ភ្នំពេញ ៖ លោក តាន់ កេងយាំ (Tony Tan Keng Yam) ប្រធានាធិបតីនៃសាធារណរដ្ឋសិង្ហបុរី នឹងអញ្ជើញមកដល់កម្ពុជានៅវេលាម៉ោងជាង១រសៀល ថ្ងៃទី៨ ខែមករា នេះ។
ប្រធានាធិបតីនៃសាធារណរដ្ឋសិង្ហបុរីបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា ពីថ្ងៃទី ០៨ ដល់ ១១ ខែ មករា ឆ្នាំ ២០១៧ ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថាតបតាមការអញ្ជើញរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។
លោកបណ្ឌិត តូនី តាន់ កេងយាំ (Tony Tan Keng Yam) ប្រធានាធិបតីនៃសាធារណរដ្ឋសិង្ហបុរី នឹងដឹកនាំ គណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រ កម្ពុជា ពីថ្ងៃទី ០៨ ដល់ ១១ ខែមករា ឆ្នាំ២០១៧។
ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តមបណ្ឌិត តូនី តាន់ កេងយាំ នឹងចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទទេវាវិនិច្ឆ័យ និងចូលក្រាបបង្គំគាល់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល នៅព្រះរាជដំណាក់គន្ធបុប្ផា នៃព្រះបរមរាជវាំង ដាច់ដោយឡែកពីគ្នា។
លោកបណ្ឌិត តូនី តាន់ កេងយាំ នឹងជួបពិភាក្សាទ្វេភាគីជាមួយសម្តេចអគ្គមហាសេនាបតី-តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយបន្ទាប់មកថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើ ជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួនពីរ ដូចខាងក្រោម៖
១- អនុស្សារណៈ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និង វិជ្ជាជីវៈ រវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា និង វិទ្យាស្ថានអប់រំបច្ចេកទេសនៃសាធារណរដ្ឋសិង្ហបុរី។
២- អនុស្សារណៈរវាងមន្ទីរពេទ្យកាល់ម៉ែត្រនៃព្រះរាជាណាចក្រកម្ពុជា និងមន្ទីរពេទ្យ Tan Tock Seng នៃសាធារណរដ្ឋសិង្ហបុរី។
ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមប្រធានាធិបតីបណ្ឌិត តូនី តាន់ កេងយាំ នឹងអញ្ជើញទៅទស្សនាគម្រោងរបស់សាធារណរដ្ឋសិង្ហបុរី នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ និងប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប ៕