ភ្នំពេញ៖ កុមារា សួន ចាន់សម្បត្តិ យុវជនថ្នាលបម្រុងហ្វឹកហាត់នៅក្លិបបាល់ទាត់ ក្រសួងការពារជាតិបានដាក់ក្តីសង្ឃឹមខ្ពស់ សម្រាប់ថ្ងៃអនាគតដ៏វែងអន្លាយថា ខ្លួនចង់ក្លាយជាអ្នកទាត់បាល់អាជីពពូកែម្នាក់ និងមានក្តីប្រាថ្នាចង់ចូលរួមជាសមាជិករបស់ក្រុមយុវជនថ្នាលសាលាបាល់ទាត់ទន្លេ បាទី ។ នេះគឺជាការរៀបរាប់ពីអារម្មណ៍ របស់ កុមារា សួន ចាន់សម្បត្តិ ខណៈដែលខ្លួនត្រូវបានគណៈកម្មការរៀបចំការប្រកួត ពានរង្វាន់ Soccer League អនុញ្ញាតឲ្យចូលទីលានប្រកួតក្នុងឋានៈជាក្មេងបម្រើសេវារើសបាល់ កាលពីពេលថ្មីៗកន្លងទៅ ។
ក្នុងវ័យ១៥ឆ្នាំសម្បត្តិបាននិយាយដោយការជឿជាក់ថា “ខ្ញុំចង់ក្លាយជាកីឡាករបាល់ទាត់ម្នាក់ លេងក្នុងក្រុមជម្រើសជាតិនាថ្ងៃ អនាគត ព្រោះបច្ចុប្បន្នខ្ញុំកំពុងចូលរួម ហ្វឹកហាត់ជាមួយក្រុមយុវជន ថ្នាលរបស់ក្លិបបាល់ទាត់ក្រសួងការពារជាតិបានប្រមាណជា៥ខែរួចហើយ និងបន្តហ្វឹកហាត់ត្រៀមដើម្បីចូលរួមធ្វើតេស្តសមត្ថភាពនៅសាលាបាល់ទាត់ទន្លេបាទីផងដែរ”។
កុមារាសម្បត្តិ បាននិយាយថា “ខ្ញុំ ស្រលាញ់វិស័យកីឡាបាល់ទាត់តាមរយៈការទស្សនា និងមានបងប្រុសម្នាក់កំពុងហ្វឹកហាត់នៅក្នុងក្រុមយុវជន អាយុ១៦ឆ្នាំរបស់ក្រសួងការពារជាតិបច្ចុប្បន្នផងដែរ ។ ជាងនេះទៅទៀត កុមារា សម្បត្តិ ក៏មាន កីឡាករបាល់ទាត់ដែលជារៀមច្បងម្នាក់ និងជាកីឡាករស្ថិតនៅក្នុងក្រុមជម្រើសជាតិកម្ពុជានិងជាអ្នកចាំទីដៃស្អិតរបស់កម្ពុជានាបច្ចុប្បន្ន គឺ សូយ៉ាទី ប៉ុន្តែសម្បត្តិ ពុំបានហ្វឹកហាត់ផ្នែក ចាំទីដូចសូយ៉ាទី នោះទេ ផ្ទុយទៅវិញ សម្បត្តិ គឺលេងនៅ ស្លាបខាងស្តាំហើយកំពុងព្យាយាមធ្វើត្រាប់ តាមកីឡាករដ៏ល្បីរបស់ពិភពលោក គឺ រ៉ូណាល់ដូ ដោយខ្លួនគេស្រលាញ់ការលេងបាល់របស់កីឡាពិភពលោករូបនេះ” ។
គួររំលឹកថា កុមារា សួនចាន់ សម្បត្តិ មាន វ័យ១៥ឆ្នាំរៀនថ្នាក់ទី៨នៅអនុវិទ្យាល័យបាក់ទូកឳពុកម្តាយជាអាជីវករលក់ដូរបន្តិច បន្តួចក្នុងពហុកីឡដ្ឋានជាតិគោលបំណង របស់កុមារានេះចង់ក្លាយជាកីឡាករឆ្នើមម្នាក់លេងតំណាងឲ្យប្រទេសកម្ពុជានាថ្ងៃ អនាគត៕
ដោយ៖ សារីម