ខេត្តកំពត ៖ ក្រុមប្រជាពលរដ្ឋឃុំព្រែកត្នោត នៅបន្តត្អូញត្អែរដដែល ខណៈដែល ចំណាត់ការសមត្ថកិច្ចគ្មានប្រសិទ្ធភាព លើបញ្ហាសំបុកល្បែងស៊ីសង ដែលមានមេ ឃុំនៅពីក្រោយខ្នង ។
តាមសេចក្តីរាយការណ៍បន្ថែមពីពល រដ្ឋតំបន់នោះបានឲ្យដឹងថា មកដល់ពេលនេះពួកគាត់នៅតែមានការធុញទ្រាន់យ៉ាងខ្លាំង ចំពោះល្បែងស៊ីសងក្នុងតំបន់របស់គាត់ រួមមាន ល្បែង បញ្ជល់មាន យូគីក្រដាស បៀនិងអាប៉ោងជាដើម ដែលដំណើរការជា យូរឆ្នាំមកហើយ ពុំមានការអើពើពីសមត្ថកិច្ច ឬអាជ្ញាធរឡើយ ។
ពលរដ្ឋដដែលបន្តថា កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ សមត្ថកិច្ចស្រុកទឹកឈូ បាននាំកម្លាំងទៅបង្ក្រាបសំបុកល្បែងទាំងនោះ ប៉ុន្តែមុនពេលសមត្ថកិច្ចទៅដល់ក្រុមអ្នកលេងបានប្តូររូបភាព និងចែកផ្លូវគ្នា អស់ទៅហើយហាក់ដូចជាដឹងរឿងមុន។ ដូច្នេះរហូតមកដល់ពេលនេះ ល្បែងយូគី និងបញ្ជាល់មាន់ ត្រូវបានស្ងាត់ទៅហើយ ចំណែកល្បែងបៀ និងអាប៉ោង នៅផ្ទះប្អូន ថ្លៃលោកមេឃុំវិញរឹតតែបន្តខ្លាំងជាងមុន ទៅទៀត ដោយមិនញញើតកោតខ្លាច សមត្ថ កិច្ចណាឡើយ ។
ប្រជាពលរដ្ឋម្នាក់ ក្នុងចំណោមពលរដ្ឋនៅភូមិត្រពាំងរពៅ ដែលសុំមិនបញ្ចេញ ឈ្មោះបានបង្ហើបថា ចំពោះសំបុកល្បែង ទាំងនេះ គ្មានថ្ងៃនឹងសាបសូន្យបានទេ បើសិនជាអាជ្ញាធរឃុំនៅតែប្រើអំណាចឲ្យប្អូនថ្លៃខ្លួនប្រើដោយខុសនឹងតួនាទីបែបនេះ ហើយសមត្ថកិច្ចប៉ុស្តិ៍ក៏រីករាយនឹងសំបុកល្បែងនេះដែរព្រោះវាជាអ្នកចិញ្ចឹមសមត្ថ កិច្ច ។
លោក នាក់ សុវណ្ណរី អភិបាលស្រុកទឹក ឈូបានមានប្រសាសន៍ថា លោកនឹងចាត់កម្លាំងឲ្យចុះទៅពិនិត្យជាបន្ទាន់ ។
នៅព្រឹក ថ្ងៃទី៩ មករា នេះ លោកវរ សេនីយ៍ទោ សំ អុក អធិការនគរបាលស្រុក ទឹកឈូ បានមានប្រសាសន៍បដិសេធតាមប្រព័ន្ធសារអេឡិចត្រូនិកថា ពេលកម្លាំង ចុះទៅដល់ពុំមានល្បែងស៊ីសងនៅទីតាំងខាងលើ ដូចជាការលើកឡើងនោះទេ សូមអ្នកយកព័ត៌មានរាយការណ៍ឲ្យបានច្បាស់ លោកនឹងចុះទៅបង្ក្រាបជាក់ស្តែងតែម្តង។
យ៉ាងណាក៏ដោយក្រុមពលរដ្ឋ នៅបន្ត ថា រាល់ការរាយការណ៍ឲ្យសមត្ថកិច្ច តែងតែគ្មានបានលទ្ធផល ហើយថែម ទាំងទទួលបានពាក្យថា ពួកគាត់រាយ ការណ៍មិនពិត មិនច្បាស់លាស់ ដែលជា រឿងមួយធ្វើឲ្យពលរដ្ឋអស់ជំនឿ និងអន់ ចិត្តយ៉ាងខ្លាំងចំពោះអាជ្ញាធរ និង សមត្ថកិច្ច ។
ជាមួយគ្នានេះប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធរួម មាន លោកអភិបាលស្រុក និងលោក អភិបាលខេត្ត មេត្តាមានដំណោះស្រាយ ចំពោះបញ្ហានេះ ព្រោះថា សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន អស់លទ្ធភាពហើយ លើបញ្ហានេះ ។ ម្យ៉ាងទៀតល្បែងស៊ីសង ទាំងនេះ ពិតជាផ្តល់ផលប៉ះពាល់យ៉ាងខ្លាំង ដូចជាមានការហ៊ោកញ្ជ្រៀវមានសំឡេង រំខានខ្លាំងដាក់យានជំនិះពាសវាលពាសកាលបាំងផ្លូវអ្នកដំណើរ និងកើតមានករណី ចោរកម្ម ឬអសន្តិសុខជាដើម ៕ ហេង នរិន្ទ្រ