ម្ចាស់បំណុល ស្នើសាលាឧទ្ធរណ៍សម្រេចក្តី ដោយយុត្តិធម៌ដូចសាលាដំបូងខេត្តកណ្ដាល

ចែករំលែក៖

ភ្នំពេញ ៖ ម្ចាស់បំណុល ស្នើសាលាឧទ្ធរណ៍សម្រេចក្តីដោយយុត្តិធម៌ដូចសាលាដំបូងខេត្តកណ្ដាល ក្នុងសំណុំរឿងជំពាក់ប្រាក់មិនសង ។

សាលាឧទ្ធរណ៍ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ គ្រោងលើកយកសំណុំរឿងរដ្ឋប្បវេណីមួយករណីមកបើកសវនាការជំនុំជម្រះ ដោយមានលោក ធូ មណី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ។

សវនាការសាលាឧទ្ធរណ៍នាពេលនេះ គឺ បន្ទាប់ពីសាលាដំបូងខេត្តកណ្ដាល សម្រេចឲ្យម្ចាស់បំណុលឈ្នះក្តី ហើយកូនបំណុលមិនសុខចិត្តបានប្តឹងមកសាលាឧទ្ធរណ៍ ។

លោកស្រី ភុំ ទុំ អាយុ៣២ឆ្នាំ ជាម្ចាស់បំណុល មានទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល អះអាងថា កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៥ ឈ្មោះ ឈួន គឹមសក្តិ ឈ្មោះ ពត បញ្ញា និង ឈ្មោះ ហោ ចន្ធី បានមកខ្ចីប្រាក់ពីខ្លួនចំនួន១ម៉ឺនដុល្លារអាមេរិក ហើយបានដាក់ទ្រព្យសម្បត្តិរបស់ឈ្មោះ ពត បញ្ញា ផ្ទះជាន់ទី២ មានលិខិតផ្ទេរសិទ្ធិកាន់កាប់ដីនិងផ្ទះ ធានាបំណុល ។ អ្នកទាំង៣ បានសន្យាសងប្រាក់មកឲ្យខ្លួនវិញ ទាំងដើម ទាំងការ គឺ មួយថ្ងៃ ១លានរៀល សរុប៥១ថ្ងៃ ។

លោកស្រី ភុំ ទុំ បន្តថា អ្នកទាំង៣ បានអនុវត្តបង់ប្រាក់ខ្ចី មកឲ្យខ្លួនបានចំនួន២ដង ស្មើនឹងចំនួន២លានរៀល ហើយក៏អាក់ខាន ។ ពេលខ្លួនទៅទារ ក៏ឈ្មោះ ឈួន គឹមសក្តិ បានបង់ជាបណ្ដើរៗ បានចំនួន១០ដង ស្មើនឹង១ពាន់ដុល្លារអាមេរិក សរុបបង់បានចំនួន ១៥០០ដុល្លារអាមេរិក ហើយក៏អាក់ខានរហូតមកដល់សព្វថ្ងៃនេះ ។

អង្គហេតុទាំងនេះ ទើបសាលាដំបូងខេត្តកណ្ដាល កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ បានប្រកាសសាលក្រមបង្គាប់ឲ្យចុងចម្លើយឈ្មោះ ឈួន គឹមសក្តិ សងប្រាក់ទៅឲ្យដើមបណ្ដឹងឈ្មោះ ភុំ ទុំ ចំនួន៨៥០០ដុល្លារអាមេរិក និង សងសំណងជំងឺចិត្តចំនួន៤លានរៀល ។ ប៉ុន្តែសាលក្រមនេះ ត្រូវបានចុងចម្លើយឈ្មោះ ឈួន គឹមសក្តិ ប្តឹងមកសាលាឧទ្ធរណ៍ ។

ចន្លោះពេលនេះ ប្រភពព័ត៌មាន បញ្ជាក់ថា ភាគីចុងចម្លើយកំពុងរត់ការឲ្យមានការប្រែប្រួលសេចក្តីសម្រេចរបស់សាលាដំបូងខេត្តកណ្តាល ទើបភាគីម្ចាស់បំណុល ស្នើឲ្យសាលាឧទ្ធរណ៍សម្រេចក្តីដោយយុត្តិធម៌ដូចសាលាដំបូងខេត្តកណ្ដាល ៕  ដោយ ៖ ចេស្តា

...

46cab2fd-fcd9-470c-b755-a3a86e62bfd7

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print