ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀននៃស្នងការរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ដែលនាំគ្នាទៅពពាក់ពពូនប្រើប្រាស់ថ្នាំញៀននៅក្នុងសំណាក់ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ នៅក្នុងសំណាក់យីហោ(ស្រែយើង) ដែលមានទីតាំង១៣២ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ជនសង្ស័យ៣នាក់ដែលត្រូវឃាត់ខ្លួននេះទី១ឈ្មោះឆុន ឈៀង ភេទប្រុស អាយុ៣៥ឆ្នាំ ទី២ឈ្មោះជា វណ្ណី ភេទស្រីអាយុ២៨ឆ្នាំ និងទី៣ឈ្មោះពៅ ស្រីសឿន ពុំមានមុខរបរនិងទីលំនៅពិតប្រាកដ ត្រូវបានដកហូតវត្ថុតាងថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៣៣កញ្ចប់។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលដែលចុះប្រតិបត្តិការបង្រ្កាបទីតាំងខាងលើនេះបានឲ្យដឹងថា បន្ទាប់ពីកម្លាំងជំនាញស៊ើបដឹងយ៉ាងច្បាស់ថានៅក្នុងផ្ទះសំណាក់យីហោ(ស្រែយើង)នេះសម្បូរទៅក្រុមក្មេងមកពពាក់ពពូននាំគ្នាប្រើប្រាស់ក៏ដូចជាការជួញដូរថ្នាំញៀនពេញបន្ទប់នោះព្រោះម្ចាស់ផ្ទះសំណាក់នោះមានភាពធូរលង់មិនខ្វល់ពីការប្រើប្រាស់ថ្នាំញៀននោះទើបកម្លាំងសមត្ថកិច្ចការិយាល័យជួញដូរគ្រឿងញៀននៃស្នងការរាជធានីភ្នំពេញដែលដឹកនាំដោយលោក អេង ធារិទ្ធិ នាយការិយាល័យដោយមានការអនុញ្ញាតិពីលោក សៀង សុខ ព្រះរាជអាជ្ញារងបានចុះមកសហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ទីតាំងផ្ទះសំណាក់នោះដែលមានម្ចាស់អាជីវកម្មឈ្មោះអ៊ុង ថៃភិចគង់ ភេទស្រី ជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យប្រុសម្នាក់និងស្រី២នាក់ពីបទជួញដូរនិងប្រើប្រាស់ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៣៣កញ្ចប់រួមទាំងប្រដាប់ប្រើប្រាស់មួយចំនួនទៀត។
ក្រោយប្រតិបត្តិការរួចវត្ថុតាងនិងក្រុមជនសង្ស័យទាំង៣នាក់បានបញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀនក្រុងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕
...
ដោយ៖ ស តារា