ក្រោយពេលដែលរដ្ឋាភិបាលចិនបានសម្រេចឲ្យគ្រួសារនីមួយៗមានកូនចាប់២នាក់ បានធ្វើឲ្យចំនួនទារកកើតមកនៅក្នុងប្រទេសចិនកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន ។ នៅក្នុងឆ្នាំ២០១៦មានទារកកើតនៅក្នុងប្រទេសចិនរហូតដល់ទៅ១៧,៨៦លាននាក់ កើន ១,៤លាននាក់ប្រៀបធៀបនឹងដំណាក់កាលឆ្នាំ២០១១-២០១៥។
ក្រសួងសុខាភិបាលចិនបានប្រកាសថា ចំនួនស្ត្រីក្នុងវ័យពពោះថយចុះប៉ុន្តែចំនួនទារកកើតមកបែរជាកើនឡើងទៅវិញ។ ទាំងនោះបានបញ្ជាក់យ៉ាងច្បាស់ថា គោលនយោយបាយពន្យារកំណើតរបស់ចិនមានប្រសិទ្ធភាពក្នុងរយៈពេលកន្លងមក។
ក្រសួងសុខាភិបាលចិនបានបញ្ជាក់ថានៅក្នុងដំណាក់កាលឆ្នាំ២០១៦-២០២០ចំនួនស្ត្រីក្នុងវ័យបន្តពូជធ្លាក់ចុះប្រមាណ៥លាននាក់ ក្នុងមួយឆ្នាំដោយសារកន្លងមកចិនអនុញ្ញាតឲ្យមានតែកូន១ប៉ុណ្ណោះក្នុងគ្រួសារនីមួយៗម្ល៉ោះហើយគ្រួសារណាក៏ចង់បានកូនប្រុសដែរដើម្បីបន្តពូជពង្ស។ ទាំងនោះហើយជាហេតុផលធ្វើឲ្យចំនួនស្ត្រីធ្លាក់ចុះទៅវិញ។ ប៉ុន្តែចំនួនទារកកើតមកនៅក្នុងប្រទេសចិនវិញបែរជាកើនឡើងខ្ពស់ពី១៧-២០លាននាក់ក្នុងមួយឆ្នាំ។
តាមការព្យាករណ៍ថា ពលរដ្ឋចិននឹងកើនឡើងរហូតដល់១,៤២លាននាក់នៅក្នុងឆ្នាំ២០២០ ។ អត្រាកំណើតដែលកើនឡើងក្នុងកម្រិតខ្ពស់ គឺត្រូវនឹង៧,៩ភាគរយ សម្រាប់រយៈពេល១ឆ្នាំ។ គិតត្រឹមឆ្នាំ២០១៥ ទារកដែលកើតនៅចិនមានកម្រិតទាបជាងនេះ គឺមាន១៦លាន៥សែន៥ម៉ឺននាក់។ អត្រាកំណើតកើនឡើង ជាលទ្ធផលនៃការបន្ធូរបន្ថយនយោបាយគ្រួសារ១កូន១របស់ចិន។ នយោបាយគ្រួសារ១កូន១ ត្រូវបានចិនដាក់ចេញឡើងនៅចុងទសវត្សឆ្នាំ១៩៧០។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារឃើញថា ប្រជាជនចិនកាន់តែច្រើនចាប់ផ្តើមចូលវ័យចាស់ រដ្ឋាភិបាលចិនបានសម្រេចបន្ធូរនយោបាយនេះទៅវិញ។
គិតពីឆ្នាំ២០១៣មក ក្នុងគ្រួសារមួយបើប្តីឬក៏ប្រពន្ធជាកូនទោល នោះគ្រួសារនោះអាចយកកូនទី២បាន។ នៅខែមករា ដើមឆ្នាំ២០១៦ គណបក្សកុំម្មុយនិស្តបានបន្ធូររហូតដល់អនុញ្ញាតឲ្យគ្រប់គ្រួសារអាចយកកូនទី២បាន។ ទោះយ៉ាងនេះក្តី ការស៊ើបអង្កេតមួយបង្ហាញថា ពលរដ្ឋចិនប្រមាណ៥៣គ្រួសារ ដែលមានកូនទី១រួចហើយ មិនចង់មានកូនទី២ទៀតទេ។ មូលហេតុដោយសារតែការស្នាក់នៅ ហូបចុក ការព្យាបាលសុខភាពសម្រាប់ការរស់នៅប្រចាំថ្ងៃ ត្រូវការចាយវាយថវិកាច្រើនពេក៕
ប្រែសម្រួល៖ ម៉ែវ សាធី