ភ្នំពេញ៖ ភាពយន្តខ្មែរដំបូងដែលមានឈុតឆាកវាយតប់ ក៏ទាក់ទាញគឺរឿង«Jailbreak ឬការពារឧក្រិដ្ឋជន» ប្រកាសថានឹងចេញទៅវាយលុកទីផ្សារភាពយន្តនៅសហរដ្ឋអាមេរិកក្នុងពេលដ៏ខ្លីខាងមុខនេះ បន្ទាប់ពីចាក់បញ្ចាំងជាផ្លូវការនៅកម្ពុជា។
ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្នុងពិធីសម្ពោធភាពយន្តដ៏កក្រើកមួយកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧នេះ នៅរោងភាពយន្តលេជេនផ្សារទំនើប TK Avenue ក្រោមវត្តមានសិល្បករផលិតកររាប់រយនាក់។
រឿង «Jailbreak ឬការពារឧក្រិដ្ឋជន» បានអះអាងថា ក្រោយបញ្ចប់ការបញ្ចាំងនៅក្នុងប្រទេសកម្ពុជា រឿងនេះនឹងចូលវាយលុកទីផ្សារទីផ្សារអាមេរិកតែម្ដង ដោយសារតែខាងរោងទំនើបនៅអាមេរិកបានផ្ដល់ការអនុញ្ញាតរួចរាល់ហើយនោះ។ នេះបើតាមការបញ្ជាក់របស់លោក Jimmy Henderson ដែលជាផលិតករ។ លោកបញ្ជាក់ថា រឿង«Jailbreak » ជារឿងខ្មែរដំបូង ដែលលោកចំណាយទុនរហូតដល់ជាង៣០ម៉ឺនដុល្លារ និងពេលវេលាប្រមាណ១ឆ្នាំដើម្បីផលិតដោយក្រៅពីតារាសម្ដែងល្បីៗនៅក្នុងប្រទេសកម្ពុជា លោកក៏អញ្ជើញតារាសម្ដែងមកពីប្រទេសបារាំង និងតារាបរទេសពីរបីនាក់ផ្សេងទៀតឲ្យរួមសម្ដែងផងដែរ។ លោកថា ការសម្រិតសម្រាំងទាំងប្លង់ បច្ចេកទេស និងការជ្រើសរើសតួសម្តែងសុទ្ធទែអាចធ្វើឲ្យភាពយន្តនេះក្លាយជាភាពយន្តដែលមានគុណភាពប្រកួតប្រជែងមួយ។ ផលិតករ ជនជាតិអ៊ីតាលី រូបនេះបានអះអាងថា ខ្សែរឿងមួយនេះ បន្ទាប់ពីបានថតចប់លោកយកទៅកាត់តនិងដំឡើងក្រាហ្វ្រិកនៅក្នុងប្រទេសម៉ាឡេស៊ី ទើបធ្វើឲ្យផ្ទៃរឿងទាំងមូលភាពរស់រវើក ជាពិសេសឈុតឆាកវាយតប់គ្នាប្លែកពីភាពយន្តខ្មែរកន្លងទៅ។ លោកបន្តថា ក្រោយពេលថតចប់បានយកទៅឆ្លងនៅក្នុងប្រទេសសហរដ្ឋអាមេរិក ហើយជាលទ្ធផលគឺខាងអាមេរិកបានយល់ព្រមឲ្យដាក់បញ្ចាំងនៅតាមរោងទំនើបដូចគ្នានឹងនៅប្រទេសកម្ពុជា ដោយគ្រាន់តែរង់ចាំឲ្យលោកទម្លាក់ផ្លាកពីក្នុងប្រទេសកម្ពុជាសិន ទើបអាចយកទៅបញ្ចាំងនៅអាមេរិកបាន។ លោកបញ្ជាក់ថា គុណភាពភាពយន្តនេះមានគ្រប់គ្រាន់ដើម្បីចាក់បញ្ចាំងនៅសហរដ្ឋអាមេរិក ហើយនឹងអាចទាក់ទាញអ្នកទស្សនា ពិសេសប្រជាជនខ្មែរដែលរស់នៅសហរដ្ឋអាមេរិកបានស្គាល់ពីស្នាដៃនេះបាន។
ភាពយន្តខ្នាតធំរឿង«Jailbreak » នឹងត្រូវចាក់បញ្ចាំងនៅកម្ពុជាចាប់ពីថ្ងៃទី៣១ មករា ជាមួយនឹងក្តីរំពឹងខ្ពស់។ ក្រោយបញ្ចប់ការបញ្ចាំងនៅតាមរោងកុនអាមេរិក ផលិតកររឿងនេះក៏បានប្រកាសថានឹងមានគម្រោងយកទៅបញ្ចំាងនៅបារាំង នៅប្រទេសអឺរ៉ុប ដោយមិនទាន់រាប់បញ្ចូលទីផ្សារក្នុងតំបន់អាស៊ាននោះទេ៕ វឌ្ឍនា