ខេត្តបាត់ដំបង់ ៖ យោងតាមហ្វេសប៊ុកផ្លូវការរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា គិតមកត្រឹមថ្ងៃទី១១ ខែមករា ឆ្នាំ ២០១៧ នេះ ដំណើរការអនុវត្តគម្រោងអភិវឌ្ឍន៍ទំនប់ពហុបំណងបាត់ដំបង ដែលជាគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំ ស្ថិតក្នុងខេត្តបាត់ដំបង សម្រេចការងារ បានប្រមាណ៩៨ភាគរយហើយ ។
គម្រោងអភិវឌ្ឍន៍ទំនប់ពហុបំណងបាត់ដំបង មានទីតាំងសំណង់មេស្ថិតនៅក្នុងឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។ គម្រោងនេះក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្តដោយលើកទំនប់តភ្ជាប់ពីភ្នំមួយទៅភ្នំមួយ (ភ្នំជីប៉ាង ទៅភ្នំកូប) ដើម្បីបង្កើត ជាអាងទឹក ដែលមានសមត្ថភាពស្តុកទឹកបាន ចំនួន២៨៦លានម៉ែត្រគូប ។
ទឹកដែលប្រមូល ស្តុកទុកនេះនឹងត្រូវទម្លាក់តាមដងស្ទឹង សង្កែ រួចបន្តចែកចាយតាមប្រឡាយមេ ប្រឡាយរងទៅស្រោចស្រពលើផ្ទៃដីស្រូវ វស្សាចំនួន៤៧.០០០ហិកតា និងស្រូវប្រាំង ចំនួន១២.០០០ហិកតា នៅក្នុងស្រុករតន មណ្ឌល បាណន់ សង្កែ និងស្រុកមោងឫស្សី ។ គម្រោងនេះក៏អាចទាញយកថាមពលវារី អគ្គិសនីចំនួន ១៣,១០ មេហ្គាវ៉ាត់ ព្រមទាំង កាត់បន្ថយទឹកជំនន់និងផ្តល់ទឹកសម្រាប់ការប្រើប្រាស់ដល់ក្រុងបាត់ដំបងផងដែរ ។
គម្រោងអភិវឌ្ឍន៍ទំនប់ពហុបំណងបាត់ដំបងគ្រោងនឹងបញ្ចប់ជាស្ថាពរនៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ៕ ហេង សូរិយា