ប្រធានាធិបតីថ្មីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយ បណ្តាញព័ត៌មាន Times របស់អង់គ្លេសថា ជាមួយនឹងទស្សនៈគាំទ្រ Brexit លោកបាន ព្យាករថា អឺរ៉ុបនឹងបែកបាក់។ ការប្រកាសទាំងនោះនឹងធ្វើឲ្យទំនាក់ទំនងរវាងអាមេរិកនឹងអឺរ៉ុបកាន់តែប្រឈមមុខតានតឹង។
លោក ត្រាំ បានបញ្ជាក់ថា ពលរដ្ឋនៅ ក្នុងសហគមន៍អឺរ៉ុបកំពុងតែព្រួយបារម្ភនិងមិនសប្បាយចិត្តចំពោះការហូរចូលនៃជនភៀសខ្លួន។ ប្រទេសនីមួយៗចង់ឲ្យមាន វប្បធម៌ដាច់ដោយឡែក។ លោក ត្រាំ បញ្ជាក់ទៀតថា អឺរ៉ុបនឹងបែកបាក់ ហើយប្រទេសជាច្រើននឹងវេចបង្វេចដើរចេញពីអឺរ៉ុបតាមប្រទេសអង់គ្លេស។
លោក ត្រាំ បន្តទៀតថា «ខ្ញុំគិតថាពិបាក ក្នុងការរក្សាប្រទេសតំបន់អឺរ៉ុបឲ្យរស់នៅ ក្នុងសហគមន៍តែមួយដោយសារតែពល រដ្ឋភាគច្រើននៅទីនោះខឹងសម្បានឹងការហូរចូលនៃជនអន្តោប្រវេសន៍។
ប្រធានាធិបតីថ្មីអាមេរិកបានបញ្ជាក់ទៀតថា លោកមិនចាប់អារម្មណ៍ពីអឺរ៉ុបត្រូវបែកបាក់ឬយ៉ាងណានោះឡើយ។ ការ ប្រកាសខាងលើរបស់លោក ត្រាំ ផ្ទុយពីរដ្ឋាភិបាលរបស់ប្រធានាធិបតី បារ៉ាក់ អូបា ម៉ា ដែលបានជំរុញឲ្យអង់គ្លេសបន្តរស់នៅក្នុងសហគមន៍អឺរ៉ុប។
លោក ត្រាំ បញ្ជាក់ទៀតថា អធិការបតីអាល្លឺម៉ង់បានអនុវត្តគោលនយោបាយខុស ឆ្គងពេលបើកទ្វារឲ្យជនភៀសខ្លួនហូរចូលអឺរ៉ុបកាន់តែច្រើន បើទោះបីកន្លងមកលោក ត្រាំ បានបញ្ជាក់ថា មេដឹកនាំអាល្លឺម៉ង់ជា មនុស្សដ៏សំខាន់បំផុតនៅក្នុងតំបន់អឺរ៉ុប។
កាលពីពេលកន្លងទៅថ្មីៗលោកស្រី អធិការបតីអាល្លឺម៉ង់ Angela Merkel បានចេញមុខព្រមានលើវិធានការការពារនិយម របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលនឹងចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី២០ ខែមករាខាងមុខ។ លោកស្រី Merkel បានបញ្ជាក់ច្បាស់ៗថា ដើម្បី ប្រយោជន៍រួមទាំងអស់គ្នាគេមិនអាចស្វែងរកដំណោះស្រាយសម្រាប់តែខ្លួនឯងម្នាក់បានទេ ពោលគឺចាំបាច់ត្រូវតែចូលរួមដោះស្រាយជាលក្ខណៈសមូហភាព។ នៅក្នុងន័យនេះលោកស្រីបានលើកឧទាហរណ៍ វិបត្តិហិរញ្ញវត្ថុកាលពីឆ្នាំ២០០៨។
ចំណាប់អារម្មណ៍របស់លោកស្រីប្រមុខ រដ្ឋាភិបាលអាល្លឺម៉ង់ Angela Merkel យ៉ាងដូចនេះត្រូវបានធ្វើឡើងនៅក្នុងសន្និសីទកាសែតមួយបន្ទាប់ពីកិច្ចប្រជុំគណបក្ស CDU របស់លោកស្រីរៀបចំនៅប៉ែកខាងលិចប្រទេស។ «ខ្ញុំមានជំនឿជឿជាក់ថា គេ ពិតជាមិនអាចធ្វើដំណើរទៅមុខរួមគ្នាបានឡើយនៅពេលណាដែលម្នាក់ៗគិតតែពីប្រយោជន៍ផ្ទាល់ខ្លួននោះ» នេះជាការថ្លែង របស់លោកស្រី Merkel ។ ឆ្លើយនឹងសំណួរ របស់អ្នកកាសែតដែលសួរថា តើការដែលលោកប្រធានាធិបតីអាមេរិកថ្មី ដូណាល់ ត្រាំ មានបំណងចាត់វិធានការការពារនិយម ពោលគឺគិតតែផលប្រយោជន៍អាមេរិក អាចបង្កឲ្យមានគ្រោះថ្នាក់ និងការគំរាម កំហែងឬទេ?។ លោកស្រី Merkel គ្រាន់តែបានផ្តល់ចម្លើយដោយលើកឧទាហរណ៍ ស្តីពីវិបត្តិហិរញ្ញវត្ថុកាលពីឆ្នាំ២០០៨។
សូមជម្រាបជូនថា ប្រតិកម្មដូចនេះរបស់ លោកស្រី Angela Merkel បានធ្វើឡើង បន្ទាប់ពីលោកប្រធានាធិបតីថ្មីអាមេរិក ដូណាល់ ត្រាំ ធ្លាប់បានគំរាមចាត់វិធានការការពារផលប្រយោជន៍អាមេរិកាំងដោយប្រឆាំងនឹងការនាំទំនិញចិន និងម៉ិចស៊ីកូចូលក្នុងទឹកដីអាមេរិកតាមរយៈការដំឡើង ពន្ធនាំចូល។ ថ្មីៗនេះលោក ត្រាំ ទទួលបាន ជោគជ័យដោយក្រុមហ៊ុនផលិតរថយន្តអាមេរិកម៉ាក Ford បានផ្អាកគ្រោងសាងសង់រោងចក្រថ្មីនៅក្នុងប្រទេសម៉ិចស៊ីកូ។ ចំណាប់អារម្មណ៍របស់លោកស្រី Merkel ជុំវិញវិធានការអាត្មានិយមរបស់លោក ត្រាំ ពេលនេះបានធ្វើឡើងបន្ទាប់ពីលោកប្រមុខ ការទូតអាល្លឺម៉ង់បានសម្តែងការសោកស្តាយ ចំពោះភាពស្រពេចស្រពឹលរបស់គោល នយោបាយការបរទេសរបស់លោក ត្រាំ។
ពាក់ព័ន្ធនឹងការហូរចូលនៃក្រុមជន អន្តោប្រវេសន៍ពលរដ្ឋជាច្រើនបានព្យាយាម ឆ្លងសមុទ្រមេឌីទែរ៉ាណេប្រថុយស្លាប់ជារៀងរាល់ថ្ងៃដើម្បីបានមកអឺរ៉ុប «អាកាសធាតុត្រជាក់មិនបានបង្អាក់ដំណើររបស់ពួក គេឡើយ» នេះជាសម្រែករបស់អង្គការ សង្គ្រោះនៅមេឌីទែរ៉ាណេអង្គការមួយក្នុងចំណោមអង្គការក្រៅរដ្ឋាភិបាលចំនួនពីរដែលនៅបន្តចាំជួយស្រោចស្រង់ជនអន្តោប្រវេសន៍តាមទូក។
នៅឆ្នាំនេះខុសពីឆ្នាំមុនៗជនអន្តោ ប្រវេសន៍នៅបន្តពុះពាររត់ឆ្លងសមុទ្រមក អឺរ៉ុបដដែលមិនរង់ចាំដល់មេឃក្តៅបន្តិចទេ ហើយគិតត្រឹមពីដើមឆ្នាំមកប៉ុណ្ណោះ អង្គការសង្គ្រោះនៅមេឌីទែរ៉ាណេបានស្រោចស្រង់ជនអន្តោប្រវេសន៍តាមទូក បាន៣៧៥នាក់។ ពួកគេមានគ្នារាប់សិប រយនាក់កំពុងរិះរកមធ្យោបាយឆ្លងសមុទ្រមេឌីទែរ៉ាណេ បើទោះបីជាដឹងថាពេលនេះជារដូវត្រជាក់ក៏ដោយ។ នេះបើតាមការគូសបញ្ជាក់របស់នាយកអង្គការដែលប្រឹង ដង្ហើយសុំអន្តរាគមន៍ និងជំនួយគាំទ្រមនុស្ស ធម៌ ព្រោះបច្ចុប្បន្ននេះមានទូកមនុស្សធម៌ធំតែមួយគត់ចាំជួយក្នុងអំឡុងពេលរដូវ ត្រជាក់។
ក្នុងមួយឆ្នាំ២០១៦កន្លងទៅមានអន្តោប្រវេសន៍ឆ្លងសមុទ្រតាមទូកប្រមាណ ១៨១.៤៣៦នាក់ បានមកដល់ត្រើយអីុតាលីជាចំនួនដ៏ច្រើនបំផុតមិនធ្លាប់មានទេ។ មកដល់ចំនួនអ្នកស្លាប់និងបាត់ខ្លួនក៏ច្រើនខ្លាំងបំផុតដែរនៅឆ្នាំ២០១៦ ពោលគឺប្រមាណ ជាង៥ពាន់នាក់។
ចរន្តរត់មកអឺរ៉ុបតាមសមុទ្រមិនបានថម ថយទេ ទូករខេករខាកបានចេញដំណើរ ចម្លងមនុស្សជារៀងរាល់ថ្ងៃ តែខ្លះក៏បាន បាត់កណ្តាលមហាសាគរ។ គ្រាន់តែពេលនេះគ្មាននរណាចាប់អារម្មណ៍និយាយទៀត ឡើយ។ នេះជាការសោកសង្រេងរបស់លោកស្រីនាយកអង្គការសង្គ្រោះមេឌីទែរ៉ាណេដែលអំពាវនាវសុំឱ្យអាជ្ញាធរ និងមតិសាធារណៈមានស្មារតីចងចាំថាសោកនាដកម្មក្នុងសមុទ្រមេឌីទែរ៉ាណេបន្តមានជារៀងរាល់ថ្ងៃ។
អង្គការសង្គ្រោះមេឌីទែរ៉ាណេដែលជាអង្គការក្រៅរដ្ឋាភិបាលដំណើរការបានដោយ រំពឹងស្ទើរតែទាំងស្រុងលើវិភាគទានឯកជន កំពុងអំពាវនាវសុំជំនួយហិរញ្ញវត្ថុពីគ្រប់ ទិសទី ព្រោះអង្គការមានថវិកាត្រឹមពីរខែទៀតនឹងអស់លទ្ធភាពចេញទូកទៅសង្គ្រោះ ជនអន្តោប្រវេសន៍ហើយ។
នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ ២០១៧ បន្ទាប់ពីមានករណីលិចទូកនៅឆ្នេរសមុទ្រ លីប៊ីនៅក្នុងដែនសមុទ្រម៉េឌីទែរ៉ាណេអ្នកដែលឆ្លងកាត់សមុទ្រប្រមាណ១០០នាក់ កំពុងបាត់ខ្លួននៅឡើយ។
ឆ្មាំសមុទ្ររបស់ប្រទេសអីុតាលីបាន និងកំពុងព្យាយាមរាវរកអ្នកដែលកំពុង បាត់ខ្លួននៅក្នុងដែនសមុទ្រដោយពួកគេបាននិយាយថា រកឃើញសាកសពចំនួន៨ នាក់ ហើយ៤នាក់បានជួយសង្គ្រោះ។ ប៉ុន្តែ មានមនុស្សជាច្រើននាក់ដែលរកមិនទាន់ឃើញនៅឡើយ បន្ទាប់ពីទូកបានលិចចូលក្នុងសមុទ្រ ហើយមេឃងងឹតពិបាកក្នុងការ រុករកណាស់។
គួរបញ្ជាក់ថា ទូកបានលិចនៅចន្លោះដែនទឹកនៃប្រទេសអីុតាលី និងលីប៊ីប្រមាណ ៥០គីឡូម៉ែត្រប៉ុណ្ណោះពីឆ្នេរសមុទ្រលីប៊ី៕
ប្រែសម្រួល៖ ម៉ែវ សាធី