យន្តហោះចម្បាំងច្រឡំទម្លាក់គ្រាប់បែកលើជំរំជនភៀសខ្លួនស្លាប់ជាង១០០នាក់នៅនីហ្សេរីយ៉ា

ចែករំលែក៖

យន្តហោះទម្លាក់គ្រាប់បែករបស់ប្រទេស នីហ្សេរីយ៉ាបានទម្លាក់គ្រាប់ច្រឡំទៅលើជំរំ ជនភៀសខ្លួនបណ្តាលឲ្យមានអ្នកស្លាប់និង របួសជាច្រើននាក់។ ការទម្លាក់គ្រាប់បែកច្រឡំនេះបានកើតឡើងនៅថ្ងៃទី១៧ ខែ មករា ដោយបានសម្លាប់មនុស្សជាង១០០ នាក់ និងជាង២០០នាក់ទៀតរងរបួស។

សារព័ត៌មាន AP បានផ្សាយថា យន្ត ហោះខាងលើមានតួនាទីទៅវាយប្រហារ ទម្លាក់គ្រាប់បែកទៅលើក្រុម Boko Haram ។ មេបញ្ជាការកងទ័ពលោក Lucky Irabor បានបញ្ជាក់ថា ការទម្លាក់គ្រាប់បែកច្រឡំខាងលើស្ថិតនៅស្រុក Rann ជាប់ព្រំដែន ប្រទេសកាមេរូន។
នេះជាលើកទីមួយហើយដែលកម្លាំងទាហាននីហ្សេរីយ៉ាទម្លាក់គ្រាប់បែកច្រឡំទៅលើពលរដ្ឋស្លូតត្រង់បែបនេះ។ កន្លង មកពលរដ្ឋនៅទីនោះធ្លាប់បានចោទប្រកាន់ ថា ទាហានរដ្ឋាភិបាលទម្លាក់គ្រាប់បែក សម្លាប់ពលរដ្ឋជាច្រើនក្នុងការវាយប្រហារ រវាងទាហានរដ្ឋាភិបាលនឹងក្រុមអ៊ិស្លាម បូកូហារ៉ាម។

ប្រធានាធិបតីនីហ្សេរីយ៉ាលោក Muhammadu Buhiri បានរំលែកទុក្ខដល់ការស្លាប់របស់ពលរដ្ឋស្លូតត្រង់ដោយលោក បញ្ជាក់ថា នេះជាការសោកស្តាយយ៉ាងក្រៃ លែង។

មន្ត្រីមួយរូបនៅរដ្ឋ Borno ដែលបាន ជួយជម្លៀសពលរដ្ឋរងរបួសបានឲ្យដឹងថា មានអ្នកស្លាប់ជាង១០០នាក់និង រាប់សិប នាក់ទៀតរងរបួស។ ក្រុមគ្រូពេទ្យគ្មាន ព្រំដែនបានឲ្យដឹងថា សាកសពមនុស្ស៥២ នាក់ត្រូវបានគេរកឃើញ ហើយពេលនេះគ្រូពេទ្យកំពុងព្យាបាលឲ្យអ្នករងរបួស២០០ នាក់ទៀត។

គ្រូពេទ្យមួយរូបឈ្មោះ Jean Clement Cabrol បានបញ្ជាក់ថា «ការវាយប្រហារ ទម្លាក់គ្រាប់បែកខាងលើជាទ្រង់ទ្រាយធំ ហើយបានវាយប្រហារចំអ្នកដែលងាយរងរបួសដែលជាអ្នកបានរត់គេចពីតំបន់មានអំពើហិង្សា។

នៅពេលនេះក្រុមអ្នកឯកទេសក៏បានស្រាវជ្រាវបញ្ជាក់ការពិតពីការទម្លាក់គ្រាប់បែកច្រឡំខាងលើសម្លាប់មនុស្សយ៉ាងច្រើន បែបនេះជាចេតនាវាយប្រហារឬពិតជា ច្រឡំ។

រយៈប៉ុន្មានប៉ុន្មានថ្ងៃចុងក្រោយនេះការវាយប្រហារច្រឡំបានកើតឡើងច្រើនទាំង នៅក្នុងប្រទេសយេម៉ែន ស៊ីរី និងនីហ្សេ រីយ៉ា។ កន្លងមកការវាយប្រហារតាមដែនអាកាសពីកម្លាំងទាហានទួរគីទៅលើស្រុក Al Bab និងភូមិពីរផ្សេងទៀតនៅភាគខាងជើងទីក្រុងអាឡែបប៉ូបណ្តាលឲ្យមានពលរដ្ឋ១៨នាក់ស្លាប់ និងជាច្រើននាក់ទៀតរង របួស។ ការវាយប្រហារកើតឡើងនៅក្នុងថ្ងៃទី១៦ ខែមករា យន្តហោះចម្បាំងទួរគីបានវាយប្រហារទម្លាក់គ្រាប់ទៅលើភូមិ BaZaa និង Tadaf ភាគខាងជើងទីក្រុង អាឡែបប៉ូសម្លាប់មនុស្ស៩នាក់ និង៥៧ នាក់រងរបួសគឺជាពលរដ្ឋនៅក្នុងភូមិ។

នៅថ្ងៃទី១៤ ខែមករា ទាហានទួរគីក៏បានវាយប្រហារទៅលើភូមិ Al Tafrieh សម្លាប់មនុស្ស៤នាក់ក្នុងមួយគ្រួសារផងដែរ។ នៅក្នុងព្រិត្តិការណ៍ដែលពាក់ព័ន្ធនោះដែរ កម្លាំងទាហានទួរគីបានសម្លាប់ ខ្មាន់កាំភ្លើងក្រុម IS ៤១នាក់ និងបំផ្លាញ ទីតាំង១៨៧កន្លែង របស់ក្រុមនេះនៅភាគ ខាងជើងស៊ីរី។

ចំណែកនៅក្នុងប្រទេសយេម៉ែនវិញ សម្ពន្ធយោធាអារ៉ាប់ដែលចេញធ្វើអន្តរា គមន៍នៅយេម៉ែនបានទទួលស្គាល់កំហុស ថា បានទម្លាក់គ្រាប់បែកដោយច្រឡំទិសដៅកាលពីសប្តាហ៍មុនសម្លាប់មនុស្សអស់១៤០នាក់ ដែលកំពុងចូលរួមប្រារព្ធពិធី បុណ្យសព។ ការបាញ់ខុសទៅផ្តាច់ជីវិត ជនស៊ីវិលនេះបានរងការរិះគន់តាមប្រព័ន្ធអុីនធើណេតពេញពិភពលោក។

អារ៉ាប៊ីសាអ៊ូឌីត និងសម្ពន្ធមិត្តដែលផ្សំគ្នាជាសម្ពន្ធយោធាអារ៉ាប់ដើម្បីគាំទ្រប្រធានា ធិបតីយេម៉ែនលោក អាប់ រ៉ាប់បូ ម៉ង់សួរ ហាឌី ធ្លាប់រងការចោទប្រកាន់ថា បានទម្លាក់ គ្រាប់បែកសម្លាប់ជនស៊ីវិលពីមុនមក។ នៅ ថ្ងៃទី៨ ខែមករា សប្តាហ៍មុននេះប្រតិបត្តិការផ្លូវអាកាសបានដៅទិសដៅវាយប្រហារ សាលប្រជុំធំមួយនៅក្រុងសាណាត្រួតត្រាដោយពួកហ៊ូទិស្សដែលកំពុងរៀបចំពិធី បុណ្យសពមេដឹកនាំជាន់ខ្ពស់របស់ខ្លួនបង្ក ឱ្យមានអ្នកស្លាប់១៤០នាក់ និងរបួស៥២៥ នាក់។ នេះបើអង្គការសហប្រជាជាតិបានប្រាប់ឲ្យដឹង។

ដំបូងឡើយសម្ពន្ធយោធាអារ៉ាប់បាន បដិសេធទំនួលខុសត្រូវតែក្រោយពីបើកការអង្កេត ទើបព្រមទទួលស្គាល់នៅថ្ងៃ សៅរ៍នេះថា ពិតជាបាញ់ដោយច្រឡំ និងធ្វើឱ្យបាត់បង់ជីវិតពលរដ្ឋស៊ីវិល។ ទាំង នេះគឺដោយសារតែបានទទួលព័ត៌មាន ខុសមានអ្នកមិនគោរពវិធានការ និងដំណើរ ការរបស់សម្ពន្ធយោធា។ បើតាមក្រុមអ្នក អង្កេតសម្ពន្ធអារ៉ាប់បានបើកការទម្លាក់គ្រាប់ បែកក្រោយពីបានទទួលព័ត៌មានមិនត្រឹមត្រូវពីក្រុមយោធារបស់ប្រធានាធិបតីយេម៉ែនលោក ហាឌី ថាមានអ្នកទទួលខុសត្រូវ យោធាហ៊ូទិស្សជាច្រើនចូលរួមក្នុងពិធី បុណ្យសព។

សម្ពន្ធយោធាអារ៉ាប់សន្យាដាក់ទោសអ្នកទទួលខុសត្រូវលើប្រតិបត្តិការនោះ និងផ្តល់សំណងដល់ជនរងគ្រោះ ព្រមទាំង សន្យាសើរើមើលកិច្ចសន្យាធ្វើប្រតិបត្តិការយោធានៅយេម៉ែននេះឡើងវិញ។ ការបាញ់ ខុសនេះបានជំរុញឱ្យសហរដ្ឋអាមេរិកជាសម្ពន្ធមិត្តរបស់អារ៉ាប៊ីសាអ៊ូឌីតដកខ្លួន មកពិចារណាឡើងវិញ ការគាំទ្រសម្ពន្ធយោធាអារ៉ាប់នៅយេម៉ែនដែលសង្គ្រាមនេះបានសម្លាប់មនុស្សអស់៦.៨៨៥នាក់ គិតចាប់ពីខែមីនា ២០១៥មក ក្នុងនោះជិតពាក់កណ្តាលជាជនស៊ីវិល។

ចំណែកអង្គការការពារសិទ្ធិមនុស្ស Humain Rights Watch វិញបានបញ្ជាក់ថា ទង្វើបាញ់ខុសនេះសឹងអាចចាត់ទុកជា ឧក្រិដ្ឋកម្មសង្គ្រាម ព្រោះសម្ពន្ធយោធាអា រ៉ាប់ប្រើកម្លាំងហួសប្រមាណបាញ់លើពិធី បុណ្យសពដែលនរណាក៏ដឹងថា មានជន ស៊ីវិលចូលរួមច្រើន៕

air (1) air (2) air (3)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print