ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលស្រះចកខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ជាក់ស្ដែងពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចាប់យកក្រាមពណ៌សថ្លា២កញ្ចប់តូច នៅចំណុចផ្លូវរថភ្លើង ភូមិ៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧។
តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ជុង ណារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅដេប៉ូឈើ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទី២-ឈ្មោះ សុឹម សង្ហា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅជាមួយគ្នា ។ វត្ថុតាងចាប់យកមាន៖ -ក្រាមពណ៌សថ្លាចំនួន២កញ្ចប់តូច ( សង្ស័យជាគ្រឿងញៀន ) ទូរស័ព្ទម៉ាកមិតហ្វូន១គ្រឿង និងម៉ូតូ១គ្រឿងម៉ាកវ៉េវអេស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CL-7323។
ប្រភពដដែរ បានបន្តទៀតថា នៅមុខពេលឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ គឺកម្លាំងល្បាតបានជិះម៉ូតូល្បាតក្នុងមូលដ្ឋានដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ លុះជិះមកចំណុចកើតហេតុខាងលើ ក៏ប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូរ៉េរា ភ្លាមនោះកម្លាំងបានឃាត់ខ្លួននិងឆែកឆេរ រកឃើញថ្នាំញៀនជាក់ស្តែងតែម្តង ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់ ៕
...
ដោយ៖ ស តារា