ខេត្តបាត់ដំបង៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកឯកភ្នំចាប់ឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពយកខ្សែនីឡុងរឹតកប្រពន្ធបណ្តាលឱ្យស្លាប់ សង្ស័យរឿងប្រច័ណ្ឌចោទប្រពន្ធមានសាហាយស្មន់ជាមួយប្រុសផ្សេង។ បន្ទាប់ពីសម្លាប់ប្រពន្ធខ្លួនឯងរួចហើយ ជនសង្ស័យបានស្រែកប្រាប់អ្នកជិតខាងឱ្យជួយថាប្រពន្ធខ្លួនបានស្លាប់ដោយជំងឺគាំបេះដូង។
ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
លោកអនុសេនីយ៍ឯក ឡម ឡាន អធិការងទទួលការងារព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំប្រាប់ឱ្យដឹងថា ជនសង្ស័យជាប្តីមានឈ្មោះជួន ពៅ អាយុ២២ឆ្នាំ ជាកម្មករ ចំណែកស្រ្តីរងគ្រោះមានឈ្មោះ សុខ គឹមជូ អាយុ១៨ឆ្នាំ គ្រួសារនេះរស់នៅភូមិ-ឃុំកើតហេតុខាងលើ។
លោកអធិការរងបានប្រាប់ឱ្យដឹងទៀតថា មុនពេលកើតហេតុជនសង្ស័យជាប្តី ទើបតែត្រឡប់មកពីធ្វើការនៅទន្លេវិញហើយបានចូលទៅក្នុងផ្ទះនៅពេលយប់រំលងអធ្រាត្រ ស្រាប់តែឃើញមនុស្សប្រុសម្នាក់ ដើរចេញពីក្នុងផ្ទះគេចខ្លួនបាត់។ ឃើញបែបនោះបុរសជាប្តីក៏សួរនាំប្រពន្ធថា «មនុស្សប្រុសនោះជានរណា ប្រពន្ធឆ្លើយបដិសេដ្ឋថាមិនដឹងនោះទេ»។ នៅពេលនោះពួកគេទាំង២នាក់ក៏បានឈ្លោះប្រកែកគ្នាទាំងកណ្តាលយប់ផ្អើលអ្នកជិតខាង។ ក្រោយពីឈ្លោះគ្នាពួកគេក៏បានចូលដេកក្នុងមុងជាមួយគ្នា ខណៈនោះប្រពន្ធក៏មិននិយាយអ្វីទាំងអស់ ហើយថែមទាំងដេកបែរខ្នងដាក់ប្តីផងនោះទៀត។ បន្ទាប់មកប្តីក៏មានអារម្មណ៍ក្តៅក្រហាយ ហើយដើរចេញពីក្នុងមុង លួចទៅយកខ្សែនីឡុងចងទូក មកដាក់ហោប៉ាវ ហើយចូលដេកវិញ។ បុរសជាប្តីទំនងជាកេះប្រពន្ធដើម្បីរួមរក្ស តែប្រពន្ធនៅតែដេកបែរខ្នង ខណៈនោះបុរសជាប្តីក៏យកខ្សែនីឡុងពណ៌ខ្មៅ ចាប់រឹត.កប្រពន្ធពីក្រោយទាញកន្រ្តាក់យ៉ាងខ្លាំងបណ្តាលឱ្យប្រពន្ធស្លាប់តែម្តង។
លោកអធិការរងប្រាប់ឱ្យដឹងទៀតថា ក្រោយពីសម្លាប់ប្រពន្ធរួចហើយបុរសជាប្តីធ្វើជាស្រែកឆោឡោឱ្យអ្នកជិតខាងជួយថា ប្រពន្ធខ្លួនស្លាប់ហើយដោយជំងឺគាំងបេះដូង។ អ្នកជិតខាងក៏ឆោឡោ ហើយរាយការណ៍ទៅសមត្ថកិច្ចដើម្បីចុះមកធ្វើការត្រួតពិនិត្យសព។ សមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច័យសព រកឃើញថា ស្រ្តីរងគ្រោះមានស្នាមរិតក ប្រវែង១៥ ស.ម សមត្ថកិច្ចបឆានសន្និដ្ឋានថា «ការស្លាប់របស់ស្រ្តីរងគ្រោះជាអំពើឃាតកម្ម»។ សមត្ថកិច្ចក៏បានឃាត់ខ្លួន ជនសង្ស័យជាប្តីបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកឯកភ្នំដើម្បីសាកសួរ។ ជនសង្ស័យបានឆ្លើយសារភាព ពិតជាសម្លាប់ប្រពន្ធដោយយកខ្សែនីឡុងរឹតកសម្លាប់នោះមែន។ ក្រោយពីរឹតកប្រពន្ធរួចហើយ ក៏ក្រវាត់ចោលក្នុងទឹកទន្លេបាត់ដោយសាររឿងប្រពន្ធនាំប្រុសមកដេកនិងផ្ទះ។
លោកអធិការរងបានបញ្ជាក់ឱ្យដឹងទៀតថា ពីរនាក់ប្តីប្រពន្ធនោះ រស់នៅជាមួយគ្នា ដោយមិនរៀបការនោះទេ។ ពួកគេទាំង២នាក់រស់នៅជាមួយគ្នាមិនសូវចុះម្រុងនិងគ្នានោះឡើយ ឧស្សាហ៍ឈ្លោះវាយគ្នា ហើយបានធ្លាប់លែងលះគ្នាអស់រយៈពេល៣ខែមកហើយ ។ក្រោយមកទើបមករួមរស់ជាមួយគ្នាបានតែរយៈពេល១ខែប៉ុណ្ណោះទើបកើតហេតុដូច្នេះតែម្តង ។ កន្លងមកបុរសជាប្តីមិនសូវនៅផ្ទះជាប់នោះទេ ដោយជាប់រវល់ចុះធ្វើកិច្ចការងារនៅទន្លេ៣ទៅ៤ថ្ងៃទើបចូលផ្ទះម្តង។
ជនសង្ស័យក្រោយពីនគរបាលស្រុកឯកភ្នំបានធ្វើការសាកសួរនិងបំពេញសំណុំរឿងរួចហើយក៏ចាប់បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់៕ សំ វិច្ឆិកា