ខេត្តព្រៃវែង៖ មន្ត្រីអគិ្គសនីម្នាក់បានស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវជាសាច់ញាតិយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បើករថយន្តដាច់កងរេធ្លាក់ផ្លូវក្រឡាប់ផ្ងារជើង។
ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤៥នាទីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រើយខាងកើតស្ពានអ្នកលឿង ស្ថិតក្នុងភូមិព្រែករាំង ឃុំបន្លិចប្រាសាទ ស្រុកពាមរ៍ ខេត្តព្រៃវែង។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមេឃកំពុងធ្លាក់ភ្លៀងរថយន្តនោះបើកបរពីលិចចុះស្ពានអ្នកលឿងមកកើត។ លុះដល់ចំណុចកើតហេតុខាងលើរថយន្តដាច់កងឆ្វេងជ្រុលធ្លាក់ផ្លូវក្រឡាប់តែម្តង ហើយបងប្អូនប្រជាពលរដ្ឋនៅម្តុំកើតហេតុនាំគ្នាជួយយកសាកសពម្នាក់ចេញពីក្នុងរថយន្ត និងអ្នករងរបួសត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យ។
ដោយឡែកបុរសម្នាក់ជាមន្ត្រីអគិ្គសនីស្រុកបានប្រាប់ថា អ្នកស្លាប់នោះជាមន្ត្រីអគ្គិសនីមានឈ្មោះ នុត សុខឃាង ភេទប្រុស អាយុ២៧ឆ្នាំ។ ចំណែកអ្នករងរបួសមិនស្គាល់ឈ្មោះទេ តែគ្រាន់តែដឹងថាគាត់ជាពូរបស់ នុត សុខឃាង។ មន្ត្រីអគិ្គសនីដដែលបន្តថា នៅពេលល្ងាចថ្ងៃកើតហេតុពួកគាត់បាននាំគ្នាជិះរថយន្តទៅហូបចុកនៅហាងត្រើយខាងលិចស្ពានអ្នកលឿង។ លុះដល់យប់ជ្រៅបន្តិចក៏នាំគ្នាជិះរថយន្តត្រឡប់មកកន្លែងវិញស្ថិតនៅចម្ងាយជាង២០០ម៉ែត្រកន្លែងហេតុ តែមួយសន្ទុះក្រោយមកក៏ឭថាពួកគាត់គ្រោះថ្នាក់ចរាចរណ៍។
សមត្ថកិច្ចបានឲ្យដឹងដែរថា រថយន្តម៉ាកឡិចស៊ីសRX300 ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខភ្នំពេញ 2AH-9851។ ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការស្ទួចយករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត៕ តាឡឹម