ភ្នំពេញ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ដេកស្លាប់យ៉ាងអាណោចអាធ័មនៅតាមផ្លូវដែក ហើយត្រូវឡូរីដឹកឈើពេលយប់កិន ខណៈដេកនៅលើកំណាត់ផ្លូវដែកនោះហើយឡូរីបន្តដំណើរទៅបាត់។
ហេតុការណ៍នោះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវដែក ខ្សែភ្នំពេញ បាត់ដំបង ត្រង់ចំណុចភូមិសក្ដិប្រយុទ្ធ សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះខាងលើឈ្មោះឡេង កុសល អាយុ៣២ឆ្នាំ មានជំងឺសរសៃប្រសាទរយៈពេល៨ឆ្នាំកន្លងមកហើយ និងមានទីលំនៅក្នុងភូមិទួលលៀប សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីអ្នកនៅក្បែរបាននិយាយឲ្យដឹងថា កាលពីមុនបុរសខាងលើ គឺជាមនុស្សត្រឹមត្រូវ ម្នាក់និងរៀនសូត្រពូកែថែមទៀតផង គាត់ចេះនិយាយច្រើនភាសា ក្នុងនោះមានភាសាអង់គ្លេស និងភាសា ចិនផងដែរ ហើយក្រោយមកប្រហែលជាដោយសារការខិតខំរៀនខ្លាំងពេក បានក្លាយទៅជាមនុស្សមានជំងឺសរសៃប្រសាទ លែងប្រក្រតីតែម្ដង។ បន្ទាប់ពីមានជំងឺនោះមក បុរសនោះតែងតែដើរចេញពីផ្ទះបាត់ៗ ហើយគេងនៅក្រៅផ្ទះរហូត ចំណែកក្រុមគ្រួសារបានតាមរកគ្រប់ពេលជួនកាលបានរកឃើញនិងហៅឲ្យត្រឡប់ទៅផ្ទះវិញ និងពេលខ្លះតាមរកមិនឃើញក៏បណ្ដោយឲ្យដេកតាមព្រៃនិងតាមវាលតាមយថាកម្ម។
ប្រភពដដែលបានបន្តថា មួយរយៈពេលចុងក្រោយនេះគេឧស្សាហ៍ឃើញបុរសនោះដេកនៅតាមចិញ្ចើម ផ្លូវដែក ត្រង់ចំណុចខាងលើ ហើយក្រុមគ្រួសារទៅតាមហៅ រូបគេមិនព្រមទៅផ្ទះនោះឡើយ ចំណែកផ្លូវដែកនោះមិនទាន់មានរថភ្លើងធ្វើចរាចរណ៍នៅឡើយទេ គឺមានតែឡូរីដឹកបើកបរឆ្លងកាត់ទៅមកពេលយប់ជារៀងរាល់ថ្ងៃ។
ដោយឡែកនៅវេលាយប់ថ្ងៃទី២២ ខែមករា មិនមាននរណាម្នាក់បានដឹងថា យ៉ាងម៉េចនោះទេ ប៉ុន្តែសង្ស័យថាបុរសនោះដេកនៅកណ្ដាលផ្លូវដែក ហើយនៅវេលាម៉ោងប្រហែល៩យប់ មានឡូរីដឹកឈើ២ទៅ៣គ្រឿងបានបើកឆ្លងកាត់ទីនោះ យកឈើទៅលក់នៅភ្នំពេញ និងសង្ស័យថាត្រូវឡូរីទាំងនោះបើកកិនបណ្ដាលឲ្យស្លាប់បែបនេះតែម្ដង បន្ទាប់មកឡូរីបានបើកទៅបាត់ស្រមោល។ លុះវេលាម៉ោង៩ព្រឹកថ្ងៃទី២៣ ខែមករា មានអ្នកភូមិធ្វើដំណើរកាត់តាមនោះ បានប្រទះឃើញសព ទើបមានការភ្ញាក់ផ្អើលឆោរឡោ និងផ្ដល់ដំណឹងទៅក្រុមគ្រួសារ ព្រមទាំងប្ដឹងនគរបាលឲ្យចុះទៅពិនិត្យមើល ហើយសពត្រូវបានក្រុម គ្រសារនាំយកទៅតម្កល់ធ្វើបុណ្យនៅវត្តអង្គបឹងចក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ៕ សុខាសែនជ័យ
...