សហព័ន្ធកីឡាទោចក្រយានកម្ពុជាបញ្ចប់អាណត្តិចាស់និងបន្តអាណត្តិថ្មីឆ្នាំ២០១៧-២០២១

ចែករំលែក៖

ភ្នំពេញ៖ សហព័ន្ធកីឡាទោចក្រយានកម្ពុជាបានរៀបចំសន្និបាតបញ្ចប់អាណត្តិចាស់ និងបន្តអាណត្តិថ្មីពីឆ្នាំ២០១៧រហូតដល់ឆ្នាំ២០២១កាលពីព្រឹកថ្ងៃទី២៦ ខែ មករា ឆ្នាំ២០១៧ នៅទីស្នាក់ការគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជាជាមួយនឹង ការកែសម្រួលសមាសភាពសមាជិកប្រតិបត្តិថ្មីៗមួយចំនួនផងដែរ ។

លោក នុត សាអាន ប្រធានសហព័ន្ធ កីឡាទោចក្រយានកម្ពុជាមានប្រសាសន៍ថា មហាសន្និបាតនៅថ្ងៃនេះគឺគ្រាន់តែមាន ការផ្លាស់ប្ដូរសមាសភាពគណៈកម្មការ ប្រតិបត្តិមួយចំនួនតែប៉ុណ្ណោះដោយការធ្វើបែបនេះ គឺដើម្បីធ្វើឲ្យវិស័យកីឡាទោចក្រយានកម្ពុជាមានការអភិវឌ្ឍបន្ថែមទៀត។លោកបន្តថា កាលពីអាណត្តិចាស់កន្លង មកសហព័ន្ធកីឡាទោចក្រយានកម្ពុជាហាក់បីដូចជាមានភាពអសកម្មបន្តិចមិនសូវដែលបានជួបប្រជុំគ្នាក្នុងការស្វែងរកដំណោះស្រាយឲ្យបានស៊ីជម្រៅនោះទេ។ ដូច្នេះ ហើយសម្រាប់អាណត្តិថ្មីនេះសហព័ន្ធនឹងធ្វើកំណែទម្រង់ឲ្យបានស៊ីជម្រៅធ្វើយ៉ាងណាឲ្យដំណើរការអភិវឌ្ឍរបស់សហព័ន្ធមានដំណើរការល្អប្រសើរឡើងវិញ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍ថា ឆ្នាំ២០១៦កន្លងទៅគឺជាឆ្នាំដែលធ្វើកំណែទម្រង់របស់សហព័ន្ធ កីឡាជាតិ។ដូច្នេះសម្រាប់ឆ្នាំ២០១៧នេះសហព័ន្ធនីមួយៗត្រូវតែកែសម្រួលនូវនីតិវិធី និងតួនាទីមន្រ្តីរបស់សហព័ន្ធស្វែងរកគុណភាព និងសមត្ថភាពពិតប្រាកដដើម្បីជួយ ដល់សហព័ន្ធឲ្យដំណើការល្អ។ ជាងនេះទៅទៀតក្រសួងអប់រំយុវជននិងកីឡាបានជំរុញសហព័ន្ធកីឡាជាតិនីមួយៗឲ្យចេះធ្វើរដ្ឋបាលកីឡាត្រូវតែមានភាពរឹងមាំចេះរៀបចំចេះគ្រប់គ្រងនិងចេះធ្វើផែនការអភិវឌ្ឍបច្ចេកទេសដោយខ្លួនឯង ព្រោះថានៅឆ្នាំ២០២៣កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ដែល ពេលនេះថវិកាក៏មានហេដ្ឋារចនាសម្ព័ន្ធក៏មានគ្រប់គ្រាន់ប៉ុន្តែគុណភាពកីឡានៅមិនទាន់ធ្វើបានល្អនៅឡើយ។ ដូច្នេះសហព័ន្ធនីមួយៗត្រូវការគុណភាពត្រូវតែមានឆន្ទៈនិងពេលវេលាគ្រប់គ្រាន់ក្នុងការពង្រឹងសមត្ថភាពកីឡាកររបស់ខ្លួន ។

អគ្គលេខាធិការរូបនេះអះអាងថា សហ ព័ន្ធកីឡាទោចក្រយានកម្ពុជាដែលមាន សមត្ថភាពគ្រប់គ្រាន់មានអ្នកចូលរួមច្រើន ប៉ុន្តែលោកជំរុញដល់សហព័ន្ធមួយនេះត្រូវតែពង្រឹង និងបណ្ដុះបណ្ដាលកីឡាករថ្នាលឲ្យបានច្រើន ព្រោះថាកីឡាករយើងមួយ ចំនួនមានវ័យចំណាស់ហើយៗត្រូវចេះមានទំនាក់ទំនងជាមួយសហព័ន្ធកីឡាអន្តរជាតិ ដើម្បីឲ្យគេមកជួយបណ្ដុះបណ្ដាលកីឡាករ របស់យើងឲ្យក្លាយជាកីឡាករដែលមាន សមត្ថភាពកម្រិតខ្ពស់ និងដើម្បីឱ្យក្លាយទៅជាកីឡាករជម្រើសជាតិនាថ្ងៃអនាគត។

សូមបញ្ជាក់ថា សម្រាប់សមាសភាព គណៈកម្មការប្រតិបត្តិអាណត្តិថ្មីនេះ គឺ លោក នុត សាអាន បន្តជាប្រធានសហព័ន្ធ ថ្មី, លោក វ៉ាន់ ថន អនុប្រធានទី១, លោក ញឹម ខេមរា អនុប្រធាន, លោក ត្រាក់ ថៃសៀង អនុប្រធាន, លោក វង្ស ខាន់ពៅ អគ្គលេខា ធិការ, លោក ព្យែរ កាទ្រី អគ្គលេខាធិការរង, កញ្ញា តៃ លីដា អគ្គហិរញ្ញឹក និងរួមទាំង សមាជិកប្រតិប្រត្តិជាច្រើនរូបទៀតសរុប ចំនួន១៥រូប៕ សារីម

...

sarim (2) sarim (3) sarim (4) sarim (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print