ខេត្តបន្ទាយមានជ័យ ៖ គ្លីនិកទទួល ព្យាបាលជំងឺទូទៅឯកជនមួយកន្លែងមានយីហោ សែន សុខសាន្ត ដែលមានទីតាំងស្ថិតនៅជាប់កំណាត់ផ្លូវជាតិ៥ ក្នុងភូមិ គីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោក សុខ កែវ បណ្ឌិត ដឹកនាំកម្លាំងនគរបាលក្រុងប៉ោយប៉ែត តំណាងប្រធានមន្ទីរសុខាភិបាលខេត្តនិង អាជ្ញាធរក្រុងប៉ោយប៉ែត ចុះបិទទីតាំង បញ្ចប់ធ្វើអាជីវកម្មផ្តល់សេវាសុខាភិបាល ដល់អ្នកជំងឺ។
ការចុះបិទគ្លីនិកនេះធ្វើឡើងនៅក្រោយពីគ្លីនិកមួយនេះរងការចោទ ប្រកាន់ថាបានព្យាបាលអ្នកជំងឺពស់ចឹកម្នាក់មានការធ្វេសប្រហែសបណ្តាលឱ្យស្លាប់នៅពេលជនរងគ្រោះបានទៅដេកសម្រាកព្យាបាលជំងឺនៅគ្លីនិកមួយនេះក្នុងរយៈ ពេលជិត៣ម៉ោងដោយមិនយកចិត្តទុក ដាក់ ។ ការចុះទៅបិទអាជីវកម្មគ្លីនិកសែន សុខសាន្តបានធ្វើឡើងនៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ពីសំណាក់លោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ ក្រោមការសម្រេចឱ្យបិទអាជីវកម្មទាំងស្រុងពីក្រសួងសុខាភិបាល ។
គួរបញ្ជាក់ថា គ្លីនិកសែនសុខសាន្តមានទីតាំងនៅខាងលើនេះមានម្ចាស់ឈ្មោះ វេជ្ជបណ្ឌិត ឈុំ ម៉ុង ឆេង អតីតប្រធាន មណ្ឌលសុខភាពប៉ោយប៉ែត១ បច្ចុប្បន្នជាមន្រ្តីការិយាល័យប្រតិបត្តិក្រុងប៉ោយប៉ែត ។
ពាក់ព័ន្ធនឹងការចុះបិទអាជីវកម្មផ្តល់សេវាសុខាភិបាលរបស់គ្លីនិក សែន សុខ សាន្ត សមត្ថកិច្ចឱ្យដឹងថា ម្ចាស់ទីតាំងមិនមានប្រតិកម្មអ្វីទៅនឹងចំណាត់ការរបស់ ក្រសួងសុខាភិបាល ដែលមានលោកព្រះរាជ្ញារងដឹកនាំកម្លាំងចុះទៅបិទអាជីវកម្មនោះទេ។ប៉ុន្តែនៅពេលចុះបិទម្ចាស់ទីតាំង បានគេចទៅភ្នំពេញទើបមានការសង្ស័យថាគាត់ទៅស្វែងរកការជួយអន្តរាគមន៍ពី អ្នកធំធ្វើខ្នងបង្អែកឲ្យបានដំណើរការជីវកម្មបន្ត ។ តែទោះយ៉ាងណាចំណាត់ការអារបស់ ស្ថាប័នអយ្យការត្រូវបានបិទអាជីវកម្មទាំងស្រុងទៅលើគ្លីនិកសែនសុខសាន្តមួយនេះ ។
ប្រជាពលរដ្ឋនិងមន្រ្តីរាជការនៅក្រុង ប៉ោយប៉ែតេរង់ចាំមើលថាតើចំណាត់ការ នៃការបិទអាជីវកម្មគ្លីនិកសែនសុខសាន្ត មានប្រសិទ្ធភាពឬអត់ឬក៏គ្រាន់តែបិទមួយ ដង្ហើមចង្រិត តែមិនអចិន្ត្រៃយ៍នោះ? ហើយ បើបិទរហូតប្រជាពលរដ្ឋមានការគាំទ្រ ។ ប្រជាពលរដ្ឋបានលើកឡើងថា ក្រសួងសុខា ភិបាលដល់ពេលបញ្ចេញកណ្តាប់ដៃដែកនៅក្នុងវិធានការដល់គ្លីនិកឯកជនដទៃ ទៀតហើយ ។
សូមរំលឹកថាស្រ្តីម្នាក់ឈ្មោះ ម៉ា សុធា អាយុ២៦ឆ្នាំ រស់នៅភូមិកូនដំរី សង្កាត់ និមិត្ត ក្រុងប៉ោយប៉ែត កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ត្រូវបានពស់វែកក្របីចឹកដៃខណៈស្រ្តីរងគ្រោះចាប់ពស់វែកចេញពីសំណាញ់ថង់ច្រកពស់បម្រុងធ្វើម្ហូប។ក្រោយពស់មានពិសចឹកស្ត្រីរងគ្រោះមានអាការជាធម្មតាហើយត្រូវបានបងប្អូនដឹកតាម ម៉ូតូយកទៅព្យាបាលនៅគ្លីនិក សែន សុខ សាន្ត ។ ស្រ្តីរងគ្រោះបានដេកសម្រាកព្យាបាលរយៈពេលជិត២ម៉ោងដោយគ្រូពេទ្យបានចាក់ថ្នាំនិង ព្យួរសេរ៉ូមអស់ប្រហែល ១ប្លោងកន្លះ ស្រាបតែមានអាការក្អួត ចង្អោរឡើងស្លេស្មចេញតាមមាត់ ហើយ បន្ទាប់ មកគាំងបេះដូងទើបឃើញគ្រូពេទ្យនាំគ្នាឆោឡោយករថយន្តសាមុយដឹកស្ត្រី រងគ្រោះទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ប៉ុន្តែនៅពេលដឹកអ្នកជំងឺដល់មន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត គ្រូពេទ្យប្រចាំការនៅមន្ទីរពេទ្យបង្អែកក្រុងប្រាប់ថាអ្នកជំងឺបានដាច់ខ្យល់ស្លាប់មុនមកដល់មន្ទីរពេទ្យទៅទៀត ។
ក្រោយមានហេតុការណ៍នេះកើតឡើង ក្រុមគ្រួសារជនរងគ្រោះបានប្តឹងទារសំណងជំងឺចិត្តទើបនាំឲ្យមានការចុះបិទគ្លីនិកនេះ ហើយគេបានដឹងថាក្រុមគ្រួសារជនរងគ្រោះនៅមិនទាន់ទទួលបានសំណងនៅ ឡើយ ។
តាមមន្ត្រីសុខាភិបាលមួយរូបបានឲ្យដឹងថា ជាធម្មតាជនរងគ្រោះដែលត្រូវពស់មានពិស ចឹកមិនអនុញ្ញាតឲ្យគ្លីនិកទទួលព្យាបាលអចិន្ត្រៃយ៍ទេ ត្រូវបញ្ជូនមកមន្ទីរពេទ្យ រដ្ឋ ព្រោះនៅទីនោះមានថ្នាំសម្រាប់ព្យាបាលពិសពស់ចឹក ៕ សំ វិច្ឆិកា