ភ្នំពេញ៖ បុរសម្នាក់បើករថយន្តឡិចស៊ីសRX330 ក្នុងល្បឿនលឿននិងសង្ស័យស្រវឹងផងនោះ ក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរថយន្តដាច់កាឡេកង់មុខខាងឆ្វេងគងនៅលើរបាំងថ្មទៅមុខលែងរួច សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើនិងខ្លួនឯង។
ហេតុការណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង ៩និង១០នាទីយប់ ថ្ងៃទី៥ ខែមករា ឆ្នាំ ២០១៧ នៅចំណុចមុខមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ តាមបណ្តោយផ្លូវម៉ៅសេទុង កែងនិងផ្លូវលេខ២៣០ ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុនោះគឺ រថយន្តបង្កម៉ាកឡិចសុីសRX330 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2U-3669 ដែលបើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ធ្វើដំណើតាមបណ្តោយផ្លូវម៉ោសេទុង ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ហើយស្របពេលអ្នកបើកបរទំនងជាស្រវឹងមើលមិនឃើញរបាំងថ្មពុះចែកទ្រូងផងនោះ ក៏ជ្រុលចង្កូតទៅបុកពេញទំហឹង បណ្ដាលឲ្យរថយន្តបង្កឡើងលើទ្រូងផ្លូវគល់ជាប់កង់មួយចំហៀង ទៅមុខលែងរួច សំណាងល្អមិនបណ្តាលឲ្យអ្នកដំណើនិងម្ចាស់រថយន្តបង្ករងរបួសឡើយ គឺគ្រាន់តែខូចខាតរថយន្តបង្កតែប៉ុណ្ណោះ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងសហការជាមួយសមត្ថកិច្ចជំនាញ ធ្វើការវាស់វែងយករថយន្តនេះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ ៕
...
ដោយ៖ សុខាសែនជ័យ