ខេត្តពោធិ៍សាត់ ៖ ទីតាំងលាក់ឈើល្មើសច្បាប់ចំនួន១កន្លែង ស្ថិតក្នុងភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានធ្វើការបង្ក្រាប កាល ពីវេលាម៉ោង៩និង៣០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ។
មន្ត្រីកងរាជអាវុធហត្ថបានអោយដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបករណីខាងលើនេះផងដែរ កម្លាំងកង រាជអាវុធហត្ថក៏បានរកឃើញនូវវត្ថុតាងមួយចំនួន រួមមាន ៖
ឈើប្រណីតប្រភេទធ្នង់ចំនួន១៥៧កំណាត់ , ម៉ាស៊ីនរណាខ្សែចំនួន១គ្រឿង, កៅឡាក់ចំនួន១គ្រឿង ,ដែករ៉ៃចំនួន៤ខ្សែ ប្រវែង ៦៥ម៉ែត្រ,ជើងរណាចំនួន១គ្រឿង , កៅឡាក់រ៉តចំនួន១គ្រឿង , ជើងកៅឡាក់ ចំនួន២គ្រឿង , កង់យោងចំនួន៤គ្រឿង និង ឈើអាររួចមួយចំនួនធំ ។
វត្ថុតាងទាំងនេះ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថកសាងសំណុំរឿង ប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនិតិវិធី ៕ ដោយ ៖ សុខ ខេមរា