ខេត្តកណ្តាល៖ ក្នុងគោលដៅអនុវត្តច្បាប់ចរាចរឲ្យមានប្រសិទ្ធភាពនិងរឹតបណ្តឹងឲ្យអ្នកប្រើប្រាស់យានយន្តគ្រប់ប្រភេទគោរពច្បាប់ចរាចរណ៍នោះកម្លាំងនគរបាលផ្នែកចរាចរស្រុកកៀនស្វាយសហការជាមួយកម្លាំងផ្នែកចរាចរខេត្តកណ្តាលបានចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដល់អ្នកបើកបរ រថយន្តដឹកកម្មកររោងចក្រ , រថយន្តដឹកទំនិញ , យានយន្តកែច្នៃ និងរថយន្តដឹកទំនិញសំពីងសំពោង ។
យុទ្ធនាការនេះធ្វើឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ លើដងផ្លូវជាតិលេខ១ ស្ថិតនៅក្នុងភូមិខ្សុំ ឃំុបន្ទាយ ដែកស្រុកកៀនស្វាយ ខេត្តកណ្តាល នឹងដឹកនាំដោយលោក កង បូរិទ្ធ នាយរងការិយាល័យចរាចរណ៍ខេត្តនិងលោកព្រុំ សំណាងអធិការ រងស្រុកផ្នែកចរាចររួមជាមួយមន្ត្រីនគរបាលចរាចរជាច្រើននាក់ទៀត ។
ជាលទ្ធផលកម្លាំងជំនាញ ត្រួតពិនិត្យរថយន្តចំនួន១៦គ្រឿង, អ្នកជិះលើរថយន្តមានចំនួន៩៥០នាក់ និងបានធ្វើការណែនាំដល់អ្នកបើកបររថយន្តដឹកកម្មករ , អ្នកបើកបរ រថយន្តដឹកទំនិញណាដែលខុសលក្ខណៈបច្ចេកទេស រួមទាំងធ្វើការផាកពិន័យដល់អ្នកបើកបររថយន្តដែលខុសច្បាប់ចរាចរណ៍ ។
លោកព្រុំ សំណាង អធិកររងនគរបាលស្រុកកៀនស្វាយទទួលផ្នែកសណ្តាប់ធ្នាប់ចរាចរស្រុកបានឲ្យដឹងថា ដោយមានការបញ្ជាពី លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការខេត្ត ថ្ងៃនេះកម្លាំងនគរបាលចរាចរស្រុកបានសហការជាមួយកម្លាំងនគរបាលចរាចរខេត្ត ចុះមកផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដល់បងប្អូនអ្នកបើកបរ រថយន្តដឹកកម្មកររោងចក្រ។ យុទ្ធនាការនេះកម្លាំងជំនាញ បានណែនាំដល់អ្នកបើកបរ រថយន្តត្រូវគោរពច្បាប់ចរាចរណ៍, ត្រូវមានបណ្ណបើកបរ, មានបណ្ណសម្គាល់យានយន្ត , បណ្ណត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត, មានបណ្ណធ្វើអាជីវកម្មដឹកកម្មករ, មិនឲ្យគាត់បើកបរលើសល្បឿនកំណាត់, មិនបើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងក្នុងស្ថានភាពស្រវឹង, ផ្ទុកមនុស្សលើសកំណត់, កែច្នៃរថយន្តនិងត្រូវមានការអនុញាតពីក្រសួងសាធធារណការ។
លោកអធិការរងបានបន្តថា គ្រោះថ្នាក់ចរាចរណ៍កន្លងមកភាគច្រើនកើតឡើងដោយសារកត្តាមនុស្យច្រើនជាងកត្តាមធ្យាបាយ និងកត្តាផ្លូវ ពោលគឺអ្នកបើកបរបើកក្នុងល្បឿនលឿន , បើកប្រជែងក្នុងស្ថាភាពផ្លូវមានឧបសគ្គ , បើកបរក្នុងស្ថានភាពស្រវឹង , បើកបរមិនប្រកាន់ស្តាំ , បើកបរមិនគោរពគន្លងផ្លូវសម្រាប់ធ្វើចរាចរណ៍ និងបើកបរមិនគោរពសិទ្ធិអាទិភាព ។
ជាមួយគ្នានេះដែរលោកអធិការរង សូមអំពាវនាវដល់ អ្នកបើកបររថយន្តដឹកកម្មកររោងចក្រក៏ដូចអ្នកបើកបរយានយន្តគ្រប់ប្រភេទត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានគ្រប់ៗគ្នា៕ សណ្តោស