ខេត្តកំពង់ស្ពឺ៖ នារីម្នាក់បានរងការវាយ ប្រហារដោយទឹកអាសុីតរលាករលួយមុខមាត់ដៃជើង និងខ្លួនប្រាណត្រូវបានក្រុម គ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។ ករណីជះទឹកអាសុីតលើនារីរងគ្រោះនេះបានកើតឡើងកាលពីវេលា ម៉ោង៤និង២០នាទីរសៀលថ្ងៃទី១០ ខែ មករា ឆ្នាំ២០១៧ នៅភូមិក្រាំងស្វាយ ឃុំ រលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ ស្ពឺ។ បន្ទាប់ពីកើតហេតុក្រុមគ្រួសារនារីរងគ្រោះបានដាក់ពាក្យបណ្តឹងចូលទៅអធិការ ដ្ឋាននគរបាលស្រុកសំរោងទង ហើយនៅ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ក្រោយកើត ហេតុ១ថ្ងៃជនសង្ស័យ៣នាក់ក្នុងចំណោម៥នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរ និងកសាងសំណុំរឿងចាត់ការ តាមច្បាប់ ។
នៅក្នុងរបាយការណ៍របស់នគរបាលស្រុកសំរោងទងបានឲ្យដឹងថា នារីរងគ្រោះ ដែលរងនឹងទឹកអាសុីតឈ្មោះ ផេង ស្រីឡា អាយុ២៣ឆ្នាំ ជាកសិករ រស់នៅភូមិ-ឃុំ កើតហេតុ។ នារីរងគ្រោះរបួសលើផ្ទៃមុខ និងខ្លួនប្រាណ ព្រមទាំងភ្នែកផងដែរត្រូវ បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុង រាជធានីភ្នំពេញ ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានបង្ហាញថា ជនពាក់ព័ន្ធករណីជះទឹកអាសុីត លើនារីរងគ្រោះខាងលើនេះមានទី១-ឈ្មោះ ឆុំ សាវ៉ុន ភេទស្រី អាយុ២៤ឆ្នាំ (ជាអ្នកផ្តើម គំនិត) មានប្តីឈ្មោះ ជឹម វុទ្ធី អាយុ៣៧ឆ្នាំ ទី២-ឈ្មោះ ឆុំ សាវ៉ាន ភេទស្រី អាយុ៣៧ ឆ្នាំ ទី៣-ឈ្មោះ ឆុំ សាវុធ ភេទប្រុស អាយុ ២៨ឆ្នាំ ទី៤-ឈ្មោះ ហ៊ុយ វ៉ាង ភេទស្រី អាយុ៦៦ឆ្នាំ ទាំង៤នាក់នេះជាម្តាយកូន និងទី៥-ឈ្មោះ ជា រស់ ភេទប្រុស អាយុ ៣៦ឆ្នាំ ដែលគេសង្ស័យថាបានរួមគំនិតជា មួយនឹងជនសង្ស័យម្តាយកូនទាំង៤នាក់ខាងលើនេះ។ ជនសង្ស័យទាំង៥នាក់រស់ នៅក្នុងភូមិ-ឃុំកើតហេតុជាមួយគ្នា។
តាមរបាយការណ៍នគរបាលបញ្ជាក់ថា ជនសង្ស័យ៣នាក់ត្រូវបានឃាត់ខ្លួនទី១-ឈ្មោះ ឆុំ សាវ៉ាន ភេទស្រី អាយុ៣៧ឆ្នាំ ទី២-ឈ្មោះ ឆុំ សាវុធ ភេទប្រុស អាយុ២៨ ឆ្នាំ និងទី៣-ឈ្មោះ ហ៊ុយ វ៉ាង ភេទស្រី អាយុ៦៦ឆ្នាំ។ ដោយឡែកជនសង្ស័យ២នាក់ទៀតបានរត់គេចខ្លួន ទី១-ឈ្មោះ ឆុំ សាវ៉ុន (អ្នកផ្តើមគំនិត) និងទី២-ឈ្មោះ ជា រស់ ហើយសមត្ថកិច្ចបាននិងកំពុងតាមចាប់ខ្លួន ។
ជុំវិញករណីវាយប្រហារទឹកអាសុីតទៅលើនារីរងគ្រោះនេះលោកអនុសេនីយ៍ឯក មុិច សុភាន់ អធិការរងនគរបាលស្រុក សំរោងទងបានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ២០១៧ តាមទូរស័ព្ទថា ករណីខាងលើនេះបានកើតឡើងដោយ ផ្តើមចេញពីជម្លោះស្នេហាត្រីកោណ ។
លោកអធិការរងរូបនេះមិនបានលម្អិត ពីដំណើររឿងហេតុស្នេហាត្រីកោណនេះទេ។ ប៉ុន្តែទោះជាយ៉ាងនេះក្តីតាមប្រភពនៅ កន្លែងកើតហេតុគេបានបង្ហើបឲ្យដឹងថា ករណីវាយប្រហារដោយទឹកអាសុីតប្រភេទ ខ្លាំងទៅលើនារីរងគ្រោះនេះ ព្រោះតែស្រ្តីសង្ស័យជាអ្នកផ្តើមគំនិតឈ្មោះ ឆុំ សាវ៉ុន ប្រច័ណ្ឌប្តីឈ្មោះ ជឹម វុទ្ធី បានលួចលាក់ស្នេហាជាមួយនឹងនារីរងគ្រោះឈ្មោះ ផេង ស្រីឡា។ ប្រភពបានបន្តថា នារីរងគ្រោះបានមានទំនាក់ទំនងស្នេហាជាមួយឈ្មោះ ជឹម វុទ្ធី ជាប្តីរបស់ ឆុំ សាវ៉ុន នោះរយៈពេល ជាង៣ឆ្នាំមកហើយ ទើបធ្វើឲ្យស្ត្រីសង្ស័យ ឆុំ សាវ៉ុន បបួលបងប្អូននិងម្តាយរួមទាំង អ្នកស្គាល់គ្នាឈ្មោះ ជា រស់ ទៅជះទឹក អាសុីតដាក់លើនារីរងគ្រោះតែម្តង ។
ជុំវិញព័ត៌មានខាងលើនេះ អ្នកយកព័ត៌មាននគរវត្តមិនអាចរកការបំភ្លឺពីក្រុមគ្រួសារនារីរងគ្រោះ ផេង ស្រីឡា បានទេថាតើនារីរងគ្រោះមានលួចស្នេហាជាមួយនឹងប្តីស្រ្តីសង្ស័យឈ្មោះ ឆុំ សាវ៉ុន ដែរឬទេ?
យ៉ាងណាក៏ដោយច្បាប់គ្រប់គ្រងទឹកអាសុីតបានចូលជាធរមានហើយ ចំពោះ អ្នកប្រព្រឹត្តយកទឹកអាសុីតធ្វើជាអាវុធត្រូវជាប់ពីបទឧក្រិដ្ឋហើយតាមច្បាប់ត្រូវដាក់ពន្ធនាគារអស់១ជីវិត ៕ សេនាស័ក្តិ