ខេត្តព្រះសីហនុ៖ កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នាវាទេសចរណ៍បរទេស២គ្រឿងបាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។
លោកវរសេនីយ៍ទោ ង៉ុយ ជៀន ប្រធាន នគរបាលប៉ុស្តិ៍ច្រកទ្វារអន្តរជាតិស្វយ័តក្រុងព្រះសីហនុបានឱ្យដឹងថា នាវាទេសចរណ៍ទី១.មានឈ្មោះ SEA BOURN SAJOURN មានបណ្តោយ១៩៨ម៉ែត្រ ទទឹង២៦ម៉ែត្រ និងជម្រៅទឹក៦,៤ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជិត១.០០០នាក់ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុក្នុងនោះមានភ្ញៀវទេសចរចំនួន៤៤៩នាក់ ស្រី២១៦នាក់
មាន២៥សញ្ជាតិផ្សេងគ្នា និងមាននាវិកសរុបចំនួន៣៥០នាក់ ស្រី៩៧នាក់ មាន ៤៧សញ្ជាតិ ។
នាវា SEA BOURN SAJOURN បាន នាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចាកចេញពីប្រទេសថៃចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុនៅវេលាម៉ោង៦ព្រឹក និងមានគម្រោងចាកចេញពីកម្ពុជានៅរសៀលថ្ងៃដដែលឆ្ពោះទៅកាន់ប្រទេសវៀតណាម ។
នាវាទេសចរណ៍ទី២.មានឈ្មោះ COSTA VICTORIA មានបណ្តោយ ២៥០,៩៧ម៉ែត្រ ទទឹង៣២,២៥ ម៉ែត្រ ជម្រៅទឹក៨ម៉ែត្រ បាននាំភ្ញៀវទេសចរ ចម្រុះជាតិសាសន៍ចំនួន១.៩២៨នាក់ ស្រី ១.១១៣នាក់ និងមាន១៩សញ្ជាតិ មាននាវិកសរុប៧១៨នាក់ ស្រី១៤៨នាក់ មាន ២៩សញ្ជាតិបានធ្វើដំណើរចាកចេញពីប្រទេសថៃចូលមកចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុនៅវេលាម៉ោង៨ និង ១៥នាទីព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ ២០១៧ មុននឹងធ្វើដំណើរចាកចេញពីប្រទេសកម្ពុជាឆ្ពោះទៅកាន់ប្រទេសវៀតណាមនៅវេលាម៉ោង៩ល្ងាចថ្ងៃដដែល ។
លោកវរសេនីយ៍ទោ ង៉ុយ ជៀន ឱ្យដឹងបន្តទៀតថា ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមនាវាទាំង២គ្រឿងភាគច្រើនជាភ្ញៀវទេសចរដែលមានវ័យចំណាស់មានច្រើនសញ្ជាតិផ្សេងគ្នាបានធ្វើដំណើរកម្សាន្ត តាមមហាសមុទ្រ ។
ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមនាវាដើរទស្សនាកម្សាន្តនៅតាមទីប្រជុំជន រមណីយដ្ឋានវប្បធម៌ តំបន់ឆ្នេរខ្សាច់សស្អាត ខ្សល់អាកាសបរិសុទ្ធ ភូមិនេសាទ (ទំនប់រលក) ។ ម្យ៉ាងទៀតឆ្នេរសមុទ្រកម្ពុជាត្រូវបានដាក់បញ្ចូលជាសមា ជិកក្លិបឆ្នេរស្អាតជាងគេលើសាកលលោកធ្វើឱ្យមានការទាក់ទាញភ្ញៀវទេសចរបរ-ទេសមកលេងកម្សាន្តមានការកើនឡើងពី១ឆ្នាំទៅ១ឆ្នាំ។
នៅក្នុងឆ្នាំ២០១៦កំពង់ផែក្រុងព្រះសីហនុទទួលបាននាវាទេសចរណ៍បរទេសជាច្រើនគ្រឿងនាំភ្ញៀវទេសចរបរទេសចូលចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាតាមច្រកកំពង់ផែសមុទ្រ មាន ការកើនឡើងជាងឆ្នាំ២០១៥ ដោយសារតែប្រទេសកម្ពុជាមានសុខសន្តិភាព សុវត្ថិ ភាពនិងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាពិសេសខេត្តព្រះសីហនុកំពុងមានការអភិវឌ្ឍ កែលម្អហេដ្ឋារចនាសម្ព័ន្ធនានាជាបន្តបន្ទាប់ ។
ម្យ៉ាងទៀតខេត្តព្រះសីហនុជាតំបន់ទេសចរណ៍ងធម្មជាតិជាពិសេសតំបន់កោះទាំង៣២ត្រូវបានអភិវឌ្ឍកែលម្អ ប្រែក្លាយជាតំបន់ទេសចរណ៍ទាក់ទាញបែបធម្មជាតិដែលមានភ្ញៀវទេសចរបរទេសមកកម្សាន្តមានការកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសមានដូចជាកោះតូច កោះរ៉ុងសន្លឹម និងកោះមួយចំនួនទៀតក្នុងខេត្តព្រះសីហនុ៕ ហេង នរិន្ទ្រ