយប្រហារក្រុងប៊ែរឡាំងបាននាថ្ងៃទី៩ធ្នូ សម្លាប់មនុស្ស១២នាក់ និងរបួសជាច្រើននាក់។
តាមរយៈទំព័រសារព័ត៌មាន Frankfurter Allgemeine Zeitung លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់បានសង្កត់ធ្ងន់ អំពីភាពចាំបាច់នៃការពន្លឿនដំណើរការចាប់បញ្ជូនជនអន្តោប្រវេសន៍សុំសិទ្ធិជ្រកកោន និងការពង្រឹងអំណាចរដ្ឋសហព័ន្ធក្នុង វិស័យចារកិច្ចផ្ទៃក្នុងដែលបែងចែកបច្ចុប្បន្ន នេះជា១៦តំបន់។ លោកក៏បានស្នើសុំឱ្យមានការបង្កើនសមត្ថភាពដែលរហូតមក ទល់ពេលនេះកម្រិតត្រឹមថ្នាក់ប៉ូលិសសហព័ន្ធ និងដាក់ឱ្យមានមជ្ឈមណ្ឌលមួយគ្រប់គ្រងទូទៅបញ្ហាសន្តិសុខជុំវិញករណីពាក់ព័ន្ធរវាងជនអន្តោប្រវេសន៍និងក្រុមភេរវករ។
បើតាមលោករដ្ឋមន្ត្រីបញ្ជាក់ប៉ូលិស សហព័ន្ធគ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ស្កាត់មហន្តរាយថ្នាក់ជាតិដូចយ៉ាងភេរវ កម្មថ្ងៃទី១៩ធ្នូ ប្រឆាំងនឹងផ្សារណូអែលក្រុង ប៊ែរឡាំងទេ ហើយសមត្ថភាពអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្មក៏កំពុងបែកខ្ចាយដែរ។ ហេតុដូច្នេះហើយបានជាអាល្លឺ ម៉ង់ត្រូវការមានវិធានទូទៅដូចគ្នា និងមាន កិច្ចសហប្រតិបត្តិការល្អសម្រាប់តាមដានជនគ្រោះថ្នាក់។
ដោយឡែកអាល្លឺម៉ង់ក៏គ្រោងនឹងបង្កើត មជ្ឈមណ្ឌលឃុំឃាំងនៅក្បែរអាកាសយាន ដ្ឋានផងដែរ។ បើតាមលោករដ្ឋមន្ត្រីក្រសួង មហាផ្ទៃមណ្ឌលនេះនឹងត្រូវប្រើសម្រាប់ឃុំឃាំងជនដែលត្រូវបណ្តេញចេញពីទឹកដីអាល្លឺម៉ង់ជាបណ្តោះអាសន្នរយៈពេលរាប់ថ្ងៃឬរាប់សប្តាហ៍បាន។ អាល្លឺម៉ង់មានគំរូ អាក្រក់មួយកើតរួចមកហើយលើករណី ភេរវជន អានីស អាមរី ជាតិទុយណេស៊ី រត់ភៀសខ្លួនមកសុំសិទ្ធិជ្រកកោននៅអាល្លឺម៉ង់ ដែលគួរតែត្រូវបានបញ្ជូនទៅកាន់ប្រទេសកំណើតវិញ តាំងពីដំបូងភ្លាមតែត្រូវយឺតយ៉ាវដោយអាជ្ញាធរទុយណេស៊ីមិនព្រម ផ្តល់ឯកសារចាំបាច់សម្រាប់បញ្ជូនចេញ ទើបត្រូវហួសពេលធ្លោយឱ្យកើតភេរវកម្មក្នុងប្រទេសបាន៕
ប្រែសម្រួល៖ ម៉ែវ សាធី