ខេត្តកណ្តាល៖ ដើម្បីឈានទៅលុបបំបាត់ឧបករណ៍នេសាទខុសច្បាប់ដែលពុំមានចែងក្នុងតារាងឧបសម្ព័ន្ធរបស់ក្រសួងកសិកម្មស្តីពីការកំណត់ឲ្យប្រើឧបករណ៍នេសាទនោះ….មួយរយៈកន្លងទៅនេះសមត្ថកិច្ចជលផលនៅក្នុងខេត្តកណ្តាលចាប់ពីថ្នាក់ខណ្ឌរហូតដល់សង្កាត់សហការជាមួយអាជ្ញាធរមូលដ្ឋានបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទជាបន្តបន្ទាប់នៅតាមបណ្តាស្រុកទាំង១១ទូទាំងខេត្តកណ្តាលរឹបអូសបានឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទយកមកដុតកម្ទេចចោល ។
ជាក់ស្តែងកាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នេះកម្លាំងចម្រុះបានចុះបង្ក្រាបបទល្មើសនេសាទម្តងទៀតនៅក្នុងភូមិសាស្ត្រស្រុកស្អាងរឹមអូសបានឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទរួមមានអួនស្បៃមុងរាប់ពាន់ម៉ែត្រយកមកដុតកម្ទេចចោល រួមនិងឧបករណ៍ខុសច្បាប់មួយចំនួនទៀត ។
នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧លោកវិត ធារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកណ្តាលបានប្រាប់ដូច្នេះថា ករណីដែលកម្លាំងចម្រុះបើកប្រតិបត្តិការជាបន្តបន្ទាប់បង្ក្រាបបទល្មើសនេសាទនៅតាមបឹងបួរ តាមព្រែកនេះគឺដើម្បីការពារធនធានមច្ឆាជាតិ ការពារតំបន់ព្រៃលិចទឹកដែលជាជម្រកសម្រាប់ត្រីពង-កូន និងមួយផ្នែកទៀតទប់ស្កាត់កុំឲ្យមានការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដូចជាអួនស្បៃមុង ,សៃយ៉ឺនស្បៃមុង និងឧបករណ៍ឆក់ត្រីជាដើម ដែលឧបករណ៍ទាំង៣ប្រភេទនេះបំផ្លាញមច្ឆាជាតិខ្លាំងណាស់….។ ការប្រើប្រាស់ឧបករណ៍នេសាទណាផ្ទុយពីតារាងឧបសម្ព័ន្ធស្តីពីការកំណត់អោយប្រើប្រាស់ឧបករណ៍នេសាទ របស់ក្រសួងកសិកម្មនិងត្រូវចាប់យកមកដុតកម្ទេចចោលទាំងអស់….។
លោកនាយខណ្ឌបានបន្តថា ការបង្ក្រាបបទល្មើសនេសាទកន្លងមកកម្លាំងចម្រុះបានជួបនូវបញ្ហាប្រឈមជាច្រើនដូចជាអាកាសធាតុមិនអំណោយផលចុះបង្ក្រាបទាំងប្រថុយនិងគ្រោះថ្នាក់ , មានការតតាំងពីសំណាក់ប្រជានេសាទដែលប្រកបមុខរបរនេសាទដើម្បីចិញ្ចឹមជីវិតតែពុំដែលកើតមានហិង្សានោះទេ…ពេលជួបសកម្មភាពរារាំងពីសំណាក់ប្រជានេសាទ កម្លាំងចម្រុះបានធ្វើការពន្យល់ណែនាំឲ្យពួកគាត់បានយល់ពីការប្រើប្រាស់ឧបករណ៍នេសាទ…។ ដោយឡែកអ្នកប្រើប្រាស់ឧបករណ៍ឆក់វិញបើគិតពីផ្លូវច្បាប់ត្រូវជាប់ពន្ធនាគារដូចអ្នកប្រព្រឹត្តបទល្មើសផ្សេងៗដែរ…ប៉ុន្តែពេលចាប់ខ្លួនបានម្តងៗពិបាកក្នុងការចាត់ការតាមផ្លូវច្បាប់ណាស់…ដោយសារកត្តាជីវភាពជាសំខាន់….ដូច្នេះហើយសមត្ថកិច្ចជលផលតម្រូវឲ្យធ្វើកិច្ចសន្យា និងអប់រំឲ្យត្រឡប់ទៅផ្ទះវិញបន្ទាប់ពីមានការអនុញ្ញាតពីលោកព្រះរាជអាជ្ញា ។ ថ្មីៗនេះមានការបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅស្រុកស្អាង គឺឧបក រណ៍នេសាទទាំងនោះពុំមានចែងនៅក្នុងតារាងឧបសម្ព័ន្ធស្តីពីការកំណត់អោយប្រើប្រាស់ឧបករណ៍នេសាទរបស់ក្រសួងកសិកម្មនោះឡើយដូច្នេះហើយត្រូវតែបង្ក្រាបព្រោះឧបករណ៍នេសាទដែលច្បាប់ហាមឃាត់គឺបំផ្លាញធន់ធានមច្ឆាខ្លាំងណាស់ ។ ដោយឡែកការនេសាទដាក់ដាយនៅក្នុងទន្លេក៍ក្រសួងកសិកម្មបានកំណត់ឲ្យដែរទៅតាមគន្លងនីមួយៗមិនមែនចេះតែដាក់ទៅតាមការចង់បាននោះទេ….ហើយគន្លងសម្រាប់ដាក់ដាយនេះបែងចែកជា៣ប្រភេទ,ទី១-ដាយដេញថ្លៃ , ទី២-ដាយវិនិយោគ និងទី៣-ដាយស្រាវជ្រាវ….ដូច្នេះសូមកុំអោយមានការយល់ច្រឡំ ។
ជាមួយគ្នានេះដែរសូមបងប្អូនប្រជានេសាទចូលរួមជាមួយសមត្ថកិច្ចជំនាញជលផលក្នុងការប្រើប្រាស់ឧបករណ៍នេសាទស្របទៅតាមច្បាប់កំណត់ដើម្បីរួមចំណែកក្នុងការការពារធន់ធានមច្ឆារជាតិរបស់យើង ៕ សណ្តោស