មេដឹកនាំកោះតៃវ៉ាន់លោកស្រី Tsai Ing-wen បានបំពេញទស្សនកិច្ចទៅកាន់អាមេរិកហើយនៅថ្ងៃទី៨ ខែមករា សមា ជិកព្រឹទ្ធសភាអាមេរិកមកពីរដ្ឋតិចសាស លោក Ted Cruz បានទទួលស្វាគមន៍មេ ដឹកនាំកោះតៃវ៉ាន់យ៉ាងកក់ក្តៅបំផុតបើទោះបីមានការប្រឆាំងពី មន្ត្រីការបរទេស ចិនក្តី។
លោក Ted Cruz បានឲ្យដឹងថា កិច្ច ពិភាក្សាជាមួយលោកស្រី Tsai Ing-wen ស្តីអំពីការទិញលក់អាវុធទំនាក់ទំនងការ ទូតនិងសេដ្ឋកិច្ចនៅក្នុងជំនួបនៅទីក្រុង Houston។ លោក Ted Cruz ធ្លាប់ជាបេក្ខភាពប្រធានាធិបតីអាមេរិកកាលពីឆ្នាំ ២០១៦ ប៉ុន្តែបរាជ័យដោយសារលោក ដូណាល់ ត្រាំ ឈ្នះក្នុងការបោះឆ្នោតបឋម របស់គណបក្ស។
លោក Ted Cruz បានបញ្ជាក់ថា «ការបង្កើនទំនាក់ទំនងសេដ្ឋកិច្ចរវាង អាមេរិកនឹងតៃវ៉ាន់ជាអាទិភាព ហើយ អាមេរិកនឹងបង្កើនការចូលទៅកាន់ទីផ្សារនៅតៃវ៉ាន់ និងនាំមកនូវផលប្រយោជន៍ជាច្រើនដល់ពលរដ្ឋនៅក្នុងរដ្ឋតិចសាស»។
នៅមុនពេលជួបពិភាក្សាជាមួយមេដឹកនាំកោះតៃវ៉ាន់ មន្ត្រីនៅទីក្រុង Houston រដ្ឋតិចសាស ទទួលបានលិខិតពីស្ថានទូតចិនស្នើឲ្យបណ្តាតំណាងរាស្ត្រអាមេរិក មិនត្រូវទទួលស្វាគមន៍មេដឹកនាំកោះ តៃវ៉ាន់ឡើយ ហើយអាមេរិកត្រូវតែគោរព «ចិនតែមួយ»។ មិនត្រឹមតែប៉ុណ្ណោះចិន បានស្នើឲ្យ អាមេរិកមិនត្រូវឲ្យយន្តហោះ ដឹកលោកស្រី Tsai Ing-wen ចូលទៅ ក្នុងដែនអាកាសអាមេរិកឡើយ។ ប៉ុន្តែ សំណើររបស់ចិនមិនទទួលបានការយល់ព្រមពីអាមេរិកឡើយ។ មិនតែប៉ុណ្ណោះ តំណាងរាស្ត្រដែលមានឥទ្ធិពលនៅអាមេរិក ទទួលស្វាគមន៍យ៉ាងកក់ក្តៅទៀតផង។
ជាមួយគ្នានោះដែរ ប្រធានាធិបតីជាប់ឆ្នោតថ្មីអាមេរិកលោក ដូណាល់ ត្រំា ធ្លាប់ បានប្រកាសថា លោកនឹងទទួលស្វាគមន៍មេដឹកនាំកោះតៃវ៉ាន់ ក្រោយពេលលោកស្បថចូលកាន់តំណែងប្រធានាធិបតីអាមេរិករួចរាល់។
ដំណើរទស្សនកិច្ចរបស់មេដឹកនាំកោះតៃវ៉ា់ន់ លោកស្រី Tsai Ing-wen នៅថ្ងៃ សៅរ៍ ទី៧ ខែមករា បានចាកចេញពីកោះតៃវ៉ាន់ហើយសម្រាប់ដំណើរទស្សនកិច្ចទៅកាន់អាមេរិកកណ្តាលរយៈពេល ៩ថ្ងៃ។ ដំណើរទស្សនកិច្ចនេះ ក៏ត្រូវបានប្រទេស ចិនពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុត។
យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ បានឲ្យដឹងថា ដំណើរទស្សនកិច្ចដែលមាន រយៈពេល៩ថ្ងៃនេះ ដើម្បីជំរុញទំនាក់ទំនងរវាងកោះតៃវ៉ាន់នឹងអាម៉េរិកកណ្តាល។ កន្លែងសំចតរបស់លោកស្រី Tsai នៅទឹកដីអាមេរិកនឹងត្រូវឃ្លាំមើលយ៉ាងដិតដល់ បំផុតព្រោះគេរំពឹងថា អាចនឹងមានការ ទាក់ទងរវាងលោកស្រីនឹងលោក ដូណាល់ ត្រាំ នៅក្នុងអាណត្តិក្រោយជាប់ឆ្នោត។
លោកស្រីប្រធានាធិបតី Tsai Ing-wen នឹងឆ្លងកាត់ទីក្រុង ហូស្តុន រដ្ឋតិចសាស នៅចុងសប្តាហ៍នេះ ហើយបន្ទាប់ពីត្រឡប់ ទៅទីក្រុងតៃប៉ិ វិញតាមទីក្រុង សាន់ ហ្វ្រាន់ស៊ីស្កូ នៅចុងសប្តាហ៍បន្ទាប់៕
ប្រែសម្រួល៖ ម៉ែវ សាធី