ប្រធានាធិបតីថ្មីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់ថាលោកនឹងរក្សាការដាក់ ទណ្ឌកម្មទៅលើរុស្ស៊ីដដែល យ៉ាងហោច ណាស់ក៏មួយរយៈពេលទៀតដែរ។
លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកបន្តរក្សាការដាក់ទណ្ឌកម្មមួយរយៈពេលទៀត។ ទទ្ទឹមនឹងនោះលោកក៏បាន បញ្ជាក់ទៀតថា នឹងមិនគោរពគោលនយោបាយ«ចិនតែមួយ»នោះឡើយរហូតដល់ទីក្រុងប៉េកាំង ផ្លាស់ប្តូរគោលនយោបាយស្តីពីរូបិយវត្ថុ និងពាណិជ្ជកម្ម។
នៅក្នុងបទសម្ភាសន៍អូសបន្លាយរយៈពេល១ម៉ោង កាលពីថ្ងៃទី១៣ខែមករា លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា «ប្រសិនបើរុស្សុីពិតជាចង់ជួយយើងខ្ញុំ ហើយ អនុវត្តនូវរឿងរ៉ាវល្អៗ នោះមិនមានអ្នកណាម្នាក់ដាក់ទណ្ឌកម្មនោះឡើយ»។
នៅក្នុងព្រឹត្តិការណ៍ដែលពាក់ព័ន្ធនោះដែរ នៅក្នុងការប្រកាសរបស់សេតវិមាន កាលពីថ្ងៃទី១៣ ប្រធានាធិបតីជិតបញ្ចប់ អាណត្តិលោក បារ៉ាក់ អូបាម៉ា បានចេញ បញ្ជាពន្យារពេលដាក់ទណ្ឌកម្មរុស្ស៊ីបន្ថែម១ឆ្នាំទៀត ពាក់ព័ន្ធនឹងស្ថានភាព អ៊ុយក្រែន។
នៅក្នុងសេចក្តីប្រកាសនោះបានបញ្ជាក់ ថា រុស្ស៊ីជាប់ពាក់ព័ន្ធដល់ស្ថានភាពនយោបាយនៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំង ពីឆ្នាំ២០១៤។ សកម្មភាពទាំងនោះបាន គំរាមកំហែងដល់គោលនយោបាយ សន្តិសុខ និងកិច្ចការបរទេសរបស់អាមេរិក។
ចំណែកពាក់ព័ន្ធនឹងទំនាក់ទំនងជា មួយចិននិងគាំទ្រគោលនយោបាយ «ចិនតែមួយ» ដែលបានជួយឲ្យមានទំនាក់ទំនងរវាងចិន នឹងអាមេរិក លោក ដូណាល់ ត្រាំ បញ្ជាក់ថា រឿងគ្រប់យ៉ាងស្ថិតនៅក្នុងកិច្ចពិភាក្សាក្នុងគោលនយោបាយចិនតែមួយ៕
ប្រែសម្រួល៖ ម៉ែវ សាធី